នៅល្ងាចថ្ងៃសុក្រទី១៣ខែកុម្ភៈឆ្នាំ២០២៦ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានសម្រេចដោះលែងអ្នកកាសែត២នាក់ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនអ្នកកាសែតទាំងពីររូបនោះអស់រយៈពេល២ថ្ងៃមុនបញ្ចូនដល់ដៃតុលាការ។
អ្នកកាសែតចំនួន២រូប ដែលមានឈ្មោះព្រំ សុផៃ ចាងហា្វងកាសែតពេញចិត្តមេឌា និងលោក ស៊ាង ប៊ុនសុង ចាងហ្វាង គេហទំព័រសាន់ដេ ត្រូវបានសារព័ត៌មានជាច្រើនក្នុងបណ្ដាញសង្គមរាយការណ៍ថា សមត្ថកិច្ចខេត្តតាកែវ បានចាប់ខ្លួន កាលពីថ្ងៃទី១២ ខែកុម្ភៈ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តតាកែវលោក លឹម ហ៊ន ថ្លែងថា តំណាងអយ្យការបានសម្រេចដោះលែងអ្នកកាសែតទាំងពីររូបនោះ ឱ្យមានសេរីភាពឡើងវិញ ប៉ុន្តែសំណុំរឿងនេះស្ថិតក្នុងការស៊ើបអង្កេតបន្ត។
បើតាមលោក ហ៊ន នគរបាលបានបញ្ជូនអ្នកកាសែតទាំងពីរមកកាន់អយ្យការអមសាលាដំបូងខេត្ត នៅរសៀលថ្ងៃសុក្រ ខណៈការសម្រេចដោះលែង ដោយសារអ្នកទាំងពីរបានទទួលស្គាល់កំហុសរបស់ខ្លួន។
លោក បញ្ជាក់ថា៖ «ក្រោយពីបានសួរចម្លើយចប់សព្វគ្រប់ អយ្យការអមសាលាដំបូងខេត្តតាកែវសម្រេចមិនឃុំខ្លួន ដោយដោះលែងឱ្យមានសេរីភាពវិញ ក្រោយអ្នកកាសែតទាំងពីរបានទទួលស្គាល់កំហុសរបស់ខ្លួន។ […] សំណុំរឿងនេះស្ថិតក្នុងការស៊ើបអង្កេតបន្ត»។
ក្រោយការដោះលែង លោក ស៊ាង ប៊ុនសុង ចាងហ្វាង គេហទំព័រសាន់ដេ បានបង្ហោះវីដេអូលើទំព័រហ្វេសប៊ុកព័ត៌មានរបស់ខ្លួននៅល្ងាចនេះ ដោយសូមទោសនិងសុំការអធ្យាស្រ័យពី លោកអធិការស្រុកបាទី និងលោកអភិបាលស្រុកបាទី ដែលគាត់បានផ្សាយព័ត៌មានកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលបានប៉ះពាល់ដល់កិតិ្តយសអ្នកទាំងពីរ ដោយសារការភាន់ច្រឡំ។
ចំណែកអភិបាលខេត្តតាកែវលោក វី សំណាង មានប្រសាសន៍ថា រដ្ឋបាលខេត្តបានចេញសេចក្ដីប្រកាសព័ត៌មានរួចហើយ ជុំវិញករណីចាប់ខ្លួនអ្នកកាសែតពីរនាក់នេះ។
លោក និយាយថា៖ «ខ្ញុំបានចេញសេចក្ដីប្រកាសព័ត៌មានហើយមើលតាមហ្នឹងទៅ។ […] ខ្ញុំចេញសេចក្ដីប្រកាសព័ត៌មានទាក់ទងការបិទកន្លែងហ្នឹង ហើយបងប្អូនយើងចេះតែចុះថាអាហ្នឹង មានកន្លែងស្កេម (Online Scam) ម៉េច អត់មានទេ បិទយូរហើយ»។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តតាកែវ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឱ្យដឹងថា ទីតាំងអគាររបស់ក្រុមហ៊ុន សុភមិត្តរ៉េស៊ីដិន ដែលមានទីតាំងនៅភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ត្រូវបានអាជ្ញាធរសម្រេចបិទតាំងពីខែកក្កដា ឆ្នាំ២០២៥ ខណៈបច្ចុប្បន្នទីតាំងនេះ ត្រូវបានក្រសួងមហាផ្ទៃទុកប្រើប្រាស់ជាអគារសម្រាប់ឃុំខ្លួនជនបរទេសបណ្ដោះអាសន្នដើម្បីត្រៀមបណ្ដេញចេញពីកម្ពុជា។
យ៉ាងណា លិខិតរបស់រដ្ឋបាលខេត្តតាកែវនេះ មិនបានបញ្ជាក់ពីមូលហេតុនៃការចាប់ខ្លួនអ្នកកាសែតទាំងពីរនាក់នោះទេ។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ មានប្រសាសន៍ថា ក្រសួងព័ត៌មានកំពុងប្រមូលព័ត៌មានពាក់ព័ន្ធអ្នកកាសែតទាំងពីរនាក់ ថាតើជាកំហុសវិជ្ជាជីវៈ ឬយ៉ាងដូចម្ដេច។
លោក និយាយថា៖ «ដោយក្រសួងបានទទួលព័ត៌មានបថម មកថាសមត្ថកិច្ចត្រូវបន្តសាកសួរ ជុំវិញការផ្សាយព័ត៌មានមិនពិត ហើយដែលចំពោះករណីនេះ ក្រសួងកំពុងព្យាយាមស្វែងរកការសហការដើម្បីទទួលព័ត៌មាន និងស្វែងយល់ឱ្យបានច្បាស់ តើជាការជាប់ពាក់ព័ន្ធនឹងរឿងអ្វី ហើយតើជាកំហុសវិជ្ជាជីវៈ ឬការធ្វើខុសផ្សេងទៀត ឬយ៉ាងណា»។
ចំណែកនាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាលោក ណុប វី មានប្រសាសន៍ថា អ្នកសារព័ត៌មានបានធ្វើការបម្រើដល់សង្គមនិងប្រយោជន៍សាធារណៈ ដែលអាជ្ញាធរពាក់ព័ន្ធគួរធ្វើការថ្លឹងថ្លែងចំពោះកំហុសឆ្គងដោយឆកល្វែងណាមួយ ជាជាងការចាប់ខ្លួន ដោយជំនួសមកវិញ ជាការស្នើឱ្យបំភ្លឺ ឬបកស្រាយពីអ្នកកាសែតនោះ។
លោក និយាយថា៖ «ចឹងហើយនៅក្នុងករណីនេះ សមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធគួរតែមានការពិចារណា ហើយរឿងការអនុវត្តការងាររបស់អ្នកសារព័ត៌មាន យើងគួរតែប្រើប្រាស់ច្បាប់ស្ដីពីរបរសារព័ត៌មាន។ បើមានការខុសឆ្គង ឆកល្វែងនៅក្នុងប្រការណាមួយ យើងគួរតែមានការស្នើសុំទាមទារឱ្យមានការបកស្រាយពីអ្នកសារព័ត៌មាន ឬមួយក៏ការស្រាយបំភ្លឺ៕







