តំណាងសហគមន៍កែប្រែធម្មជាតិ នៅភូមិព្រំកុដ្ឋ ឃុំបល្ល័ង្ក ក្រុងរុនតាឯក ខេត្តសៀមរាប បានប្រមូលស្នាមមេដៃ និងដាក់លិខិតតវ៉ាទៅអាជ្ញាធរឃុំឱ្យជួយអន្តរាគមន៍ ដោយចោទថា មានបុគ្គលម្នាក់ជាសង្ឃផងនោះ បានយកដីចំនួនជាង៣ ហិកតារបស់សហគមន៍រួមរបស់ភូមិចំនួន៩ ទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងបិទផ្លូវមិនឱ្យប្រជាពលរដ្ឋចេញចូល និងធ្វើដំណើរឆ្លងកាត់។
សមាជិកសហគមន៍កែប្រែធម្មជាតិ នៅភូមិព្រុំកុដ្ឋ លោក អុល សាមីន ប្រាប់ប្រជាកាសែតឱ្យដឹងថា សហគមន៍កែប្រែធម្មជាតិត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧ ដោយប្រជាពលរដ្ឋនៅឃុំបល្ល័ង្ក ដែលមានទំហំដី៣ ហិកតាកន្លះ ក្នុងគោលបំណងបង្កើតជាសហគមន៍តម្បាញ និងដាំបន្លែកសិកម្មសម្រាប់រកចំណូលបន្ថែមដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។
ប្រភពដដែលបន្ថែមថា ៖«ក្រោយពេលសហគមន៍មានការរីកចម្រើន ក៏មានអង្គការឈ្មោះធនធានធម្មជាតិ ចូលមកផ្ដល់មូលនិធិជាថវិកា គាំពាដល់សហគមន៍ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមានរបងសាលារៀនកុមារជាដើម។ ប៉ុន្តែក្រោយពីអង្គការនេះផុតគម្រោង ក៏មានអង្គការមួយទៀតចូលមកបន្តជួយគាំពារសហគមន៍។ ក្រោយមកអង្គការនេះក៏ផុតគម្រោង និងអស់ថវិកាទ្រទ្រង់សហគមន៍ នៅឆ្នាំ២០១៧ ហើយបែរជាប្រធានរបស់អង្គការចាស់បានឱ្យបងប្អូនរបស់ខ្លួនមករស់នៅក្នុងសហគមន៍ក្រោមហេតុផលការពារទ្រព្យសម្បត្តិសហគមន៍ ។ តាំងពីពេលនោះមក បងប្អូនរបស់ប្រធានអង្គការចាស់នោះ ក៏បានស្នើសុំកាន់កាប់ដីសហគមន៍ពីអាជ្ញាធរឃុំដោយមិនឱ្យប្រជាពលរដ្ឋដឹងឮទៅវិញ»។
លោកបន្តថា៖ «ដី៣ហិកតាកន្លះនេះយើងបង្កើតជាសហគមន៍តម្បាញ ធ្វើជាកន្លែងមណ្ឌល និងកន្លែងដាំបន្លែរួម។ ស្រាប់តែដល់គម្រោងដាច់ទៅគេប្រគល់ឱ្យអាជ្ញាធរវិញទៅ ហើយប្រធានអង្គការចាស់នោះ បងប្អូនគាត់ទៅនៅពីរគ្រួសារ។ បិទទាំងផ្លូវមិនឱ្យប្រជាពលរដ្ឋដើរទៀត។ […] យើងបង្កើតមកមានសហគមន៍ដាំបន្លែដាំអីអីចឹងណា បង្កើតទីផ្សារបរាជ័យទៅ ក៏អង្គការដាច់ទៅក៏អស់ជំនួយទៅក៏អស់ឆ្នាំហើយ គេផ្ទេរមកអង្គការមួយទៀត ហើយដាច់ជំនួយដែរក៏គេផ្ទេរមកសាលាឃុំ»។
លោកបន្ថែមថា៖ «របងសហគន៍នេះពីដើមឡើយម្ចាស់ជំនួយស្វីស ហូឡង់ អង់គ្លេស អ្នកធ្វើ ដល់ពួកគេទៅវិញទៅគេបិទ។ គេបិទថ្មីៗខែមុននេះឯងមិនឱ្យចេញចូល។ យើងបានប្ដឹងទៅឃុំ ប្ដឹងទៅសាលាក្រុង ក្រុងថាចុះមកម្សិលមិញអត់ឃើញ ក៏ឮមេឃុំថាគេមកដោះស្រាយឱ្យតែយូរ។ ឥឡូវការដឹកជញ្ជូនអីតាមផ្លូវបិទជិតអស់»។
លោកថា ប្រជាពលរដ្ឋព្រួយបារម្ភថាទៅថ្ងៃអនាគតនឹងបាត់បង់សហគមន៍នេះសម្រាប់កូនចៅជំនាន់ក្រោយ។ លោកបន្តថានៅឆ្នាំ២០២៥ ផ្លូវសហគមន៍នេះត្រូវបានបិទម្ដងរួចមកហើយ តែក្រោយប្រជាពលរដ្ឋតវ៉ា ក៏ត្រូវបានបើកឡើងវិញ។ ក្រោយពីមានការបិទសាជាថ្មី លោកថាប្រជាពលរដ្ឋតំណាងបានប្រមូលស្នាមមេដៃចំនួន៤០០ ដាក់ទៅសាលាឃុំ ដើម្បីស្នើសុំទាមទារដីសហគមន៍ និងបើកផ្លូវធ្វើដំណើរឡើងវិញ។
លោកថា៖ «ចង់ឱ្យជួយដោះស្រាយ ដើម្បីឱ្យបានផ្លូវឡើងវិញ។ ទី១ចង់បានផ្លូវសិន ព្រោះផ្លូវហ្នឹងចេញចូលសហគមន៍ព្រោះផ្ទះនៅក្បែរហ្នុងចេញចូលអត់កើត។ ប្រធានអង្គការឱ្យបងប្អូនពីរនាក់ចូលមកនៅក្នុងដីសហគមន៍ ហើយប្រជាពលរដ្ឋនៅក្នុងសហគមន៍អត់ពេញចិត្តទេ។ សហគមន៍មាន៨ ភូមិចូលរួមបង្កើតមាន៣ជំនាន់មកហើយ»។
ចំណែក អ្នកចូលរួមក្នុងការបង្កើតសហគមន៍ លោក ម៉ឺន មាន ថ្លែងថា ប្រជាពលរដ្ឋបានស្នើសុំការអន្តរាគមន៍ដោះស្រាយទំនាស់ដីធ្លីសហគមន៍ តែមិនទាន់មានការអន្តរាគមន៍ពីអាជ្ញាធរនៅឡើយ។ ប្រជាពលរដ្ឋរង់ចាំការដោះស្រាយ ព្រោះមិនមានផ្លូវធ្វើដំណើរ តែអាជ្ញាធរឃុំឱ្យរង់ចាំការឆ្លើយតបពីអាជ្ញាធរក្រុងសិន។
លោកថា៖ «ទៅឃុំនោះច្រើនលើកហើយ ទៅពីឆ្នាំមុននោះម្ដងមកហើយ។ តែថ្មីៗនេះបានដាក់ពាក្យបណ្ដឹងទេ។ […] គាត់ [អាជ្ញាធរឃុំ] ថាចាំមើលខាងក្រុងគេមកដោះស្រាយ តែថាខាងក្រុងរវល់អីទៅក៏យូរទៅៗ ហើយគេបិទផ្លូវដើរចឹងណាលោកគ្រូ»។
ឆ្លើយតបនឹងចំពោះបញ្ហានេះ អ្នកកាន់កាប់ដីសហគមន៍ ដែលប្រជាពលរដ្ឋចោទប្រកាន់គឺព្រះតេជព្រះគុណ មាន សាម៉េត។ ព្រះអង្គមានថេរដីកា អះអាងថា ដីចំនួន៣ ហិកតាកន្លះនោះជាកម្មសិទ្ធិស្របច្បាប់របស់ព្រះអង្គ ដែលមានការទទួលស្គាល់ និងបោះត្រាពីអាជ្ញាធរ។ ព្រះតេជគុណ មានថេរដីកាថា ប្រជាពលរដ្ឋមិនមានការយល់ដឹងផ្នែកច្បាប់ ទើបស្នើអាជ្ញាធរជួយដោះស្រាយ។
ព្រះតេជព្រះគុណ មាន សាម៉េត មានថេរដីកាថា៖ «ដីបង់ពន្ធប្រថាប់ត្រាត្រឹមត្រូវ ដីលោកបងទិញដីឯកជនតើ មានអ្នកលក់អ្នកទិញត្រឹមត្រូវតើ ប៉ុន្តែរយៈកាលកន្លងមកយើងដាក់ចង់អភិវឌ្ឍប៉ុន្តែធ្វើទៅមិនរួចដាក់ចានបាត់ចាន ដាក់ឆ្នាំងបាត់ឆ្នាំង ដាក់អីបាត់នោះចឹងណា។ អីចឹងទៅក៏មេឃុំចាស់ និងមេភូមិ និងចៅហ្វាយស្រុកឱ្យរៀបចំដីនោះចុះបញ្ជីទៅ»។
(ទីតាំងដីធ្លីដែលមានទំនាស់នៅជិតមណ្ឌលសុខភាពបាល្ល័ងក្រុងរុនតាឯកខេត្តសៀមរាប។រូបភាពផ្ដល់ឱ្យ)។
ព្រះតេជព្រះគុណ មានថេរដីកាបន្ថែមថា៖ «អាត្មាមានច្បាប់ត្រឹមត្រូវ គេចុចឱ្យអ្នកផ្សេងគប់គិតគ្នាជាប្រព័ន្ធ។ អាត្មាបានដាក់បណ្ដឹងជំទាស់គណកម្មការដីធ្លីប្ដឹងមកសុរិយោដីខេត្ត។ ដាក់បណ្ដឹងអស់ហើយចាំមើលធ្វើម៉េចទៀត»។
មេឃុំបល្ល័ង្ក អ្នកស្រី ឡែម ណាត បញ្ជាក់ប្រាប់ប្រជាកាសែតាថា អាជ្ញាធរឃុំបានទទួលលិខិតបណ្ដឹងមានស្នាមមេដៃប្រជាពលរដ្ឋ ស្នើសុំការអន្តរាគមន៍ឱ្យមានដំណោះស្រាយ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។ អ្នកស្រីថា ខាងឃុំបានបញ្ជូនពាក្យបណ្ដឹងទៅសាលាក្រុងរួចរាល់ ដោយរង់ចាំតែការចុះដោះស្រាយ តែមិនទាន់ដឹងពីកាលបរិច្ឆេទជាក់លាក់នៅឡើយ។ អ្នកស្រីបន្ថែមថា ដីសហគមន៍នៅភូមិចំនួន៩ នៅឃុំបល្ល័ង្ក កំពុងត្រូវបានអាជ្ញាធរដែនដីចុះវាស់វែងជាប្រព័ន្ធ។
អ្នកស្រីថា៖ «ខ្ញុំរាយការណ៍ជូនលោកអភិបាលក្រុងហើយ គាត់នៅចុះមកពិនិត្យ តែគាត់រវល់មិនដឹងចុះមកថ្ងៃស្អែក ឬខានស្អែក។ លោកបង មាន សាម៉េត គាត់បិទរបងមិនឱ្យប្រជាពលរដ្ឋឆ្លងកាត់ ហើយឥឡូវប្រជាពលរដ្ឋដើរកាត់វាលស្រែទេ ដល់ពេលខែវស្សា ប្រជាពលរដ្ឋព្រោះស្រូវទៅវាអត់មានផ្លូវដើរ។ ខ្ញុំបានតេតាមទូរស័ព្ទដែរ តែតេទៅលោកថាអត់បើកទេ ហើយដល់ចឹងខ្ញុំបានរាយការណ៍ទៅលោកអភិបាលក្រុងហើយថាប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹង»។
អ្នកស្រីបន្ថែមថា៖ «លោកបានយកដីចុះបញ្ជី ដោយសារកាលនៅមានគម្រោងនៅសហគមន៍ដាក់ឈ្មោះលោក។ តែអត់ទាន់បានចុះបញ្ជីឱ្យទេ ដោយសារមានពាក្យបណ្ដឹងប្រជាពលរដ្ឋទៅមិនអាចចុះបញ្ជីបានទេ»។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា ទំនាស់ដីធ្លីនេះកើតឡើងដោយភាពមិនច្បាស់លាស់ថាជាដីសហគមន៍ ឬជាដីឯកជន ដែលតម្រូវឱ្យមានការត្រួតពិនិត្យឱ្យបានច្បាស់លាស់ពីអាជ្ញាធរពាក់ព័ន្ធ។
លោកថា៖ «ខ្ញុំមើលឃើញថាមិនមានភាពច្បាស់លាស់នៃការគ្រប់គ្រងដីធ្លីហ្នឹង ហើយធ្វើឱ្យចែកមិនដាច់ជាមួយនឹងដីសហគមន៍ និងដីបុគ្គលឯកជន។ អីចឹងរឿងហ្នឹង មានតែអាជ្ញាធរដែលពាក់ព័ន្ធសិក្សាស្រាវជ្រាវ ហើយកំណត់អត្តសញ្ញាណដីហ្នឹង ឱ្យបានច្បាស់លាស់ថាដីសហគមន៍ ឬដីបុគ្គល ព្រោះដីសហគមន៍មិនអាចចុះបញ្ជីជាលក្ខណៈបុគ្គលបានទេ»។
លោកបន្ថែមថា៖ « អីចឹងអាជ្ញាធរដែលពាក់ព័ន្ធគួរតែស្រាវជ្រាវ ស៊ើបអង្កេតរកដំណោះស្រាយឱ្យបានឆាប់ដើម្បីកុំឱ្យរឿងរ៉ាងទាំងអស់នេះវាអូសបន្លាយទៅ អាចឈានដល់បញ្ហាមួយទៀត អាចឈានដល់ការតវ៉ា ការទាមទារ មានអំពើហិង្សា ឬការប្ដឹងផ្ដល់អីកើតឡើងនៅតុលាការបន្តទៅទៀត»៕







