អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch (HRW) នៅល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថា បង្ខំឱ្យសកម្មជន និងសមាជិកបក្សប្រឆាំងសារភាពកំហុសជាសាធារណៈ និងបំបិទសំឡេងពួកគេ។
តាមរយៈរបាយការណ៍ចុះថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៦ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch(HRW) បានពិនិត្យមើលវីដេអូ និងសេចក្ដីរាយការណ៍ចំនួនជាង១៤០ ពាក់ព័ន្ធនឹងការសុំទោស និងការសារភាពកំហុសជាសាធារណៈរបស់សកម្មជន ដែលធ្វើឡើងក្នុងរយៈពេល១០ឆ្នាំចុងក្រោយ។ អង្គការនេះក៏បានសំភាសន៍សកម្មជន សមាជិកបក្សប្រឆាំង សមាជិកគ្រួសាររបស់អ្នកជាប់ឃុំ និងមេធាវីកាពារក្ដីឱ្យជនជាប់ចោទ សរុបចំនួន៩នាក់។
អង្គការអន្តរជាតិមួយនេះចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថា រដ្ឋាភិបាលកំពុងប្រើនូវប្រព័ន្ធបង្ខិតបង្ខំសមាជិកគណបក្សប្រឆាំង និងសកម្មជនដែលជាប់ឃុំ ឱ្យសារភាពកំហុស និងផ្សាយជាសាធារណៈនូវការសារភាពរបស់ពួកគេ ដើម្បីធ្វើឱ្យប៉ះពាល់ដល់ជំហរនយោបាយរបស់សកម្មជនទាំងនោះ។
ប្រភពដដែលបន្តថា៖ «ការប្រព្រឹត្តិមិនគប្បីនេះគឺស្ថិតក្នុងបរិបទនៃយុទ្ធនាការក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយរបស់រដ្ឋាភិបាល ប្រឆាំងនឹងគូប្រជែងនយោបាយ ដោយមានការគាំទ្រពីប្រព័ន្ធតុលាការដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្ររដ្ឋាភិបាល»។
របាយការណ៍របស់ HRW ក៏បានចោទប្រកាន់ទៀតថា រដ្ឋាភិបាលកម្ពុជាផ្ដល់ជម្រើសចំនួន២ឱ្យសកម្មជនទាំងនោះ ដោយជម្រើសទី១ សារភាពកំហុសជាសាធារណៈ និងចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច ហើយជម្រើសទី២ ពួកគេត្រូវអនុវត្តទោសជាប់ពន្ធនាគាររយៈពេលយូរ នៅក្នុងពន្ធនាគារដែលមានស្ថានភាពចង្អៀតណែនណាន់តាន់តាប់ និងខ្វះធនធាន។
នាយករងទទួលបន្ទុកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស(Human Rights Watch) អ្នកស្រី Bryony Lau មានប្រសាសន៍តាមរយៈរបាយការណ៍នេះថា បក្សកាន់អំណាចនៅកម្ពុជា ប្រើបទចោទព្រហ្មទណ្ឌដែលគ្មានហេតុផលសមរម្យ ដើម្បីគំរាមកំហែងសកម្មជននយោបាយ។ បន្ទាប់មកបង្ខំសកម្មជននយោបាយទាំងនោះ ឱ្យសារភាពកំហុសចំពោះបទល្មើសដែលពួកគេមិនបានប្រព្រឹត្ត ជាថ្នូរនឹងការដោះលែងពួកគេឱ្យមានសេរីភាពវិញ។
អ្នកស្រីបន្តថា៖ «តាមរយៈការបង្ខិតបង្ខំសកម្មជនទាំងនេះឱ្យចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា អាជ្ញាធរមានគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះរបស់ពួកគេ និងពង្រឹងអំណាចគ្រប់គ្រងបែបឯកបក្សឱ្យកាន់តែរឹងមាំថែមទៀត»។
អតីតសកម្មជនគណបក្សសង្រ្គោះជាតិលោក ហេង ច័ន្ទសុទ្ធី បានជាប់ពន្ធនាគារ២លើកមកហើយ ដោយលើកទីមួយកាលពីឆ្នាំ២០១៩ និងលើកទីពីរនៅឆ្នាំ២០២០។ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសលោកដាក់ពន្ធនាគារ ៦ឆ្នាំ កាលពីខែមិថុនា ឆ្នាំ២០២២ ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍» និងបទ «រួមគំនិតក្បត់» បន្ទាប់ពីសមត្ថកិច្ចបានចាប់ខ្លួនលោកកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០។
អតីតសកម្មជនគណបក្សសង្រ្គោះជាតិរូបនេះ អះអាងប្រាប់អ្នកសារព័ត៌មានថា លោកត្រូវបានបង្ខិតបង្ខំនិងអូសទាញជាច្រើនដងតាំងពីពេលលោកត្រូវបានឃាត់ខ្លួនរហូតដល់ពេលលោកអនុវត្តទោសពន្ធនាគារជិតចប់។
លោកថា៖ «ចាប់ពីហ្នឹងមកគេបន្តិចទៅគេបញ្ជូនមន្ត្រីនៅពន្ធនាគារហ្នឹងឱ្យមកជួបយើង ឱ្យហៅយើងទៅជួបអ៊ីចឹងទៅ គេបញ្ចុះបញ្ចូលយើងរហូតមកតែអ្នកណាគេព្រមចុះចូល គេចុះចូលទៅ គេទៅជួបប្រពន្ធកូនទៅ ហើយអ្នកណាមិនព្រមចុះចូលក៏នៅអនុវត្តទោសដល់ដូចជារូបខ្ញុំ»។
តែយ៉ាងណា លោកនៅតែប្រកាន់ជំហរមិនសុំទោស ពីព្រោះលោកយល់ថា អ្វីដែលលោកបានធ្វើ គឺគ្រាន់តែជាការអនុវត្តសិទ្ធិរបស់លោកដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។
លោក ហេង ច័ន្ទសុទ្ធី៖ «ដើម្បីឱ្យមានសេរីភាពជួបជុំគ្រួសារវិញ ឱ្យអ្នកហ្នឹងធ្វើលិខិតមួយថាខ្លួនបានធ្វើខុស[…]ហើយសំទោសទៅរដ្ឋាភិបាល ថាខ្លួនជឿតាមការញុះញង់របស់មេបក្សប្រឆាំងអ៊ីចឹង ហើយឱ្យឆ្លើយថា យើងឈប់ចាញ់បោកទៅ »។
លោកបន្ថែមថា៖ «ខ្ញុំក៏ឆ្លើយថា ខ្ញុំអត់សុំទោសទេ ពីព្រោះខ្ញុំអត់បានធ្វើអីខុស ខ្ញុំអនុវត្តតែសិទ្ធិដែលមានចែងនៅរដ្ឋធម្មនុញ្ញ»។
លោក ច័ន្ទសុទ្ធី ថា៩ខែមុនពេលលោកអនុវត្តទោសជាប់ពន្ធនាគារចប់ អាជ្ញាធរបានប្ដូរទីតាំងឃុំខ្លួនលោកពីរាជធានីភ្នំពេញ ទៅឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍សាត់វិញ ដែលការណ៍នេះ លោកចាត់ទុកថាវាជាដាក់សម្ពាធមួយ ។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា មានប្រសាសន៍ថា នេះជាគុណធម៌របស់ថ្នាក់ដឹកនាំគណបកក្សប្រជាជនកម្ពុជាដែលតែងតែប្រកាន់ខ្ជាប់តាំងពីដើមរហូតបច្ចុប្បន្ននូវការមេត្តាចំពោះអ្នកប្រព្រឹត្តខុស សារភាព និងកែខ្លួន។
លោកថា៖«រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែងតែសណ្តោសប្រោសប្រណីចំពោះជនទាំងឡាយណាក៏ដោយដែលធ្លាប់បានប្រព្រឹត្តខុសហើយដឹងខ្លួន និងសារភាពកំហុស ហើយចេះកែខ្លួន»។
ចំពោះការចូលរួមគណបក្សកាន់អំណាចវិញ លោក បូណា ពន្យល់ថា ដោយសារតែមន្ត្រី និងសកម្មជនបក្សប្រឆាំងឃើញគុណសម្បត្តិនៃរដ្ឋាភិបាលដែលដឹកនាំដោយបក្សប្រជាជន ទើបពួកគេចាកចេញពីបក្សរបស់ខ្លួន ដើម្បីចុះចូលបក្សកាន់អំណាច។
លោកបន្ថែមថា៖ «ដោយសារតែពួកគេបានមើលឃើញពីគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា និងស្អប់ខ្ពើមនយោបាយមួលបង្កាច់ គំនុំសងសឹករបស់ក្រុមប្រឆាំងជ្រុលនិយម។ គឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗក្នុងការជ្រើសរើស ដោយសេរី តាមការយល់ឃើញរបស់ពួកគេ»។
ជុំវិញករណីនេះ លោក យី សុខសាន្ត មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) យល់ឃើញថា ការដែលបង្ខំឱ្យសកម្មជន និងបក្សប្រឆាំងសុំទោស ជាថ្នូរនឹងការដោះលែងឱ្យមានសេរីភាពនេះ ជាទម្រង់នៃការធ្វើទុក្ខបុកម្នេញ និងរឹតត្បិតសិទ្ធិ។
លោកថា៖«យើងចង់ឱ្យរាជរដ្ឋាភិបាលគួរតែផ្ដល់ឱកាសឱ្យគណបក្សនយោបាយដែលមានទិន្នាការប្រឆាំងបានធ្វើសកម្មភាពស្មើភាពគ្នាទៅនឹងគណបក្សនយោបាយដែលកំពុងកាន់អំណាច»។
គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស(លីកាដូ) កាត់ត្រាថាមានអ្នកកំពុងជាប់ឃុំ និងជាប់ទោសចំនួន១១៦នាក់ រួមមានអ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី សហជីព អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម។លីកាដូចាត់ទុកអ្នកទាំងនោះ ថាជាអ្នកជាប់ឃុំដោយប្រើសិទ្ធិសេរីភាពបញ្ចេញមតិ៕







