វៀតណាមចាប់ខ្លួនសកម្មជនស្ត្រីខ្មែរក្រោម ធ្វើឱ្យកូនប្រុសដង្ហោយរកយុត្តិធម៌។ កូនប្រុសរបស់អ្នកស្រី ចូវ ធី ធៀន (Châu Thị Thiện) សកម្មជនខ្មែរកម្ពុជាក្រោម ស្នើសុំអន្តរាគមន៍ឱ្យអាជ្ញាធរប្រទេសវៀតណាមដោះលែងម្ដាយគាត់ពីពន្ធនាគារវិញ ព្រោះគាត់យល់ថាការចាប់ខ្លួននេះជារឿងអយុត្តិធម៌។
ការស្នើសុំនេះធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចប្រទេសវៀតណាមបានចាប់ខ្លួនសកម្មជនខ្មែរកម្ពុជាក្រោម អ្នកស្រី ចូវ ធី ធៀន (Châu Thị Thiện) វ័យ ៧២ ឆ្នាំ កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៦។
ថ្លែងប្រាប់ប្រជាកាសែត លោក ចូវ យាវ ដែលជាកូនប្រុសរបស់អ្នកស្រី ចូវ ធីធៀន យល់ថា ការដែលសមត្ថកិច្ចចាប់ខ្លួនម្ដាយគាត់ដាក់ពន្ធនាគារជារឿងអយុត្តិធម៌ ព្រោះម្ដាយលោកមិនបានប្រព្រឹត្តខុសនោះទេ។ លោកប្រាប់ថា អាជ្ញាធរប្រទេសវៀតណាមមិនអនុញ្ញាតឱ្យលោកជួជួបម្ដាយលោកទេបន្ទាប់ពីការចាប់ខ្លួន ការណ៍នេះធ្វើឱ្យលោកបារម្ភពីការធ្វើទុក្ខបុកម្នេញផ្សេងៗពីសំណាក់អាជ្ញាធរ។
លោកមានប្រសាសន៍ថា៖ «យល់ឃើញថាអយុត្តិធម៌ ម្ដាយខ្ញុំគាត់គ្មានកំហុសអីទាំងអស់ មកចាប់យកទៅដាក់ឃុំខ្លួនគាត់អ៊ីចឹងឃើញអយុត្តិធម៌[…] សុំស្នើឱ្យម្ដាយខ្ញុំមានសុខភាពល្អ កុំធ្វើបាបធ្វើទុក្ខបុកម្នេញគាត់អី ហើយសូមនគរបាលយួនជួយដោះលែងគាត់ឱ្យបានពេញលេញមកវិញ»។
តាមរយៈគេហទំព័រសហព័ន្ធខ្មែរកម្ពុជាក្រោម ចុះផ្សាយនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ បានដកស្រង់សេចក្តីជូនដំណឹងរបស់ទីភ្នាក់ងារស៊ើបអង្កេតសន្តិសុខនៃប៉ូលីសក្រុង Can Tho ថា សមត្ថកិច្ចប្រទេសវៀតណាមបានចាប់ខ្លួនសកម្មជនកម្ពុជាក្រោម អ្នកស្រី ចូវ ធី ធៀន (Châu Thị Thiện) និងឃុំខ្លួនគាត់បណ្ដោះអាសន្ន តែមិនបានបញ្ជាក់ពីបទចោទឡើយ។ ក៏ប៉ុន្តែបន្ទាប់ពីអាជ្ញាធរបានឆែកឆេរផ្ទះរបស់អ្នកស្រី ចូវ ធី ធៀន រួច សមត្ថកិច្ចបានចេញកំណត់ត្រាដាច់ដោយឡែកមួយទៀត ដោយបានបញ្ជាក់ថា សកម្មជនរូបនេះត្រូវបានចោទប្រកាន់ពីបទ «រំលោភលើសេរីភាពប្រជាធិបតេយ្យ ដើម្បីរំលោភលើផលប្រយោជន៍របស់រដ្ឋ សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អង្គការ និងបុគ្គល» តាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌវៀតណាម។
ប្រធានសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ប្រាប់អ្នកកាសែតថា គិតចាប់ពីឆ្នាំ ២០២៣ ដល់ខែមិថុនា ឆ្នាំ ២០២៦ នេះ សមត្ថកិច្ចប្រទេសវៀតណាមបានចាប់ខ្លួនសកម្មជនខ្មែរកម្ពុជាក្រោមជាបន្តបន្ទាប់ចំនួន ១៣ នាក់ និងព្រះសង្ឃ ៦ អង្គ ក្នុងនោះបានដោះលែងសកម្មជន ៤ នាក់ និងព្រះសង្ឃ ៣ អង្គវិញ ដោយសារពួកគេខ្លះអនុវត្តទោសចប់ និងខ្លះទៀតត្រូវបានលើកលែងទោស។
លោកថា៖ «យើងសង្កេតឃើញទៅលើសកម្មភាពរបស់ពួកគាត់ ទាំងព្រះសង្ឃទាំងគ្រហស្ថ ដែលយើងហៅថាជាសកម្មជនក៏បាន គឺការធ្វើការរបស់ពួកគាត់គឺដោយអនុលោមទៅតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ជាពិសេសអនុលោមទៅតាមកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងអនុលោមទៅតាមសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើម[…] ផ្ទុយទៅវិញ អាជ្ញាធរវៀតណាមទេជាអ្នកបំពានទៅលើសិទ្ធិរបស់ពួកគាត់»។
ករណីនេះ លោក សឺន ជុំជួន ស្នើសុំរដ្ឋាភិបាលប្រទេសវៀតណាមអនុវត្តតាមគោលការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិឱ្យបានពេញលេញ ក្នុងនាមប្រទេសនេះជាសមាជិក ព្រមទាំងស្នើសុំឱ្យប្រទេសក្បែរខាងមួយនេះ ធ្វើវិសោធនកម្មច្បាប់ទាំងឡាយណាដែលប៉ះពាល់ដល់សិទ្ធិមនុស្ស។
លោកបន្ថែមថា៖ «ជាពិសេសច្បាប់ដែលចូលជាធរមានរបស់វៀតណាមហ្នឹង គឺមានលក្ខណៈមិនទាន់មានសុក្រឹតភាពជាមួយនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិទេ ច្បាប់ក្នុងស្រុករបស់វៀតណាម។ ដូច្នេះ វៀតណាមគួរតែពិចារណាធ្វើវិសោធនកម្មទៅលើច្បាប់ទាំងឡាយណាដែលវាប៉ះពាល់ទៅដល់គោលការណ៍សិទ្ធិមនុស្ស»។
នេះមិនមែនជាលើកទីមួយទេដែលមានការទាមទារឱ្យប្រទេសវៀតណាមគោរពសិទ្ធិមនុស្ស។ កាលពីខែកុម្ភៈ ឆ្នាំ ២០២៦ សមាគមខ្មែរកម្ពុជាក្រោមធ្លាប់បានដាក់ញត្តិទៅស្ថានទូតវៀតណាម ប្រចាំទីក្រុងភ្នំពេញ ដើម្បីទាមទារឱ្យរដ្ឋាភិបាលវៀតណាម បញ្ឈប់រាល់ការរំលោភសិទ្ធិមនុស្ស សិទ្ធិជនជាតិដើមខ្មែរក្រោម ព្រមទាំងដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោមទាំងអស់ដែលកំពុងជាប់ឃុំ៕







