សាលាដំបូងខេត្តតាកែវ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ បានប្រកាសសាលក្រមផ្ដន្ទាទោសលោក ភុន យុទ្ធ ហៅ ភាន (ហ៊ុន យុទ្ធ) ដែលជាសកម្មជននយោបាយឱ្យជាប់ពន្ធនាគារ ១ឆ្នាំ កន្លះ ក្រោមបទចោទប្រកាន់ពីបទ «មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម» និងបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»ពាក់ព័ន្ធនឹងការបញ្ចេញមតិនៅលើបណ្តាញសង្គមហ្វេសប៊ុក។ នេះបើតាមអ្នកនាំពាក្យ សាលាដំបូងខេត្តតាកែវប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៨។
អ្នកនាំពាក្យសាលាដំបូងខេត្តតាកែវ លោក ង៉ែត ដាវ៉ុធ បានប្រាប់អ្នកសារព័ត៌មានប្រជាការសែតពាក់ព័ន្ធនឹងការផ្តន្ទាទោសលោក ភុន យុទ្ធ យ៉ាងខ្លីដូច្នេះថា៖ «គាត់ផ្តន្ទាទោស ១ឆ្នាំកន្លះពីបទមិនរាលច្រាល និង ញុះញង់ »។
ភរិយារបស់លោក ភុន យុទ្ធ គឺអ្នកស្រី មុំ វិត ប្រាប់ប្រជាកាសែតថា នៅក្នុងសវនាការ តុលាកាខេត្តតាកែវបានរៀបរាប់ច្រើនពីបទចោទមកលើស្វាមីអ្នកស្រី។ អ្នកស្រីថា បទចោទរបស់តុលាកាខេត្តតាកែវ ធ្វើឱ្យប្ដីអ្នកស្រីអាចជាប់ពន្ធនាគារ ១ ឆ្នាំ កន្លះ។ អ្នកស្រីសំណូមពរឱ្យតុលាការខេត្តតាកែវ ទម្លាក់បទចោទប្រកាន់ឱ្យស្វាមីអ្នកស្រីមានសេរីភាព ព្រោះគាត់ជាជំហរក្នុងគ្រួសារ។
អ្នកស្រីថា៖ «និយាយរួមទៅមួយឆ្នាំកន្លះ វាប៉ះពាល់គ្រួសារ ណាមួយមានតែគាត់ជាបង្គោលគ្រួសារ បើអត់ពីគាត់វេទនាដែរ។ និយាយរួមទៅ វេទនាណាស់ ប៉ះពាល់កូនរៀនផង ណាមួយយើងរកស៊ី រករបរអត់បានអីចឹង។ វាខ្វះខាតច្រើនអីចឹងណា»។
អ្នកស្រីបន្ថែមថា៖ «និយាយរួមទៅចង់ស្នើឱ្យថយ វាចុះទោសក្រោមឆ្នាំបន្តិចទៀត ឱ្យគាត់នៅក្រៅឃុំក៏បានដែរ។ និយាយរួមទៅចង់ឱ្យគាត់រួច ណាមួយគាត់ជនពិការផង។ ទី២ក្រុមគ្រួសារពិបាក»។
អ្នកស្រី វិត លើកឡើងថា អ្នកស្រីគ្រោងនឹងធ្វើការជាមួយមេធាវី ដើម្បីប្ដឹងបន្តទៅសាលាឧទ្ធរណ៍ ដើម្បីឱ្យស្វាមីអ្នកស្រីរួចទោស។
ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានសម្តែងការសោកស្តាយចំពោះសាលក្រមរបស់សាលាដំបូងខេត្តតាកែវ ដែលបានផ្តន្ទាទោសលោក ភុន យុទ្ធ ដាក់ពន្ធនាគាររយៈពេល ១ ឆ្នាំ ៦ ខែ។ លោកបានលើកឡើងថា លោក ភុន យុទ្ធ គឺជាជនពិការ និងជាមនុស្សដែលតែងតែបញ្ចេញមតិរិះគន់បញ្ហាសង្គម និងបញ្ហានានាតាមបណ្តាញសង្គមរបស់ខ្លួន។
លោកបន្តថា៖ «នៅក្នុងសង្គមប្រជាអធិបតេយ្យ សេរីភាពក្នុងការបញ្ចេញមតិគឺជាមូលដ្ឋានគ្រឹះមួយ ដែលអនុញ្ញាឱ្យប្រជាពលរដ្ឋចូលរួមបញ្ចេញមតិដើម្បីរិះគន់ស្ថាបនានូវភាពអសកម្មផ្សេងៗរបស់មន្រ្តីសាធារណ: លើកឡើងពីកង្វល់ និងបញ្ហា ដែលកើតឡើងក្នុងសង្គម និងការចូលរួមបញ្ចេញមតិដើម្បីអភិវឌ្ឍសហគមន៍មូលដ្ឋាន ការបញ្ចេញមតិគឺមានមតិស្រប និងមតិផ្ទុយ ឬ ការិះគន់»។
លោកបន្ថែមថា ការចាប់ខ្លួន ការចោទប្រកាន់ ការឃុំខ្លួន និងការផ្តន្ទាទោសលើលោក ភុន យុទ្ធ ក៏ដូចជាសកម្មជន និងអ្នកដទៃទៀតដែលបញ្ចេញមតិតាមបណ្តាញសង្គម អាចត្រូវបានមើលឃើញថា ជាការរឹតត្បិតលំហសេរីភាពក្នុងការបញ្ចេញមតិ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិដែលកម្ពុជាបានទទួលស្គាល់។
លោកលើកឡើងថា៖ «ដូច្នេះអាជ្ញាធរ និងតុលាការ គួរពិនិត្យ ពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយថាអ្វីជាសេរីភាពក្នុងការបញ្ចេញមតិ និងអ្វីជាបទល្មើស ដើម្បីកុំឱ្យរំលោភបំពានលើសេរីភាពក្នុងការបញ្ចេញមតិ ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ដែលនាំឱ្យមានការរិះគន់លើបញ្ហានេះពីសាធារណ:មតិជាតិ និងអន្តរជាតិ »។
គួរបញ្ជាក់ផងដែរថា លោក ភុន យុទ្ធ ធ្លាប់ត្រូវបានតុលាការផ្ទន្ទាទោសដាក់ពន្ធនាគារ២ដងរួចមកហើយ ដោយលើកទី១ តុលាការខេត្តសៀមរាបបានផ្តន្ទាទោសលោកដាក់ពន្ធនាគាររយៈពេល១៨ខែពីបទញុះញង់បង្កឱ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ។
លើកទី២តុលាការខេត្តតាកែវបានកាត់ទោសលោកដាក់ពន្ធានាគាររយៈពេល ១៨ខែ និងរឹប អូសទូរស័ព្ទ១គ្រឿង ក្រោមបទចោទ ញុះញង់ឱ្យមានការរើសអើង។ សមត្ថកិច្ចចាប់ខ្លួនរូបលោកជាលើកទី៣ កាលពីថ្ងៃទី ២៩ តុលា ឆ្នាំ២០២៥ នៅផ្ទះរបស់លោកក្នុងស្រុកទ្រាំង ខេត្តតាកែវ ក្រោយពីលោកបានបញ្ចេញមតិលើបណ្ដាញសង្គមហ្វេសប៊ុករិះគន់រដ្ឋាភិបាល៕







