អង្គការសង្គមស៊ីវិល គ្រោងប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកនាឆ្នាំនេះ ដើម្បីជំរុញឱ្យមានការយកចិត្តទុកដាក់ និងការធានាដល់សេរីភាពសារព័ត៌មាននៅកម្ពុជា ។ពួកគេចង់ឱ្យភាគីពាក់ព័ន្ធធានាឱ្យអ្នកកាសែតអាចបំពេញការងារតាមវិជ្ជាជីវៈដោយគ្មានក្ដីបារម្ភ។
ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៦ ក្រុមអង្គការសង្គមស៊ីវិល រួមគ្នាក្នុងការរៀបចំទិវានេះឡើង ក្រោមប្រធានបទ «ការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយសេរី និងមានទំនួលខុសត្រូវដើម្បីសន្តិភាព និងការអភិវឌ្ឍ» ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាថ្ងៃទី៣០ខែមេសា។ ពួកគេរំពឹងថា អ្នកចូលរួមប្រមាណ១០០នាក់ រួមមានតំណាងរដ្ឋាភិបាល ស្ថានទូត មន្រ្តីសង្គមស៊ីវិល និងអ្នកសារព័ត៌មានជាដើម។
កិច្ចពិភាក្សាក្នុងកម្មវិធីនេះ នឹងផ្តោតលើច្បាប់ បទប្បញ្ញតិ្តពាក់ព័ន្ធនឹងសារព័ត៌មាន ការរាយការណ៍ក្នុងកាលៈទេសៈលំបាក និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មតក្នុងវិស័យសារព័ត៌មាន។ អង្គការសង្គមស៊ីវិល ក៏នឹងចេញសេចក្ដីថ្លែងការណ៍រួមគ្នា អំពីការប្ដេជ្ញាចិត្ត និងទំនួលខុសត្រូវក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មាន វិជ្ជាជីវៈ និងសុចរិតភាពនៃសារព័ត៌មាននៅកម្ពុជា។ នេះបើតាមលោក ប្រាក់ ចន្ធុល នាយកប្រតិបត្តិសារព័ត៌មានគិរីផូស។
ចំណែកនាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី មានប្រសាសន៍ថា ក្រុមសង្គមស៊ីវិល ជំរុញឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតពីភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាល ជុំវិញការធានាដល់សេរីភាពរបស់អ្នកសារព័ត៌មានក្នុងការបំពេញការងាររបស់ខ្លួន។
លោក និយាយថា៖ «ជានិច្ចជាការយើងលើកការពិភាក្សាដោយសារវាជាប្រធានបទមួយដែលសំខាន់ ហើយយើងចង់ឱ្យមានការយកចិត្តទុកដាក់ឱ្យបានកាន់តែខ្លាំងថែមទៀត ពីសា ធារណជនទូទៅ ពីភាគីពាក់ព័ន្ធ ជាពិសេសការយកចិត្តទុកដាក់ពីរដ្ឋាភិបាលដើម្បីពិនិត្យមើលថាតើយើងត្រូវធ្វើកិច្ចការងារអ្វីបន្ថែមទៀត ដើម្បីធានាអំពីសេរីភាពព័ត៌មាន ។ ជាពិសេសសារព័ត៌មានដែលមានសមត្ថភាព មានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការបំពេញតួនាទីការពារប្រយោជន៍សាធារណៈ»។
នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យលោកស្រី ឆន សុគន្ធា ថ្លែងថា ប្រធានបទក្នុងឆ្នាំនេះ ក៏ត្រូវបានលើកយកមកក្នុងគោលបំណងលើកកម្ពស់សារព័ត៌មានឯករាជ្យ ដែរដើរតួនាទីជាអ្នកឆ្លុះបញ្ចាំងអំពីសំឡេងចម្រុះ ជាពិសេសពាំនាំបញ្ហារបស់ពលរដ្ឋឱ្យមហាជនបានដឹងដែលជាផ្នែកមួយនៃគ្រឹះក្នុងការអភិវឌ្ឍសង្គម។
យ៉ាងណាក៏ដោយ លោកស្រី យល់ថា ការទម្លាក់ពិន្ទុកម្ពុជារបស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន មកត្រឹម២៨.១៨ កាលពីឆ្នាំ២០២៥ ដោយធ្លាក់ចុះពី ៣៤.២៨ ក្នុងឆ្នាំ២០២៤ បានឆ្លុះបញ្ចាំងថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា កាលពីឆ្នាំមុនស្ថិតក្នុងស្ថានភាពគួរឱ្យបារម្ភ។
ផ្ទុយពីការលើកឡើងរបស់លោកស្រី សុគន្ធា ប្រធានក្លឹបអ្នកកាសែតកម្ពុជាលោក ពុយ គា យល់ថា ស្ថានភាពទូទៅនៃសេរីភាពសារព័ត៌មាននៅកម្ពុជា មិនមានបញ្ហាអ្វីជាដុំកំភួននោះទេ ប៉ុន្តែលោកបារម្ភចំពោះការកើនឡើងនៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មតដែលអាចនាំឱ្យអ្នកកាសែតប្រឈមការបាត់បង់ការងារ។
លោក និយាយថា៖ «នេះសុទ្ធតែជាកត្តាមួយដែលប្រឈមដល់អ្នកសារព័ត៌មានអាជីពហើយ ដែលការងារអាចនឹងបាត់បង់។ នេះជាក្ដីបារម្ភជារួម»។
ចំណែកអ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ មានប្រសាសន៍យ៉ាងខ្លីប្រាប់ប្រជាកាសែតថា ក្រសួងព័ត៌មាននឹងចាត់តំណាងឱ្យចូលរួមកម្មវិធីដែលរៀបចំដោយអង្គការសង្គមស៊ីវិលនេះ ខណៈក្រសួងក៏នឹងរៀបចំកម្មវិធីដើម្បីប្រារព្ធទិវាសេរីភាពសារព័ត៌មាននេះផងដែរ។
យ៉ាងណាក៏ដោយ យោងតាមការស្ទង់មតិរបស់ក្រសួងព័ត៌មាន បង្ហាញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ២០២៥ មានភាពល្អប្រសើរ ។ ប្រភពដដែលបន្ថែមថា ផ្អែកលើចម្លើយស្ទង់មតិ៨១,៤ភាគរយនៃអ្នកសារព័ត៌មានចំនួន៤៦៧នាក់ ខណៈ៧២,២ភាគរយ បានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានស្ថានភាពល្អ ដោយឡែកក្នុងនោះ ៩,២ភាគរយ ឆ្លើយថា សេរីភាពសារព័ត៌មាន មានស្ថានភាពល្អបំផុត។
នៅឆ្នាំ២០២៦នេះ នាឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោកដែលប្រារព្ធរៀងរាល់ថ្ងៃទី០៣ ខែឧសភា អង្គការសហប្រជាជាតិ លើកឡើងថា ការប្រារព្ធទិវានេះជាការផ្តល់នូវពេលវេលាដ៏សំខាន់មួយ ដើម្បីបញ្ជាក់ជាថ្មីអំពីសេរីភាពនៃការបញ្ចេញមតិ និងដើម្បីតម្រង់វិស័យសារព័ត៌មាន បច្ចេកវិទ្យា (រួមទាំងបញ្ញាសិប្បនិម្មិត) និងអ្នកធ្វើសកម្មភាពសិទ្ធិមនុស្ស ជុំវិញវិធីជាក់ស្តែង ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីព័ត៌មានសម្រាប់អនាគត។
រីឯនាយកប្រតិបត្តិសារព័ត៌មាន គិរីផូស លោក ប្រាក់ ចន្ធុល ថ្លែងថា នៅកម្ពុជា សេរីភាពសារព័ត៌មាននៅតែមានការជជែកវែកញែករវាងអង្គការសង្គមស៊ីវិល និងរដ្ឋាភិបាល ដោយអះអាងផ្ទុយគ្នាជុំវិញលម្ហសម្រាប់អ្នកកាសែតក្នុងការអនុវត្តការងារ។
លោកចន្ធុលថា ៖«ទិវាសេរីភាពសារព័ត៌មានពិភពលោក ដែលប្រារព្ធរៀងរាល់ឆ្នាំនៅថ្ងៃទី ៣ ខែឧសភា បញ្ជាក់ឡើងវិញពីសារៈសំខាន់នៃសារព័ត៌មានសេរី ឯករាជ្យ និងពហុសំឡេង ក្នុងការគាំទ្រសិទ្ធិមនុស្ស អភិបាលកិច្ចល្អ ការអភិវឌ្ឍប្រកបដោយចីរភាព និងសន្តិភាព»៕







