សកម្មជនសង្គមកញ្ញាខែម ស្រីមុំ ត្រូវតុលាការសម្រេចយុំខ្លួនដោយចោទពីបទញុះញង់និងប្រមាថ

សិទ្ធិមនុស្ស

(កញ្ញាខែមស្រីមុំ ថតរូបមុខផ្នូរលោកបណ្ឌិតកែមឡី។ រូបភាពហ្វេសប៊ុក)។

សកម្មជនសង្គមកញ្ញា ហ៊ីម មុំ ហៅខែម ស្រីមុំ ត្រូវបានតុលាសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែម២ ព្រៃសរ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ក្រោម​បទចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងប្រមាថ» ពាក់ព័ន្ធនឹងការបង្ហោះលើបណ្ដាញហ្វេសប៊ុករបស់កញ្ញា។នេះបើតាម អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក ប៉េង ម៉េងគ័ង។

គួរបញ្ជាក់ផងដែរថា កញ្ញា ហ៊ីម មុំ (ខែម ស្រីមុំ) ត្រូវបាន អាជ្ញាធរចាប់ខ្លួននៅបន្ទប់ជួលរបស់កញ្ញា បន្ទប់ជួលមួយក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។ 

សកម្មជន កញ្ញា ហ៊ីម មុំ (ខែម ស្រីមុំ) តែងតែចែករំលែកវីដេអូ និងព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងបញ្ហាសង្គម តាមបណ្ដាញសង្គមហ្វេសប៊ុករបស់កញ្ញា ដោយភាគច្រើនមានភ្ជាប់រូបភាពរបស់ខ្លួន ក្នុងវីដេអូ និងក្នុងខ្លឹមសារវីដេអូទាំងនោះ។កញ្ញាជាសកម្មជនដែលឈឺឆ្អាលនឹងបញ្ហាសង្គមនិងនយោបាយ ហើយក៏ធ្លាប់ចូលរួមធ្វើដាក់ញត្តិទាមទារឱ្យសមាគមនអន្តរជាតិអន្តរាគមន៍ចំពោះករណីដែលទាហានថៃឈ្លានពាននិងទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជាទៀតផង។

ជុំវិញករណីនេះ មន្ត្រីអង្កេតជាន់ខ្ពស់ នៃសមាគមសិទ្ធិមនុស្ស អាដហុក លោក យី សុខសាន្ត ប្រាប់ប្រជាកាសែតឱ្យដឹងថា តាមការបញ្ជាក់ពីសមត្ថកិច្ចកញ្ញាហែម ស្រីមុំ ពិតជាត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នពិតមែន។ តែយ៉ាងណា លោកថាសម្រាប់បទចោទមិនត្រូវបានបញ្ជាក់ថាចោទប្រកាន់ពីបទញុះញង់ និងប្រមាថ លើហេតុផលអ្វីឡើយ។ លោកសុខសាន្ត សង្កេតឃើញថា ការចាប់ខ្លួនសកម្មជននៅកម្ពុជាតែងតែធ្វើដោយស្ងៀមស្ងាត់ និងក្នុងទម្រង់បំភិតបំភ័យ ដែលលោកថាការណ៍នេះបង្ហាញឱ្យឃើញថាកម្ពុជាមិនទាន់ក្លាយជាប្រទេសគោរពសិទ្ធមនុស្សពេញលេញនៅឡើយ។

លោកថា៖ «យើងដែលចង់ឱ្យប្រទេសកម្ពុជាមាននីតិរដ្ឋ ជាប្រទេសដែលគោរពច្បាប់ តែអ្វីដែលយើងកត់សម្គាល់ រដ្ឋាភិបាលក៏ដូចជាសមត្ថកិច្ចតុលាការគឺថា ហាក់ដូចជាលាក់លៀម ។ ចាប់មិនបានផ្ដល់អត្តសញ្ញាណច្បាស់លាស់ថាតើមូលហេតុអី ហើយកន្លងមកយើងឃើញចាប់ទៅមិនឱ្យគ្រួសារដឹង បំភិតបំភៃ ជាហេតុផលមួយដែលអង្គការអាដហុកយល់ថានីតិរដ្ឋនៅមានកម្រិត»។

លោកបន្ថែមថា៖ «យើងស្នើសុំ និងទទូចថាមិនចាំបាច់លាក់បាំងទេ អ្នកណាក៏ដឹងដែរ មុននិងក្រោយអ្នកណាក៏គេដឹងដែរ។ ចង់ចាប់ខ្លួនគេត្រូវបង្ហាញមក ចោទពីបទអីបង្ហាញដីការ បង្ហាញអីមក។ បើសិនជាយើងចាប់មនុស្សហើយរកភស្តុតាងក្រោយអ្នកណាមិនខុសក៏មានកំហុសដែរពីព្រោះយើងយកមកដល់កន្លែងហើយហ្នឹង»។ 

លោកបន្តថា អង្គការអាដហុក នឹងបន្តតាមដានករណីចាប់ខ្លួនកញ្ញាហ៊ីម មុំ (ខែម ស្រីមុំ) និងពិចារណាផ្ដល់មេធាវីការពារក្ដីក្នុងក្រុមគ្រួសារត្រូវការជំនួយពីសមាគមរបស់លោក៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2730}" data-page="1" data-max-pages="1" data-start="1" data-end="1">