អត្តឃាត ក្លាយជាសំណើចចំអកនិងការចម្លងវិបត្តិនៅកម្ពុជា ខណៈវិធានការទប់ស្កាត់កំពុងដេកលក់
នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ព្រលឹមស្រាងៗម៉ោងប្រមាណ ៥ នៅពេលពន្លឺថ្ងៃទើបរះឡើងតិចៗលើទឹកដីនៃរាជធានីភ្នំពេញ មនុស្សម្នាព្រោងព្រាតបានមកឈរឈូឆរនៅលើបង្កាន់ដៃស្ពានមួយកន្លែង។ ពួកគេមក មិនមែនដើម្បីទស្សនាទេសភាពនៅពេលព្រឹកព្រលឹម ឬហាត់ប្រាណនោះទេ ប៉ុន្តែដើម្បីសម្លឹងមើលសោកនាដកម្មមួយក្រោយមាននារីម្នាក់បានធ្វើអត្តឃាតនៅទីនោះ។ សោកនាដកម្មនេះមិនមែនកើតឡើងដោយចៃដន្យឡើយ។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក សាច់ញាតិរបស់ជនរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែកថា នារីរងគ្រោះបានធ្លាក់ខ្លួនចូលក្នុងវិបត្តិផ្លូវចិត្ត បន្ទាប់ពីត្រូវបានមិត្តភក្តិបោកប្រាស់ផ្នែកហិរញ្ញវត្ថុ។ សាច់ញាតិរូបនោះបានឱ្យដឹងទាំងទឹកភ្នែកថា នារីរងគ្រោះធ្លាប់បានប៉ុនប៉ងបញ្ចប់ជីវិតខ្លួនឯងម្ដងរួចមកហើយនៅថ្ងៃមុនកើតហេតុ។ បើទោះបីជាក្រុមគ្រួសារបានស្វែងរកការព្យាបាលយ៉ាងណាក្ដី ក៏សម្ពាធនៃផ្លូវចិត្តបានរុញច្រានឱ្យគាត់សម្រេចចិត្តចាកចេញជារៀងរហូត។ សោកនាដកម្មរបស់នារីរូបនេះ មិនមែនជាករណីតែមួយនោះឡើយ។ មួយរយៈចុងក្រោយនេះ ករណីប៉ុនប៉ង និងការបញ្ចប់ជីវិតខ្លួនឯងនៅលើស្ពានមួយនេះ បានកើតឡើងជាបន្តបន្ទាប់គួរឱ្យព្រួយបារម្ភ។ ប៉ុន្តែ អ្វីដែលរឹតតែគួរឱ្យបារម្ភជាងនេះទៅទៀតនោះគឺ មតិយោបល់ (Comments) របស់អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ជាពិសេសក្នុងចំណោមយុវជន បានចូលទៅបញ្ចេញមតិដែលបង្ហាញពីសញ្ញាណមិនប្រក្រតីដែលជាករណីដែលត្រូវយកចិត្តទុកដាក់បំផុត។ យោងតាមរបាយការណ៍ឆ្នាំ២០២៣ ដែលចេញផ្សាយដោយអង្គការយូនីសេហ្វ (UNICEF) បានបង្ហាញពីតួលេខគួរឱ្យបារម្ភថា យ៉ាងហោចណាស់មានមនុស្សចំនួន ៨៧៣ នាក់បានបាត់បង់ជីវិតនៅក្នុងឆ្នាំ២០២២ នៅកម្ពុជា ដោយសារការធ្វើអត្តឃាត ដែលភាគច្រើននៃជនរងគ្រោះគឺជាយុវវ័យដែលមានអាយុចន្លោះពី ១៥ ដល់ ១៩ ឆ្នាំ។ របាយការណ៍ដដែលបានគូសបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាប្រមាណកន្លះលាននាក់ កំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺបាក់ទឹកចិត្ត ឬវិបត្តិថប់បារម្ភ ដែលនេះជាមូលហេតុចម្បងរុញច្រានឱ្យពួកគេគិតខ្លី។ ជាងនេះទៅទៀតនោះ គឺសិស្សអនុវិទ្យាល័យ និងវិទ្យាល័យប្រមាណ ៥៨ ភាគរយ បានរាយការណ៍ថា ពួកគេបានប្រឈមមុខនឹងបញ្ហាសុខភាពផ្លូវចិត្តយ៉ាងហោចណាស់មួយ ក្រោយការបិទទ្វារសាលារៀនក្នុងរយៈពេលវែងដោយសារវិបត្តិជំងឺកូវីដ-១៩។ ផ្អែកលើផែនការយុទ្ធសាស្ត្រសុខាភិបាលកម្ពុជា ឆ្នាំ២០២៥-២០៣៤ ដែលដាក់ចេញដោយក្រសួងសុខាភិបាល កាលពីខែកញ្ញា ឆ្នាំ២០២៥ បានបង្ហាញថា ចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ វិបត្តិសុខភាពផ្លូវចិត្តនៅលើសកលលោកបានកើនឡើងរហូតដល់ ២៥ ភាគរយ។ ដោយក្នុងនោះជំងឺថប់បារម្ភ និងជំងឺបាក់ទឹកចិត្ត គឺជាវិបត្តិដែលកើតមានញឹកញាប់ជាងគេ។ ក្នុងនោះ គេបានប៉ាន់ប្រមាណថា នៅក្នុងឆ្នាំ២០២៤ កម្ពុជាមានប្រជាពលរដ្ឋរហូតដល់ទៅប្រមាណ ៥៩០,០០០ នាក់កំពុងជួបប្រទះវិបត្តិថប់បារម្ភ (Anxiety disorders) និង ៥៥០,០០០ នាក់ទៀតកំពុងរងគ្រោះពីជំងឺបាក់ទឹកចិត្ត (Depressive disorders)។ ទោះជាយ៉ាងណា របាយការណ៍ដដែលបានបង្ហាញពីការវិវត្តនៃចំនួនអ្នកជំងឺផ្លូវចិត្តដែលបានមកទទួលការព្យាបាលទាំងសម្រាកពេទ្យ និងពិនិត្យនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដោយបានកើនឡើងយ៉ាងគំហុកពីមធ្យមភាគប្រចាំឆ្នាំត្រឹម ១០០,០០០ ករណី (ចន្លោះឆ្នាំ២០១៥ ដល់ ២០២៣) ហក់ឡើងទៅដល់ ២៩០,០០0 ករណី នៅក្នុងឆ្នាំ២០២៤។ ក្រសួងបានគូសបញ្ជាក់ថា កំណើនដ៏ច្រើននេះ គឺដោយសារតែការខិតខំពង្រីកវិសាលភាពនៃសេវាថែទាំសុខភាពផ្លូវចិត្ត និងការធ្វើឱ្យកាន់តែប្រសើរឡើងនៃការគ្រប់គ្រងទិន្នន័យ។ នៅក្នុងការផ្សាយវីដេអូព័ត៌មាន នាករណីនៅថ្ងៃទី២៩ នោះ ក្នុងចំណោមមតិយោបល់ជាង ៥០០ មានជាង ៤០ មតិ បានបញ្ចេញមតិស្រដៀងគ្នាទាក់ទងនឹងការប៉ងចង់ទៅធ្វើអត្តឃាតតាមដែរ៖ «...តិចទៀតខ្ញុំទៅដែរហើយ...» «...ពូចាំផ្សព្វផ្សាយឱ្យខ្ញុំផង ខ្ញុំទៅហ្នឹងដែរហើយ...» «...តិចទៀតញុមទៅដែរហើយ សម្ពាធពេក...» សញ្ញាណអាសន្នពីក្រោយការបញ្ចេញមតិលើព័ត៌មានអត្តឃាត នៅពេលដែលឃើញមានមតិយោបល់ ប្រកាសចង់ទៅស្លាប់តាមគ្នានៅលើបណ្ដាញសង្គម អ្នកប្រើប្រាស់ផ្សេងទៀតតែងតែចោទសួរថា តើអ្នកទាំងនោះពិតជាចង់ស្លាប់មែន ឬគ្រាន់តែចង់លេងសើចតាមគ្នាដើម្បីទាញយកចំណាប់អារម្មណ៍? ដើម្បីឈ្វេងយល់រឿងរ៉ាវពីក្រោយការបញ្ចេញមតិរបស់អ្នកប្រើប្រាស់ទាំងនោះ អ្នកសារព័ត៌មានបានសម្ភាសជាមួយអ្នកប្រើប្រាស់ម្នាក់ក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀត គឺលោក ផានុ ដែលជាម្ចាស់ខម្មិន (Comment) ម្នាក់ធ្លាប់បានសរសេររៀបរាប់ពីការចង់បញ្ចប់ជីវិតតាមគ្នានៅលើព័ត៌មានអត្តឃាតថ្ងៃទី២៩ ខែមេសានោះ។ តាមការឱ្យដឹងពីបុរសវ័យ៣៤ឆ្នាំរូបនេះ ការខម្មិនរបស់គាត់គឺមិនមែនក្នុងន័យលេងសើចនោះឡើយ គឺលោកពិតជាកំពុងប្រឈមនឹងបញ្ហាផ្លូវចិត្ត ហើយម្ដងម្កាលគឺអាការៈធ្វើទុក្ខខ្លាំង ក្រោយពេលបាត់បង់ការងារជាបន្តបន្ទាប់ សូម្បីតែការងារចុងក្រោយជាសន្តិសុខ ស្របពេលត្រូវរ៉ាប់រងបំណុលធនាគារ និងការផ្គត់ផ្គង់គ្រួសារ។ ជាឪពុករបស់កូនៗចំនួន៣នាក់ លោក ផានុ ឱ្យដឹងដែរថា លោកមិនដែលហ៊ានចែករំលែករឿងនេះជាមួយគ្រួសារ ឬមិត្តភក្តិឡើយ ព្រោះគិតថាគ្មានអ្នកណាចង់រាប់រកមនុស្សដែលកំពុងធ្លាក់ខ្លួន ខណៈការស្វែងរកអ្នកជំនាញផ្លូវចិត្តលោកគិតថាត្រូវចំណាយថវិកាច្រើន។ លោកបានចែករំលែកដែរថា លោកធ្លាប់ទាំងបានជួយឃាត់ និងលួងលោមអ្នកប៉ុនប៉ងលោតទឹកម្នាក់នៅលើស្ពាននោះកាលពីមុនមកទៀតផង ប៉ុន្តែលោកនិយាយថា៖«ដល់ពេលដែលជួបរឿងខ្លួនឯង! បានឃើញចែដែលគាត់មានបញ្ហាបំណុល[ហិរញ្ញវត្ថុ]ហើយគាត់សម្លាប់ខ្លួនហ្នឹង គឺដូចរឿងខ្ញុំអ៊ីចឹង។ គ្រាន់តែថា ខ្ញុំព្យាយាមដើម្បីកូនខ្ញុំ ខ្ញុំនៅរស់បន្ត ទោះបីជាខ្ញុំត្រូវជាប់គុកដោយសារបំណុលគេ ក៏ខ្ញុំត្រូវរស់បន្ត»។ លោកបន្ថែមថា បច្ចុប្បន្នបើគ្មានឪពុកម្តាយជួយមើលថែកូនប្រុសពីរនាក់ទេ សម្ពាធផ្លូវចិត្តរបស់លោកមុខជាធ្ងន់ធ្ងរជាងនេះ។ ទាក់ទិននឹងបញ្ហានេះ វេជ្ជបណ្ឌិត សៅ សូលីណែត អ្នកតស៊ូមតិផ្នែកគាំពារសុខភាពផ្លូវចិត្តនៃស្ថានីយ៍អារម្មណ៍ (Arom Station) បានសង្កត់ធ្ងន់ថា៖ «ទោះបីជាអ្នកហ្នឹងគាត់ទាញចំណាប់អារម្មណ៍ ឬក៏អត់ក្ដី! គាត់អាចចង់ស្លាប់មែនឬក៏គាត់ចង់ទាញចំណាប់អារម្មណ៍ យើងអត់ដឹងនោះទេ។ អ្វីដែលខ្ញុំដឹងគឺថាពីរផ្លូវហ្នឹងមួយណាក៏អាចប៉ះពាល់ដល់ជីវិតដែរ»។ អ្នកជំនាញរូបនេះបន្ថែមថា ពួកគេគឺជាជនរងគ្រោះ ដូច្នេះយើងត្រូវតែផ្តល់ការយកចិត្តទុកដាក់ចំពោះពួកគេក្នុងនាមជាជនរងគ្រោះ។ ជាមួយគ្នានេះ វេជ្ជបណ្ឌិត សៅ សូលីណែត បានពន្យល់បន្ថែមថា៖«សញ្ញាព្រមាន គឺវាដូចជានៅពេលដែលយើងចាប់ផ្ដើមនិយាយលេងបន្លំមែន ហើយដោយសារកត្តាចិត្តយើងឧស្សាហ៍និយាយនៅក្នុងចិត្ត ជួនកាលវាអាចបង្កជាមែន ហើយការលេងឬមែនគឺមានតែគាត់ខ្លួនឯងដែលដឹង។ បើសិនគាត់ខ្លួនឯងថាមានអាការៈបែបនេះ ជម្រើសដ៏ល្អគឺគួរតែទៅជជែកពិភាក្សាជាមួយមិត្តភក្តិ ឬមនុស្សជុំវិញខ្លួនដែលទុកចិត្តបំផុត»។ ត្រង់ចំណុចនេះ វេជ្ជបណ្ឌិត សៅ សូលីណែត បានពន្យល់ទៀតថា មូលហេតុដែលវាអាចបង្កផលប៉ះពាល់ដល់ជីវិតដូចគ្នា ព្រោះវាអាចធ្វើឱ្យសង្គមជុំវិញខ្លួនចាប់ផ្តើមលែងខ្វល់ខ្វាយលើបញ្ហានេះ។ ប្រសិនបើសង្គមយល់ថា ការបង្ហាញគំនិតចង់ស្លាប់ជារឿងធម្មតាសម្រាប់ទាញយកចំណាប់អារម្មណ៍ នោះនៅពេលដែលមានអ្នកជួបវិបត្តិពិតប្រាកដស្រែករកជំនួយ…
១៧ មិថុនា ២០២៦

អ្នកស្រឡាញ់ភេទដូចគ្នាសាទរ Pride Month តែពួកគេខ្លះនៅលាក់អត្តសញ្ញាណព្រោះរងសម្ពាធសង្គម
ទង់ពណ៌ឥន្ទធនូដែលតំណាងឱ្យសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាត្រូវបានលើកបង្ហាញនៅក្នុងពិធីអបអរខែមោទកភាព (Pride Month) ហើយសារអំពាវនាវឱ្យមានការគោរពសិទ្ធិ និងភាពចម្រុះយេនឌ័រ ត្រូវបានបន្លឺឡើងជាសាធារណៈ ប៉ុន្តែអ្នកស្រឡាញ់ភេទដូចគ្នាមួយចំនួននៅកម្ពុជា និយាយថា ពួកគេនៅតែរស់នៅក្រោមសម្ពាធនៃការមិនទទួលស្គាល់ពីគ្រួសារ ការរើសអើងក្នុងសង្គម និងការបង្ខំឱ្យរស់នៅតាមអ្វីដែលអ្នកដទៃរំពឹងទុក។ នៅក្នុងព្រឹត្តិការណ៍អបអរខែមោទកភាព ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែឧសភា ដោយអង្គការសង្គមស៊ីវិលជាង ២០ រួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គការក្លាហានជាដើម ព្រឹត្តិការណ៍នេះ បានទាក់ទាញអ្នកចូលរួមជាច្រើនកុះករ ភាគច្រើនជាសមាជិកសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្តូរអត្តសញ្ញាណយេនឌ័រ ដែលបានមកជួបជុំគ្នាដើម្បីបង្ហាញពីការគាំទ្រ សាទរភាពចម្រុះនៃក្ដីស្រឡាញ់ និង សាមគ្គីភាព។ ព្រឹត្តិការណ៍នេះមានរយៈពេលមួយថ្ងៃពេញ ដោយផ្តោតលើការលើកកម្ពស់សាមគ្គីភាព និងការយល់ដឹងអំពីសិទ្ធិ និងអត្តសញ្ញាណយេនឌ័រ។ សកម្មភាពក្នុងកម្មវិធីរួមមានការប្រកួតដេញដោលជាសាធារណៈលើប្រធានបទពាក់ព័ន្ធនឹងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា សកម្មភាពកម្សាន្ត ការសម្តែងរបាំ និងការចែករំលែកបទពិសោធន៍ជីវិតពីសមាជិកសហគមន៍ផ្ទាល់។ ទោះជាយ៉ាងណា សម្រាប់ «ហ្វុក» រូបរាងជាបុរសអាយុ ៣៦ ឆ្នាំ ដែលកំណត់អត្តសញ្ញាណខ្លួនឯងថាជាអ្នកស្រឡាញ់ទាំងពីរភេទ (Bisexual) ការចូលរួមក្នុងពិធីអបអរខែមោទកភាពកាលពីចុងខែឧសភាកន្លងទៅនេះ គឺជាពេលដ៏កម្រមួយដែលគាត់អាចបង្ហាញខ្លួនជាខ្លួនឯងដោយគ្មានការភ័យខ្លាច។ ប៉ុន្តែគាត់ថាពេលត្រឡប់ទៅផ្ទះវិញ គាត់ត្រូវប្រឈមមុខនឹងការពិតមួយផ្សេងទៀត។ គាត់ថា ទោះបីជាគ្រួសារដឹងពីអត្តសញ្ញាណយេនឌ័ររបស់គាត់ក៏ដោយ ឪពុកម្តាយនៅតែមិនទទួលស្គាល់ ហើយនៅតែព្យាយាមឱ្យគាត់ផ្លាស់ប្តូរ។ នៅឆ្នាំ២០២៤ គាត់ត្រូវបានបង្ខំឱ្យរៀបការជាមួយស្ត្រីម្នាក់។ អាពាហ៍ពិពាហ៍នោះបានបន្តត្រឹមប្រមាណបួនខែប៉ុណ្ណោះ មុនពេលបញ្ចប់ដោយសារការរស់នៅមិនចុះសម្រុង និងសម្ពាធផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ។ ហ្វុក និយាយថា ការបដិសេធពីគ្រួសារ បានធ្វើឱ្យគាត់ធ្លាក់ចូលក្នុងវិបត្តិផ្លូវចិត្ត រហូតដល់ប៉ុនប៉ងបញ្ចប់ជីវិតខ្លួនឯង។ ស្នាមសន្លាកនៅលើដៃរបស់គាត់ នៅតែជាសាក្សីនៃរឿងរ៉ាវនោះ។ ហ្វុកមានប្រសាសន៍ថា៖ « សព្វថ្ងៃគាត់ [ឪពុកម្តាយ] នៅតែបង្ខំ [រៀបការ] មិនមែនខ្ញុំមិនស្រឡាញ់ស្រីទេ តែមានតែ២០%ទេ ដែលស្រឡាញ់ស្រី ប៉ុន្តែចិត្តយើងច្រើនគឺស្រឡាញ់មនុស្សប្រុស ប៉ុន្តែបើសិនជាគាត់នៅតែបង្ខំទៀត ខ្ញុំនៅតែព្យាយាមបដិសេធគាត់ដដែល […] មិនមែនគាត់មិនដឹងទេ តែគាត់នៅតែបង្ខំដដែល ដែលវាជាសម្ពាធផ្លូវចិត្ត ហើយពេលខ្លះក៏ចង់គិតខ្លីម្តងៗដែរ ពេលខ្លះគាត់បង្ខំយើង ឱ្យយើងរៀបការទៅ គាត់ថា ប្រសិនបើយើងមិនរៀបការទេ គាត់នឹងសម្លាប់ខ្លួនអីចឹងទៅ ដូច្នេះយើងជាកូនគឺពិបាក ទីមួយអារម្មណ៍របស់យើងផ្ទាល់ មួយទៀតអារម្មណ៍គិតពីគាត់ » ។ បច្ចុប្បន្ន ហ្វុកជ្រើសរើសរស់នៅដោយបិទខ្លួនឯងនៅក្នុងបន្ទប់ បន្ទាប់ពីចេញពីធ្វើការ ដើម្បីជៀសវាងការប៉ះទង្គិចពាក្យសម្ដីជាមួយឪពុក។ ហ្វុកបន្តថា៖ « ខ្ញុំក៏ធ្លាប់ជជែកពន្យល់ ម៉ាក់ប៉ារបស់ខ្ញុំដែរ តែឱ្យតែឮពាក្យហ្នឹងមួយ គាត់ខឹងតែម្តង គាត់ថាបានហើយឈប់និយាយ […] គាត់ក៏ដឹងដែរ មិនមែនគាត់មិនដឹងទេ ប៉ុន្តែគាត់នៅឱ្យយើងព្យាយាមកែប្រែ គឺគាត់មិនទទួលយក ហើយគាត់មានតែពាក្យមួយម៉ាត់ចុងក្រោយ បើសិនជាចង់ធ្វើរឿងហ្នឹងលុះត្រាតែគាត់ស្លាប់សិន » ។ ខែមោទកភាព ឬ Pride Month គឺជាព្រឹត្តិការណ៍អន្តរជាតិដែលប្រារព្ធរៀងរាល់ខែមិថុនា ដើម្បីអបអរសាទរ និងលើកកម្ពស់សិទ្ធិរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ព្រមទាំងរំលឹកប្រវត្តិសាស្ត្រនៃការតស៊ូប្រឆាំងនឹងការរើសអើងផ្អែកលើភេទ និងអត្តសញ្ញាណយេនឌ័រ។ ព្រឹត្តិការណ៍នេះក៏ជាវេទិកាសង្គមសំខាន់មួយសម្រាប់ការបង្ហាញ និងការទទួលស្គាល់ភាពចម្រុះរបស់មនុស្ស ដោយរួមមាននិន្នាការភេទ អត្តសញ្ញាណយេនឌ័រ ការបង្ហាញអត្តសញ្ញាណ និងលក្ខណៈផ្លូវភេទ (SOGIESC)។ ខែនេះត្រូវបានប្រើដើម្បីជំរុញការយល់ដឹងសង្គម លើកស្ទួយសមភាព និងបញ្ចប់ការរើសអើងដែលសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅតែជួបប្រទះក្នុងសង្គមជាច្រើន។ យ៉ាងណា អ្នកចូលរួមព្រឹត្តិការណ៍ខែមោទកភាពម្នាក់ទៀតគឺ សួន វីន អាយុ ២៧ ឆ្នាំ ដែលជាគ្រូបង្រៀន និងជាសមាជិកសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និយាយថា ទោះបីគាត់ហ៊ានបង្ហាញអត្តសញ្ញាណនៅក្នុងការងារសង្គម ឬក្នុងព្រឹត្តិការណ៍ដូចជា Pride Month ក៏ដោយ គាត់នៅតែលាក់វានៅកន្លែងការងារ។ វីន និយាយថា៖ «ខ្ញុំជាគ្រូបង្រៀន មិនអាចបង្ហាញថាខ្លួនស្ថិតនៅក្នុងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាបានទេ ដោយសារពេលប៉ាម៉ាក់គេឮថាយើងជា Bisexual គេថាយើងមិនច្បាស់លាស់នឹងខ្លួនឯង ស្រឡាញ់ទាំងពីរភេទបែបនេះ បង្រៀនកូនគេយ៉ាងម៉េច គេថាឱ្យខ្ទើយបង្រៀនកូនគេចឹងទៅ តិចឆ្លងតិចអី ជាពិសេសមានក្មេងប្រុសរៀនជាមួយយើង គេខ្លាចឆ្លងពីខ្ញុំ » ។ លោកនិយាយថា សម្ពាធមិនមែនកើតឡើងតែពីសង្គមខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែក៏មកពីក្នុងគ្រួសារផងដែរ។ ទោះបីម្ដាយរបស់គាត់ធ្លាប់គាំទ្រក៏ដោយ ក៏នៅតែចង់ឱ្យគាត់យកប្រពន្ធ។ បន្ទាប់ពីម្ដាយទទួលមរណភាព បងប្អូនខ្លះនៅតែបន្តជំរុញឱ្យគាត់រៀបការ។ វីន បន្តថា៖ « ដល់ពេលគាត់និយាយឱ្យយកប្រពន្ធ យកអី ខ្ញុំឆ្ងល់បែបនេះ ហេតុអ្វីមនុស្សគ្រប់គ្នា កើតមកតម្រូវឱ្យយកគ្រួសារតែម្តង យើងរាងមានសម្ពាធដែរ នៅពេលនិយាយៗទៅ គាត់លើករឿងនេះមក យើងកំពុងសប្បាយផង យើងចាប់ផ្តើមអន់ចិត្តជាមួយ ចាប់ផ្តើមស្ងាត់ ហេតុអ្វីគាត់មិនយល់ពីយើង? »។ វីន បានរៀបរាប់ថា បន្ទាប់ពីគាត់សម្រេចចិត្តបង្ហាញអត្តសញ្ញាណរបស់ខ្លួនជាសាធារណៈនៅអាយុ ២២ ឆ្នាំ គាត់បានជួបប្រទះការរើសអើង និងការយល់ច្រឡំពីមនុស្សជុំវិញខ្លួន។ គាត់បញ្ជាក់ថា មិត្តភក្តិដែលធ្លាប់រាប់អាន និងដើរលេងជាមួយគ្នាជាក្រុមធំប្រមាណ ៣០ នាក់ បានបន្តបាត់បង់ទំនាក់ទំនងជាបន្តបន្ទាប់ រហូតនៅសល់តែ ២ ឬ…
១៦ មិថុនា ២០២៦

អ្នកជំនាញជំរុញឱ្យបង្កើនការផលិតទំនិញខ្មែរពេលចលនាជាតិនិយមកើនឡើង បន្ទាប់ពីថៃឈ្លានពាន
វិវាទព្រំដែនកម្ពុជា-ថៃផ្ទុះឡើងជាងមួយឆ្នាំមកហើយ។ គេសង្កេតឃើញថា ទំនិញមានបាកូដ ៨៨៥ ដែលជាលេខសម្គាល់ផលិតផលថៃ ពុំមានតាំងបង្ហាញច្រើនស្អេកស្កះនៅលើធ្នើតាមផ្សារនៅក្នុងប្រទេសកម្ពុជាដូចមុនទៀតទេ ដោយជំនួសមកវិញដោយផលិតផលប្រទេសផ្សេង ជាពិសេស«ផលិតផលខ្មែរ»។ ការផ្លាស់ប្ដូរដ៏ឆាប់រហ័សនេះ កើតចេញពីភាពឈឺចាប់នឹងការឈ្លានពានរបស់ប្រទេសថៃ ដែលជំរុញឱ្យពលរដ្ឋកម្ពុជាពេញមួយប្រទេស បង្កើតចលនាធំៗចំនួនពីរផ្អែកលើស្មារតីជាតិនិយម នោះគឺ «ចលនាពហិការទំនិញថៃ» និង «ចលនាគាំទ្រផលិតផលខ្មែរ»។ ក្នុងរយៈពេលត្រឹមមួយឆ្នាំ ចលនាទាំងពីរនេះ បានជំរុញផលិតផលខ្មែរដែលធ្លាប់តែមានចំណែក២ភាគរយនៅលើទីផ្សារក្នុងស្រុក ឱ្យកើនឡើងដល់៣០ភាគរយ។ មកដល់ចំណុចនេះ អ្នកជំនាញលើកឡើងថា នាវាផលិតផលខ្មែរ ត្រូវតែលើសពីក្ដោងស្មារតីជាតិនិយម ដោយសហគ្រិន អ្នកពាក់ព័ន្ធ និងរដ្ឋាភិបាល ត្រូវមានមហិច្ឆតាបំពេញតម្រូវការក្នុងស្រុកឱ្យគ្រប់ និងនាំស្លាកយីហោផលិតផលខ្មែរចេញទៅកាន់ទីផ្សារសកលបន្ថែមទៀត។ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) លោក ឆេង គឹមឡុង យល់ឃើញថា វិស័យរដ្ឋ និងឯកជន ត្រូវពួតដៃគ្នាបង្កើនការផលិតឱ្យលើសចំនួនបច្ចុប្បន្នយ៉ាងហោចណាស់ ៤ដងទៀត ទើបអាចបំពេញតម្រូវការទីផ្សារក្នុងស្រុក។ លោកបន្តថា កំហឹងនិងភាពឈឺចាប់តែមួយមុខ មិនអាចធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើនបានឡើយ ដោយលោកបានលើកប្រទេសកូរ៉េខាងត្បូងក្រោយសង្គ្រាមឆ្នាំ១៩៥២ ជាឧទាហរណ៍ ទាក់ទិនស្មារតីជាតិនិយម និងការចាប់ដៃគ្នាកសាងសេដ្ឋកិច្ចជាតិឡើងវិញរហូតងើបចេញពីភាពក្រីក្រ។ លោក ឆេង គឹមឡុង បញ្ជាក់៖«វាជាការចាប់ដៃគ្នារវាងធនាគារ រវាងរដ្ឋាភិបាល រវាងក្រុមឧស្សាហកម្មផលិតទំនិញ ហើយមានអ្នកជំនាញផ្សេងទៀត ផ្នែកវិទ្យាសាស្ត្រម្ហូបអាហារ ខាងស្បៀងអាហារ ហើយបូកនឹងផ្នែកចំណេះជំនាញពាណិជ្ជកម្មក្រៅស្រុក»។ លោកបន្តថា៖«អ៊ីចឹងកំហឹងហ្នឹងវាមួយហើយ តែបើធ្វើត្រឹមតែកំហឹង ក្នុងចំណោមមនុស្សតូចកម្រិតហ្នឹង គឺមិនអាចប្រកួតប្រជែង មិនអាចរីកធំធាត់ខ្លាំងទេ។ ក៏ប៉ុន្តែដូចខ្ញុំថាមុនហ្នឹង បានអាហ្នឹងជាការឈឺចាប់មក ប៉ុន្តែត្រូវធ្វើច្រើនរឿង»។ កាលពីពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការនាំចូលទំនិញ តាមច្រកព្រំដែនផ្លូវគោកពីប្រទេសថៃ រួមមាន បន្លែ ផ្លែឈើ ឧស្ម័ន និងប្រេងឥន្ធនៈ បន្ទាប់ពីយោធាថៃបានបិទច្រកព្រំដែនដោយឯកតោភាគី។ ក្រៅពីទំនិញដែលបានហាមឃាត់ ផលិតផលថៃផ្សេងទៀត នៅតែអាចនាំចូលមកទីផ្សារកម្ពុជា ដោយផ្អែកលើ គោលការណ៍បើកចំហទីផ្សារ តាមរយៈការនាំចូលតាមផ្លូវទឹក និងច្រកទ្វារទី៣ កាត់តាមប្រទេសឡាវ។ ប៉ុន្តែស្មារតីជាតិនិយម បានធ្វើឱ្យពលរដ្ឋកម្ពុជាពហិការមិនប្រើប្រាស់គ្រប់ផលិតផលទាំងអស់ រហូតដល់ហាងទំនិញយីហោថៃមួយចំនួន ត្រូវបិទទ្វារឬជម្រុះស្លាក ហើយជំនួសមកវិញដោយទំនិញ និងស្លាកយីហោថ្មីរបស់កម្ពុជា។ យោងតាមទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថា រយៈពេល៤ខែដើមឆ្នាំ២០២៦ ការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ប្រមាណជាង ១១ ពាន់លានដុល្លារ បានកើនឡើងជិត ២២ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នំា២០២៥ ដោយទីផ្សារធំនៅតែជាសហរដ្ឋអាមេរិក តាមដោយវៀតណាម ចិន និងបណ្ដាប្រទេសនៅតំបន់អ៊ឺរ៉ុប។ ចំណែក ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ បានធ្លាក់ចុះ ៣៨ភាគរយ មានតម្លៃ៦៩០លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ដែលមានតម្លៃ ១.៤ពាន់លានដុល្លារ។ ក្នុងនោះ ការនាំចូលពីថៃមកកម្ពុជាធ្លាក់ចុះ៤១ភាគរយ ឯការនាំចេញពីកម្ពុជាទៅថៃ ធ្លាក់ចុះ២៨ភាគរយ។ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ប្រាប់ប្រជាកាសែតតាមរយៈសារសំណេរថា រាជរដ្ឋាភិបាលមានគោលនយោបាយលើកទឹកចិត្ត និងជំរុញផលិតផលក្នុងស្រុកជាយូរមកហើយ ពោលគឺមិនមែនទើបតែមួយឆ្នាំចុងក្រោយនេះទេ។ ជាក់ស្តែង រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច ដែលក្នុងនោះមានយុទ្ធសាស្ត្រជាតិស្តីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការលើកស្ទួយវិស័យកសិកម្មជាដើម។ លោកបន្តថា៖«រយៈពេលចុងក្រោយនេះដែលថៃឈ្លានពានកម្ពុជា គឺជាសារដាស់ស្មារតីកូនខ្មែរឱ្យរឹតតែពង្រឹងខ្លួនឱ្យខ្លាំងឡើងលើគ្រប់វិស័យ ក្នុងនោះវិស័យផលិតកម្មក្នុងស្រុក ខ្មែរគាំទ្រផលិតផលខ្មែរ គឺត្រូវតែបន្តពង្រឹងរហូតដោយមិនភ្លេចខ្លួន។ រាជរដ្ឋាភិបាលមានគោលនយោបាយលើកទឹកចិត្តគ្រប់បែបយ៉ាងហើយ តែទន្ទឹមនឹងនោះ ការចូលរួមរបស់ប្រជាពលរដ្ឋគឺជារឿងសំខាន់មួយទៀតដើម្បីពង្រឹងស្មារតីស្រឡាញ់ជាតិឱ្យបានរឹងមាំ និងយូរអង្វែង មិនមែនតែមួយឆាវទេ»។ ស្របពេលចលនាពហិការនៅតែបន្តយ៉ាងផុសផុល គេនៅតែសង្កេតឃើញមានពលរដ្ឋកម្ពុជាមួយចំនួនទិញទំនិញថៃ ដែលបង្កឱ្យមានការជជែកដេញដោលនៅលើបណ្ដាញសង្គមយ៉ាងក្ដៅគគុកផងដែរ។ លើសពីនេះ មានទំនិញខ្លះត្រូវបានរកឃើញថាលួចនាំចូលតាមច្រកព្រំដែនគោក ជាក់ស្ដែងករណីលួចនាំចូលបារី ស្រា ពងមាន់កូនស៊ីឈ័ន និងផ្លែទុរេនកាលពីថ្មីៗនេះ ដែលធ្វើឱ្យពាណិជ្ជករ និងអ្នកផលិតនៅកម្ពុជា បារម្ភពីការប្រកួតប្រជែងទីផ្សារជាថ្មីម្ដងទៀត។ ត្រង់ចំណុចនេះ បានបង្ហាញថារបត់នៃការចរចូលគន្លងគាំទ្រផលិតផលក្នុងស្រុក ហាក់នៅមានឧបសគ្គរាំងស្ទះ ដោយសារលំហូរផលិតផលក្រៅប្រទេស ការប្រជែងគុណភាព តម្លៃ ការវេចខ្ចប់ ជាពិសេសទំនុកចិត្តលើគុណតម្លៃពិតប្រាកដនៃផលិតផលជាតិ ខណៈដែលម៉ាកយីហោផលិតផលថៃបានជ្រៀតចូលសរសៃឈាមប្រជាជនកម្ពុជាអស់រយៈពេលជាង៤ទសវត្សរ៍មកហើយ។ សន្ទុះនៃការប្រើប្រាស់ទំនិញថៃ របស់ប្រជាពលរដ្ឋខ្មែរ បានកើតឡើង ចាប់តាំងពីកម្ពុជា ទើបចាកចេញពីរបបខ្មែរក្រហម។ កាលនោះ ពលរដ្ឋដែលរស់នៅខេត្តជាប់ព្រំដែនថៃ បាននាំគ្នាប្រកបរបររត់ពន្ធទំនិញដូចជា គ្រឿងទេស បារី ថ្មពិល ឱសថ និងគ្រឿងអេឡិចត្រូនិច ពីទឹកដីថៃយកមកលក់នៅក្នុងស្រុក។ ក្រោយមក ការនាំចូលកាន់តែធំជាងមុន បន្ទាប់ពីក្រុមឈ្មួញ និងក្រុមហ៊ុនខ្មែរមួយចំនួន បានបង្កើតក្រុមហ៊ុន និងស្នើសុំអាជ្ញាបណ្ណ នាំចូល និងចែកចាយទំនិញពីប្រទេសថៃ មានដូចជា សាប៊ូ គ្រឿងសម្អាង ស្រាបៀរ ភេសជ្ជៈ យានជំនិះ គ្រឿងយន្តកសិកម្ម ជី និងថ្នាំកសិកម្ម គ្រឿងសំណង់ ប្រភពថាមពល និងគ្រឿងអេឡិចត្រូនិច ជាដើម។ មានស្រុកកំណើតនៅខេត្តបាត់ដំបង ក្នុងវ័យជាង៣០ឆ្នាំ…

សាច់ញាតិទទូចឱ្យរដ្ឋាភិបាលដោះលែងគ្រួសារដែលជាប់ទោសដោយសារបញ្ចេញមតិពីបញ្ហាព្រំដែន
សាច់ញាតិនៃអ្នកដែលត្រូវបានអាជ្ញាធរចាប់ខ្លួនពាក់ព័ន្ធនឹងការបញ្ចេញមតិរឿងថៃឈ្លានពានកាន់កាប់ទឹកដីកម្ពុជា ស្នើឱ្យតុលាការ និងរដ្ឋាភិបាលដោះលែងពួកគេឱ្យមានសេរីភាពវិញ ។ ចំណែកអ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងស្នើឱ្យអាជ្ញាធររដ្ឋបើកលំហសេរីភាព និងបង្កើនទំនុកចិត្តរវាងរាស្ត្រនិងរារដ្ឋាភិបាល ។ ស្វាមីរបស់កម្មការិនីរោងចក្រកាត់ដេរលោកស្រី ហ៊ុល មុន្នីសាមន គឺលោក ឆេង ចន្ទធា ថ្លែងប្រាប់ប្រជាកាសែតដោយស្នើយ៉ាងទទូចដល់តុលាការឱ្យដោះលែងភរិយាខ្លួនវិញ ដូចដែលតុលាការបានដោះលែងគ្រូបង្រៀនម្នាក់នៅខេត្តកណ្ដាល គឺលោក នូ ភារម្យ។ លោក ចន្ទធា អះអាងថា ភរិយាលោកគ្រាន់តែជាពលរដ្ឋសាមញ្ញម្នាក់បម្រើការងារជាកម្មការិនីរោងចក្រ និងតែងឈឺឆ្អាលបញ្ហាសង្គម ពិសេសរឿងព្រំដែន បន្ទាប់ពីថៃបានឈ្លានពានកម្ពុជា។ ក្រៅពីការឈឺឆ្អាលរឿងសង្គមហើយ ភរិយាលោកហាក់មានបញ្ហាស្មារតីឆាប់ខឹងមួម៉ៅច្រើន ដោយសារសុខភាពក្រពះ ពោះវៀនផង និងម្ដាយទើបទទួលមរណភាពផង។ លោក ឆេង ចន្ទធា បន្តថា «ចង់ស្នើថា បើគាត់ (ហ៊ុន មុន្នីសាមន) ខុសអីមែន! គួរតែអាជ្ញាធរហៅគាត់អប់រំណែនាំបានហើយ ។ មិនគួរណាចោទធំដុំ ២ឆ្នាំ ហើយពិន័យប្រាប់ ៤លានរៀលអ៊ីចឹងទេ»។ លោកស្រី ហ៊ុល មុន្នីសាមន ជាអ្នកខេត្តព្រៃវែង និងបានចាកចេញពីស្រុកកំណើតមកធ្វើការរោងចក្រនៅរាជធានីភ្នំពេញ។ កាលពីថ្ងៃទី២៣ ខែមីនា ២០២៦ លោកស្រីត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសចំនួន ២ឆ្នាំ និងពិន័យជា ប្រាក់ចំនួន ៤ លានរៀល ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និងបទ «ប្រមាថអ្នករាជការសាធារណ:» ជុំវិញការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ។ លោកស្រីត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ អំឡុងពេលលោកស្រីកំពុងជិះកង់ទៅទិញថ្នាំពេទ្យនៅផ្សារជម្ពូវ័ន ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បច្ចុប្បន្នស្វាមីលោកស្រី ហ៊ុល មុន្នីសាមន កំពុងពឹងពាក់មេធាវីរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ដើម្បីដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ។ លោករៀបរាប់ថា បច្ចុប្បន្នលោកត្រូវទទួលបន្ទុកតែម្នាក់ឯងដើម្បីរកប្រាក់សងបំណុលធនាគារ បន្ទាប់ពីភរិយាត្រូវចាប់ខ្លួន។ មិនខុសពីគ្រួសារកម្មការិនីរោងចក្រនេះទេ ស្ត្រីវ័យចំណាស់ម្នាក់ជាកសិករនៅខេត្តកំពង់ឆ្នាំង ដែលជាម្ដាយរបស់ព្រះសង្ឃ ជា វុទ្ធី គឺលោកស្រី ចាន់ ម៉ៅ ក៏ស្នើយ៉ាងទទូចឱ្យតុលាការ និងរដ្ឋាភិបាលដោះលែងកូនប្រុសឱ្យមានសេរីភាពវិញ។ លោកស្រី ចាន់ ម៉ៅ ថ្លែងប្រាប់ប្រជាកាសែតទាំងក្ដីឈឺចាប់នៅផ្ទះរបស់លោកស្រីនៅក្នុងខេត្តកំពង់ឆ្នាំង ដោយទឹកភ្នែកហូរសស្រាក់ ពេលនិយាយដល់កូនប្រុសតែមួយរបស់ខ្លួន។ លោកស្រីថា ព្រះសង្ឃ ជា វុទ្ធី ត្រូវបានអាជ្ញាធរចាប់ខ្លួនទាំងបង្ខំ ក្រោយចាប់ផ្សឹក និងចោទប្រកាន់រឿងអសីលធម៌ គឺលោកស្រីពុំអាចទទួលយកបានឡើយ។ លោកស្រីអះអាងថា កូនប្រុសជាមនុស្សល្អ និងបួសរៀនតាំងអាយុ១០ឆ្នាំមកម្ល៉េះ និងតែងជួយឈឺឆ្អាលការងារសង្គម ទាំងបញ្ហាព្រំដែន ជនភៀសសឹក និងតែងបរិច្ចាគឈាមដល់អ្នកត្រូវការជាដើម។ លោកស្រី ចាន់ ម៉ៅ៖ «ជួយដោះលែងកូនខ្ញុំផង កូនខ្ញុំមនុស្សល្អណាស់! កូនខ្ញុំមិនដែលមានសត្រូវសៅហ្មងទេ បងប្អូនមិនជឿទេមកសួរប្រធានភូមិ ហើយមេឃុំ ហើយមេប៉ុស្តិ៍ចុះ ខ្ញុំមិនមែនអួតមោទនភាពថាកូនខ្ញុំល្អទេ ដើរសួរគេចុះ បើកូនខ្ញុំអាក្រក់មែន គឺកូនខ្ញុំមិនបានបួសបួនដប់ម្ភៃឆ្នាំទេ នេះកូនខ្ញុំបួសដល់កោះដល់ត្រើយ និងមិនដែលឱ្យម្ដាយពិបាកចិត្ត វេទនា មកកំហឹងកំហល់ រកលុយរកកាក់ទេ កូនខ្ញុំអត់សោះហើយ»។ លោកស្រី ចាន់ ម៉ៅ វ័យ ៦៤ឆ្នាំ គឺជាកសិករក្រីក្រមួយរូប ដែលប្រកបរបរស៊ីឈ្នួលដកដំឡូង កាត់ស្មៅ និងបេះមើមក្ដួចជាដើម។ លោកស្រីមានស្វាមីពិការជើង និងមានជំងឺប្រចាំកាយ។ ស្វាមីលោកស្រីជាអ្នកនេសាទដាក់មង និងអូសត្រីតិចតួចដើម្បីធ្វើប្រហុកលក់ចិញ្ចឹមជីវិត។ បច្ចុប្បន្នលោកស្រីនិងស្វាមីរស់នៅក្នុងផ្ទះទំហំប្រមាណ ៤ គុណ ៥ម៉ែត្រ នៅផ្ទាល់នឹងដី ដោយមានជញ្ជាំងនិងដំបូលប្រក់ស័ង្កសី ស្ថិតនៅភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ផ្ទះលោកស្រីស្ថិតនៅដីអាស្រ័យផលដែលអាជ្ញាធរមូលដ្ឋានឱ្យរស់នៅបណ្ដោះអាសន្នជាមួយពលរដ្ឋប្រមាណ ១០គ្រួសារទៀត នៅជាប់ចង្កេះភ្នំតាងិល ដែលអាចមើលឃើញភ្នំកង្រីយ៉ាងច្បាស់។ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ២ មេសា បានចោទប្រកាន់ព្រះសង្ឃ ជា វុទ្ធី ពីបទញុះញង់ និងឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគាររាជធានីភ្នំពេញ (PJ)។ ព្រះអង្គត្រូវបានអាជ្ញាធរស្លៀកពាក់ស៊ីវិលនាំខ្លួនទៅចាប់ផ្សឹកនៅវត្តធម្មនិម្មិតរាជបុប្ផារាម ហៅវត្តប៉ាឆា ក្នុងក្រុងបាត់ដំបង កាលពីថ្ងៃទី១ មេសា ដោយចោទថា បានប្រព្រឹត្តខុសធម៌វិន័យ។ យោងតាមរបាយការណ៍របស់អង្គការលីកាដូ គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៦ មានមនុស្សជាង ១០០នាក់ ត្រូវបានផ្ដន្ទាទោស ក្រោមបទចោទផ្សេងៗពីគ្នា ខណៈបទចោទភាគច្រើនគឺបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយសារពួកគេបានបញ្ចេញមតិលើបណ្ដាញសង្គម និងសម្ដែងការបារម្ភពីបញ្ហាព្រំដែន បញ្ហាសង្គម និងបរិស្ថានជាដើម។ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ឱ្យដឹងថា តាំងពីមានជម្លោះព្រំដែនខ្មែរថៃមក អង្គការសិទ្ធិមនុស្សកាន់តែមានក្ដីបារម្ភជុំវិញការចាប់ខ្លួនមនុស្សជាបន្តបន្ទាប់ ទាក់ទងនឹងការបញ្ចេញមតិលើបណ្ដាញសង្គម ខណៈកាសែតដែលបំពេញវិជ្ជាជីវៈផ្សព្វផ្សាយព័ត៌មាន ក៏ត្រូវបានចោទប្រកាន់ទាក់ទងនឹងបទញុះញង់។ លោក អំ សំអាត…

ម្តាយរបស់សកម្មជនមាតាធម្មជាតិកញ្ញា ឡុង គន្ធា មានជំងឺប្រចាំកាយ ស្នើឱ្យតុលាការដោះលែងកូន
ក្រោយពីសកម្មជនចលនាមាតាធម្មជាតិលោក យីម លាងហ៊ី ដែលកំពុងជាប់ពន្ធនាគារមិនមានឱកាសបានជួបមុខម្តាយជាលើកចុងក្រោយ ម្តាយសកម្មជនចលនាមាតាធម្មជាតិកញ្ញា ឡុង គន្ធា គឺលោកស្រី សាន សារ៉ន ក៏ហាក់មានក្តីបារម្ភខ្លាចជួបហេតុការណ៍ដូចករណីគ្រួសាររបស់លោក យីម លាងហ៊ី ដែរ។ ជាស្រ្តីមេម៉ាយ លោកស្រី សាន សារ៉ន កំពុងប្រឈមបញ្ហាជីវភាពធ្ងន់ធ្ងរ ខណៈលោកស្រីក៏មានជំងឺប្រចាំកាយ «លើសឈាម» និងត្រូវចិញ្ចឹមកូនក្នុងបន្ទុកចំនួន៤នាក់ទៀត។ ស្ថិតនៅក្នុងស្ថានភាពលំបាកនេះ លោកស្រី សាន សារ៉ន ដែលមានអាយុ ៥៨ឆ្នាំ ស្នើសុំឱ្យតុលាការ និងរដ្ឋាភិបាល ជួយពន្លឿនដោះលែងកូនស្រី ឱ្យមានសេរីភាពឡើងវិញ ដើម្បីបានជួយមើលថែ និងចិញ្ចឹមម្តាយ និងប្អូនៗ។ ការស្នើសុំឱ្យដោះលែងនេះ ក៏ធ្វើឡើងនៅមុនពេលសាលាឧទ្ធរណ៍ភ្នំពេញគ្រោងបើកសវនាការជំនុំជម្រះសំណុំរឿង «ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់» របស់សកម្មជនចលនាមាតាធម្មជាតិទាំង ៥ នាក់ គឺលោក យីម លាងហ៊ី លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា និងកញ្ញា ឡុង គន្ធា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។ លោកស្រី សាន សារ៉ន បារម្ភថា បញ្ហាសុខភាពរបស់លោកស្រីកាន់តែទ្រុឌទ្រោមដោយសារតែជំងឺលើសឈាមចេះតែធ្វើទុក្ខ ដោយត្រូវលេបថ្នាំជាប្រចាំ ម្យ៉ាងលោកស្រីគេងមិនសូវលក់ ហូបបាយមិនសូវបាន ហើយអារម្មណ៍ចេះតែនឹករឭកដល់កូនដែលកំពុងបន្តជាប់ឃុំនៅក្នុងពន្ធនាការទាំងអយុត្តិធម៌។ រស់នៅក្នុងភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម លោកស្រី សាន សារ៉ន បានរៀបរាប់ប្រាប់ប្រជាកាសែតទាំងអួលដើមកថា សព្វថ្ងៃនេះ លោកស្រីកំពុងជួបបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ គឺលោកស្រីមានអារម្មណ៍ភ្លេចភ្លាំងច្រើន និងអារម្មណ៍រវើរវាយ បន្ទាប់ពីកូនស្រី ឡុង គន្ធា ត្រូវជាប់ពន្ធនាគារអស់រយៈពេលជិត ២ឆ្នាំមកនេះ។ លោកស្រីត្អូញត្អែរថា ចាប់តាំងពីកូនស្រី គន្ធា ជាប់ពន្ធនាគារមក លោកស្រីបានជួបមុខកូនតែម្តងប៉ុណ្ណោះ កាលពីកំឡុងចូលឆ្នាំខ្មែរនៅពន្ធនាគារខេត្តព្រះវិហារ ដោយសារលោកស្រី គ្មានលុយសម្រាប់ធ្វើដំណើរទៅសួរសុខទុក្ខកូនឱ្យបានញឹកញាប់ ព្រោះពេលទៅជួបកូនម្តងៗ លោកស្រីត្រូវចំណាយប្រាក់មិនតិចជាង ២០ ម៉ឺនរៀលនោះទេ។ លោកស្រីរៀបរាប់ទៀតថា គន្ធា ជាកូនច្បងក្នុងចំណោមបងប្អូន៥នាក់ ហើយចាប់តាំងពីលោកស្រីបែកបាក់ស្វាមី គន្ធាបានដើរតួជំនួសឪពុក មើលថែប្អូនៗ និងរកលុយចិញ្ចឹមគ្រួសារ ដូច្នេះពេលកូនជាប់ពន្ធនាគារ ធ្វើឱ្យគ្រួសារជួបការលំបាកខ្លាំង។ លោកសី្រថា៖ «សព្វថ្ងៃជួបការលំបាកណាស់ក្មួយ មីងមិនដឹងរកអ្វីទេ ណាមួយចាស់ផង មានជំងឺប្រចាំកាយផង ជាពិសេសជំងឺលើសឈាមហ្នឹងក្មួយ ត្រូវលេបថ្នាំជាប្រចាំ។ កាលពី គន្ធា នៅគាត់ជួយសម្រួលទុក្ខគ្រួសារខ្លះ ព្រោះគាត់ជាកូនច្បង មើលថែម្តាយ មើលថែប្អូន។ ដល់គាត់ត្រូវបានគេចាប់អីចឹង គ្រួសារមីងវេទនាណាស់ក្មួយ ។ មីងសង្វេគ អាណិតកូនស្រីណាស់។ រាល់ថ្ងៃមីងគេងមិនលក់ ហូបបាយមិនសូវបាន ចេះតែមានអារម្មណ៍រវើរវាយនឹកកូន»។ សម្រាប់លោកស្រី សាន សារ៉ន កញ្ញា ឡុង គន្ធា គឺជាក្មេងល្អ ជាកូនកតញ្ញូ ចេះដឹងគុណឪពុកម្តាយ និងជាពលរដ្ឋល្អ ចេះជួយឈឺឆ្អាលរឿងសង្គមជាតិ សុខចិត្តលះបង់ពេលវេលា ដើម្បីការពារបរិស្ថាន។ លោកស្រីចាត់ទុកការចោទប្រកាន់កូនស្រីថា រួមគំនិតក្បត់ ឬប្រមាថចំពោះអង្គព្រះមហាក្សត្រ ជាការចោទប្រកាន់ដោយគ្មានភស្តុតាង និងអយុត្តិធម៌បំផុតសម្រាប់កូនលោកស្រី។ កាលពីខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសសមាជិកចំនួន ១០ រូបនៃសកម្មជនចលនាមាតាធម្មជាតិ ដោយដាក់ទោសអ្នកទាំងនោះ ឱ្យជាប់ពន្ធនាគារពី ៦ ដល់ ៨ ឆ្នាំ ពីបទ«រួមគំនិតក្បត់ និងប្រមាថចំពោះអង្គព្រះមហាក្សត្រ» ។ សកម្មជនបរិស្ថានទាំង ៥ រូប ដែលរួមមាន លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត លោក យីម លាងហ៊ី កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានតុលាការផ្តន្ទាទោសពីបទ«រួមគំនិតក្បត់ »។ រីឯលោក យីម លាងហ៊ី ត្រូវបានតុលាការផ្តន្ទាទោសមួយបទទៀត គឺ«ប្រមាថចំពោះអង្គព្រះមហាក្សត្រ»។ នេះមិនមែនជាលើកទី១ទេ ដែលកញ្ញា ឡុង គន្ធា បានជាប់ពន្ធនាគារ។ ជាក់ស្តែង កាលពីឆ្នាំ២០២០ កញ្ញាធ្លាប់ត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន ២០ខែ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយកាលនោះ កញ្ញាប្រកាសធ្វើដំណើរដោយថ្មើរជើង…

ប្រតិកម្មកើតឡើង បន្ទាប់ពីអាជ្ញាធរចេញវិធានការចំពោះទូរសព្ទនិងគ្រឿងអេឡិចត្រូនិកដែលមិនមានវិញ្ញានប័ត្រ
ប្រតិកម្មនានាកើតឡើងបន្ទាប់ពីនិយ័តករទូរគមនាគមន៍ ប្រកាសរឹតបន្តឹងការនាំចូលទូរសព្ទ និងឧបករណ៍អេឡិចត្រូនិក ពិសេសព្រមានដកហូតទំនិញទាំងនោះពីអាជីវករទៀតផងបើសិនជារកឃើញថាខុសច្បាប់។ អ្នកឃ្លាំមើលនិងអាជីវករមួយចំនួនសុទ្ធតែសំដែងការភ្ញាក់ផ្អើលចំពោះសេចក្ដីជូនដំណឹងរបស់និយ័តករទូរគមនាគមន៍កម្ពុជា (TRC)ដែលបានចេញសេចក្តីជូនដំណឹង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ។ និយ័តករទូរគមនាគមន៍កម្ពុជា អំពាវនាវឱ្យបណ្តាក្រុមហ៊ុន សហគ្រាស និងហាងលក់ចែកចាយទាំងអស់ ដែលកំពុងនាំចូល ផ្គត់ផ្គង់ ឬចែកចាយផលិតផលទាំងនេះ បញ្ឈប់សកម្មភាពខុសច្បាប់ជាបន្ទាន់ និងត្រូវដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ QA និង TA ក្នុងរយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ។ និយ័តករទូរគមនាគមន៍កម្ពុជា បានព្រមានថា ក្នុងករណីមិនអនុវត្តតាម អាជ្ញាធរនឹងចាត់វិធានការម៉ឺងម៉ាត់ រួមមានការរឹបអូសផលិតផល ផាកពិន័យ បិទគេហទំព័រផ្សព្វផ្សាយ និងអនុវត្តវិធានការផ្សេងៗស្របតាមច្បាប់។ និយ័តករទូរគមនាគមន៍កម្ពុជាបញ្ជាក់ថា៖ «បណ្តាក្រុមហ៊ុន សហគ្រាស និងហាងលក់ចែកចាយបោះដុំ និង/ឬលក់ចែកចាយបន្ត និងកំពុងធ្វើប្រតិបត្តិការធុរកិច្ចនាំចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ដោយស្របច្បាប់ទាំងអស់ ចូលរួមសហការ និងរាយការណ៍អំពីអត្តសញ្ញាណ និងអាសយដ្ឋានរបស់បុគ្គល ក្រុមហ៊ុន សហគ្រាស ឬឃ្លាំងស្តុកគ្រឿងសម្ភារបរិក្ខាររបស់ពាណិជ្ជករ ឬតំណាងលក់ចែកចាយបោះដុំគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍ដែលខុសច្បាប់ទាំងអស់មក ន.ទ.ក. តាមរយៈទូរស័ព្ទលេខ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ឬផ្ញើសារ មកកាន់អីមែល info@trc.gov.kh។» និយ័តករទូរគមនាគមន៍កម្ពុជា (TRC)បាន ជូនដំណឹងពីការ រឹតបន្តឹងការនាំចូល ផ្គត់ផ្គង់ និងចែកចាយទូរស័ព្ទចល័ត ថេប្លេត និងនាឡិកាឆ្លាតវៃមួយចំនួន ដែលមានពាណិជ្ជសញ្ញារបស់ក្រុមហ៊ុនធំៗ មានឈ្មោះដូចជា Xiaomi, Redmi, POCO, Tecno, Infinix, itel, Nubia, RedMagic, Asus, Nothing, OnePlus, Google Pixel, Blackview, Black Shark និង KOSPET ជាដើម។ ក្រោយសេចក្តីជូនដំណឹងរបស់និយ័តករទូរគមនាគមន៍កម្ពុជា ប្រជាកាសែតបានព្យាយាមទាក់ទងទៅកាន់គណនីហ្វេសប៊ុករបស់ក្រុមហ៊ុនមួយចំនួន ដូចជា Xiaomi Cambodia, Infinix Mobile, itel និង Nubia Cambodia ជាដើម ដើម្បីស្នើសុំការឆ្លើយតបពាក់ព័ន្ធនឹងការអនុវត្តតាមបទប្បញ្ញត្តិរបស់និយ័តករទូរគមនាគមន៍កម្ពុជាប៉ុន្តែមិនទាន់មានចម្លើយលម្អិត។ គណនីហ្វេសប៊ុក Nubia Cambodia បានឆ្លើយតបប្រជាកាសែតថា៖«សួស្ដីបងចាសបងសម្រាប់ការងារនេះ(ដំណឹងនិយ័តករទូរគមនាគមន៍) ខាងថ្នាក់លើគាត់បានដឹងហើយ។អរគុណច្រើនបង»។ តំណាងចែកចាយបន្ត និងជាម្ចាស់ហាងលក់ទូរស័ព្ទមួយនៅខេត្តក្រចេះ អ្នកស្រី ហឹម ស៊ានឡេង បានប្រាប់ប្រជាកាសែតថា ពិបាកទទួលយកចំពោះសេចក្តីជូនដំណឹងរបស់និយ័តករទូរគមនាគមន៍កម្ពុជា (TRC) ពាក់ព័ន្ធនឹងការរឹតបន្តឹងការនាំចូល និងចែកចាយទូរស័ព្ទខុសច្បាប់ ដោយខ្លួនគ្រាន់តែជាអ្នកលក់រាយតូចតាច និងបានលក់ផលិតផលទាំងនេះអស់រយៈពេលជាង១០ឆ្នាំមកហើយ។ អ្នកស្រីលើកឡើថា៖ «ខ្ញុំរាងពិបាកទទួលយកដែល ទី១គួរតែ(ចាត់ការ)ខាងក្រុមហ៊ុនបានត្រូវ ពេលដែលដល់មានបញ្ហាអីបែបជាមកចង់ចាប់ហាងលក់អីចឹងវាពិបាកទទួលយកដែរ យើងទិញពីក្រុមហ៊ុនដែរនឹង។ ខ្ញុំគិតថាត្រង់នឹង ក្រុមហ៊ុនគួរតែដោះស្រាយ ឲ្យយើងព្រោះយើង។ យើងទទួលយកមកលក់ សមតែក្រុមហ៊ុននឹងជាអ្នកបង់ពន្ធអីត្រឹមត្រូវ»។ អ្នកស្រីបានបញ្ជាក់ថា មុននឹងទទួលយកផលិតផលមកលក់បានសួរទៅក្រុមហ៊ុនអំពីការចុះបញ្ជី និងភាពស្របច្បាប់ ហើយក្រុមហ៊ុនបានអះអាងថា មិនមានបញ្ហាអ្វីនោះទេអាចលក់បន្តបាន។ អ្នកស្រីប្រាប់ថា ៖«ហើយថ្មីនឹង បន្ទាប់ឃើញសេចក្តីប្រកាសមួយនឹង ក៏សួរទៅកាន់ក្រុមហ៊ុនដែលថាចុះបញ្ហាដែល និយ័តករគាត់ផុសគិតម៉េច ហាងក្រុមហ៊ុនគេថាអត់បញ្ហាទេគេកំពុងតែដោះស្រាយអីហើយ យើងដឹងតែលក់ទៅអត់បញ្ហាទាក់ទងនឹងយើងទេ»។ ជាមួយគ្នានេះ អ្នកស្រីក៏បានស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធផ្តល់ការណែនាំឱ្យច្បាស់លាស់អំពីនីតិវិធីចុះបញ្ជី និងជួយដោះស្រាយបញ្ហាដល់អាជីវករតូចៗ ដើម្បីឱ្យអាចបន្តលក់ដូរបានដោយស្របច្បាប់។ អ្នកស្រីថ្លែងថា៖«បើគិតថារឿងចុះបញ្ជីនឹង គិតថាចុះទៅមានអីទេ ប៉ុន្តែសំខាន់គឺមកជួបផ្ទាល់ទៅណែនាំចុះបញ្ជីម៉េចស្អីម៉េចចឹងទៅណា»។ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP) លោក យង់ គិមអេង បានប្រាប់អ្នកសារព័ត៌មានថា លោកគាំទ្រចំពោះវិធានការរបស់ TRC ប៉ុន្តែការអនុវត្តគួរតែធ្វើឡើងឱ្យបានលឿន និងមានតម្លាភាពជាងនេះ។ លោកបន្តថា វិធានការនេះក៏អាចជួយការពារសិទ្ធិ និងសុវត្ថិភាពអ្នកប្រើប្រាស់ ព្រោះប្រជាពលរដ្ឋមិនអាចដឹងបានថា ផលិតផលទាំងនោះមានគុណភាព ឬអាចប៉ះពាល់ដល់សិទ្ធិឯកជនយ៉ាងណានោះទេ។ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត គិន ភា បានលើកឡើងថា ការរឹតបន្តឹងរបស់ TRC មិនមែនជារឿងខុសទេ ប៉ុន្តែអ្វីដែលធ្វើឱ្យសាធារណជនភ្ញាក់ផ្អើល គឺផលិតផលទាំងនេះមានវត្តមាននៅលើទីផ្សារកម្ពុជាយូរឆ្នាំមកហើយ។ លោកមានប្រសាសន៍ថា៖ «ខ្ញុំយល់ថាចំណុចសំខាន់ដែរ ប្រសិនបើការមានវិធានការរហូតដល់ដកហូត បរិក្ខារអេឡិចត្រូនិកទាំងអស់ហ្នឹងពីអ្នកលក់ដូរ អ្នកលក់រាយអី អាហ្នឹងគឺថាវាបង្កជាហានិភ័យដែរ ជួនកាលអ្នកលក់រាយមួយចំនួនហ្នឹង គាត់យកបន្តពីក្រុមហ៊ុនធំៗនៃការទូទាត់លុយគេរួចស្រេចទៅហើយ»។ លោកលើកឡើងថា បើមានទំនិញគេចពន្ធចូលប្រទេស អាជ្ញាធរគួរតែស៊ើបអង្កេតអ្នកពាក់ព័ន្ធ និងប្រព័ន្ធនាំចូល ជាពិសេសមន្ត្រីគយ ដោយមិនគួរចាប់តែអ្នកលក់រាយ ឬអ្នកប្រើប្រាស់ចុងក្រោយនោះទេ។ ចំណែកឯទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានលើកឡើងថា ការនាំចូលទំនិញគួរតែមានច្បាប់ និងបទប្បញ្ញត្តិច្បាស់លាស់តាំងពីដើម មិនគួរទុកឱ្យមានការលក់ចែកចាយយូរឆ្នាំហើយ ទើបចាប់ផ្តើមរឹតបន្តឹងនោះទេ។ លោកមានប្រសាសន៍ថា៖ «ជាធម្មតាអ្វីៗ ត្រូវតែមានច្បាប់ទម្លាប់ក្នុងការនាំចូល ថាតើរបស់ណាត្រូវឲ្យនាំចូល និងមិនត្រូវឲ្យនាំចូលអាហ្នឹងជាគោលការណ៍របស់រដ្ឋផងដែរ ប៉ុន្តែកន្លងមកមិនបានធ្វើការណែនាំទើបឥលូវទើបតែនឹកឃើញ…

វិបត្តិថាមពលបណ្ដាលមកពីជម្លោះមជ្ឈិមបូព៌ា រារាំងកំណើនសេដ្ឋកិច្ចប្រទេសនានាក្នុងតំបន់រួមទាំងកម្ពុជាផង
ជម្លោះនៅមជ្ឈិមបូព៌ា អាចកាត់បន្ថយកំណើនសេដ្ឋកិច្ចនៃបណ្តាប្រទេសកំពុងអភិវឌ្ឍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក រហូតដល់ ១,៣ភាគរយ ក្នុងឆ្នាំ ២០២៦-២០២៧។ ជម្លោះនោះនឹងបង្កើនអតិផរណា ៣,២ភាគរយ ប្រសិនបើការរំខានដល់ទីផ្សារថាមពល មានរយៈពេលច្រើនជាងមួយឆ្នាំ។ ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីអាគ្នេយ៍រួមមាន ព្រុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ ទីម័រខាងកើត វៀតណាមនិងកម្ពុជាផង។ នេះបើយោងតាមការស្រាវជ្រាវថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ដែលចេញផ្សាយនៅបំណាច់ខែមីនាឆ្នាំ២០២៦។ របាយការណ៍ស្រាវជ្រាវរបស់ADBនេះ រំលេចពីសេណារីយ៉ូហានិភ័យ ដែលបង្ហាញថា ផលប៉ះពាល់លើប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិចដែលមានកម្ពុជាដែរនោះ នឹងអាស្រ័យភាគច្រើនលើរយៈពេលនៃការរំខានដោយសារជម្លោះ។ របាយការណ៍ADB៖ «បើជម្លោះមានរយៈពេលខ្លី សម្ពាធថ្លៃថាមពលនឹងថយចុះយ៉ាងឆាប់រហ័ស។ ការរំខានដែលអូសបន្លាយកាន់តែយូរ នឹងនាំឱ្យមានផលប៉ះពាល់កាន់តែធំធេង និងអូសបន្លាយយូរលើកំណើននិងអតិផរណា។ ផលប៉ះពាល់អវិជ្ជមានលើកំណើននឹងធ្ងន់ធ្ងរបំផុត សម្រាប់សេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍក្នុងតំបន់អាស៊ីអាគ្នេយ៍….»។ សេដ្ឋវិទូនៃធនាគារអភិវឌ្ឍន៍អាស៊ីADB លោក Albert Park បានមានប្រសាសន៍ថា៖«ការរំខាននៃវិស័យថាមពលដែលអូសបន្លាយពេលយូរអាចបង្ខំឱ្យប្រទេសកំពុងអភិវឌ្ឍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដោះស្រាយស្ថានភាពលំបាកធំពីរក្នុងពេលតែមួយគឺ កំណើនខ្សោយ និងអតិផរណាខ្ពស់។ រដ្ឋាភិបាលគួរតែផ្តោតលើការទប់ស្កាត់ភាពតានតឹងក្នុងទីផ្សារ និងការការពារអ្នកដែលងាយរងគ្រោះបំផុត ហើយអនុម័តគោលនយោបាយដើម្បីកែលម្អភាពធន់រយៈពេលវែង»។ ទាក់ទងនឹងវិបត្តិថាមពលនេះ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល លោក កែវ រតនៈ មានប្រសាសន៍ថា ស្ថានការណ៍នៃសង្គ្រាមនៅមជ្ឈឹមបូព៌ា បានជះឥទ្ធិពលយ៉ាងខ្លាំងលើការនាំចូលនិងបញ្ជាទិញប្រេងនិងឧស្ម័នឥន្ធនៈមកកម្ពុជា។ លោកកែវ រតនៈ ៖ «រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំស្វែងរកដំណោះស្រាយ តាមរយៈការដាក់ចេញនូវគោលការណ៍នានា ដើម្បីគាំទ្រដល់ដៃគូសំខាន់ៗដែលជាក្រុមហ៊ុនវិនិយោគទាំងក្នុងនិងក្រៅប្រទេស សំដៅធានាការផ្គត់ផ្គង់សម្រាប់អ្នកប្រើប្រាស់»។ តាមផេកផ្លូវការរបស់ក្រសួងរ៉ែនិងថាមពលបន្ទាប់ពីលោកជួបពិភាក្សាជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជាលោក កែវ រតនៈ បញ្ជាក់ថារាជរដ្ឋាភិបាលប្ដេជ្ញាធ្វើយ៉ាងណាដោះស្រាយបញ្ហាថាមពល នៅពេលនេះ។ លោកបញ្ជាក់ទៀតថា កម្ពុជាមានគម្រោងប្រើថាមពលពលស្អាតជំនួសឱ្យធ្យូងថ្មនៅត្រឹមឆ្នាំ២០៤០ និងប្ដេជ្ញាកែលម្អគោលនយោបាយថាមពលដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ និងជំរុញឱ្យមានការប្រើប្រាស់យានយន្ដអគ្គីសនីដូចយ៉ាង កង់បីអគ្គីសនីជាដើម។ ទោះជាយ៉ាងណាក្ដីកាលពីថ្ងៃទី១១ខែមេសា ប្រមុខរាជរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាមិនបាននៅស្ងៀមទេ ដោយបានចាត់វិធានការចាំបាច់នានា។លោកអំពាវនាវឱ្យពលរដ្ឋសន្សំសំចៃ និងមានជំនឿចិត្តលើរូបលោក។ លោកហ៊ុន ម៉ាណែត៖«យើងចាត់វិធានការយើងមិនបាននៅស្ងៀមទេ»។ អតីតអនុប្រធានគណៈកម្មាធិការហិរញ្ញវត្ថុរដ្ឋសភា លោក សុន ឆ័យ បានផ្ដល់អនុសាសន៍ដល់រដ្ឋាភិបាលរបស់លោកហ៊ុនម៉ាណែតឱ្យដោះស្រាយបន្ទាន់ចំពោះមុខវិបត្តិថាមពលនេះដោយត្រូវកាត់បន្ថយពន្ធនាំចូល និងអាករពិសេស កាត់បន្ថយភាគរយនៃពន្ធលើតម្លៃបន្ថែម (VAT) ឬពន្ធនាំចូលលើប្រេងឥន្ធនៈ ដើម្បីធ្វើឱ្យតម្លៃលក់រាយនៅតាមស្ថានីយធ្លាក់ចុះភ្លាមៗ។លោកចង់ឱ្យរាជការលុបបំបាត់កម្រៃសេវារដ្ឋបាលមិនចាំបាច់ កាត់បន្ថយការចំណាយលើការរៀបចំលិខិតស្នាម ឬកម្រៃផ្សេងៗដែលបូកបញ្ចូលក្នុងតម្លៃប្រេង។ លោក សុន ឆ័យស្នើឱ្យរាជការផ្ដល់ការឧបត្ថម្ភធនដល់កសិករ ជូនកសិករពិតប្រាកដឱ្យទទួលបានប្រេងមានតម្លៃសមរម្យ និងពិសេសជំរុញឱ្យកសិករមានលទ្ធភាពប្រើម៉ាស៊ីនដែលប្រើថាមពលព្រះអាទិត្យជំនួសម៉ាស៊ីនម៉ាសូត។ លោកបន្ថែមទៀតថា រាជរដ្ឋាភិបាលត្រូវគ្រប់គ្រងទីផ្សារ និងតម្លាភាពដែលរួមមានទាំងការត្រួតពិនិត្យតម្លៃប្រេង ការកំណត់តម្លៃប្រេងក្នុងតម្លៃសមស្របមួយ ដោយមានការត្រួតពិនិត្យតឹងរ៉ឹងជាងមុន ដើម្បីការពារកុំឱ្យក្រុមហ៊ុនឯកជន យកចំណេញហួសហេតុពេក ក្នុងពេលមានវិបត្តិ។ ម្យ៉ាងទៀតកម្ពុជាត្រូវបង្កើនទុនបម្រុងប្រេងជាតិ ជំរុញឱ្យរដ្ឋមានឃ្លាំងស្តុកប្រេងយុទ្ធសាស្ត្រ ដើម្បីបញ្ចេញលក់ក្នុងតម្លៃធូរថ្លៃ នៅពេលដែលទីផ្សារពិភពលោកហក់ឡើងខ្លាំង។ លោកសុន ឆ័យ លើកឡើងថា៖« កម្ពុជាត្រូវកាត់បន្ថយចំណូលរដ្ឋ ដើម្បីរក្សាចំណាយពលរដ្ឋ តាមរយៈការបញ្ចុះពន្ធ និងការដាក់ចេញនូវគោលនយោបាយគាំពារសង្គម ជួយដល់កសិករ និងពលរដ្ឋដែលមានជីវភាពទន់ខ្យោយ»។លោកសុន ឆ័យ បន្ថែមទៀតថា រាជរដ្ឋាភិបាលចាំបាច់ត្រូវវិនិយោគលើថាមពលពន្លឺព្រះអាទិត្យ (Solar) ឱ្យបានច្រើន ជាពិសេសសម្រាប់វិស័យកសិកម្ម ដើម្បីកាត់បន្ថយការតម្រូវការប្រើប្រាស់ប្រេង។ របាយការណ៍ស្រាវជ្រាវរបស់ធានាគារអភិវឌ្ឍន៍អាស៊ីADB បានជំរុញឱ្យរដ្ឋាភិបាលនៃប្រទេសនានា ពីការឆ្លើយតបគោលនយោបាយសំខាន់ៗមួយចំនួន។ អនុសាសន៍ដំបូងADB ផ្ដល់យោបល់ឱ្យ អាជ្ញាធររដ្ឋគួររក្សាស្ថិរភាពជាជាងការលាក់បាំងកម្រិតថ្លៃជាក់ស្តែង ក្រោមហេតុផលថា ការបង្ហាញឱ្យឃើញថ្លៃថាមពលដែលកើនឡើង យ៉ាងហោចណាស់ អាចលើកទឹកចិត្តដល់ការសន្សំសំចៃថាមពល ការប្តូរការប្រើប្រាស់ប្រភេទឥន្ធនៈ និងការវិនិយោគលើប្រភពថាមពលជំនួស។ អនុសាសន៍ទី២ គឺ ADB ថា រដ្ឋគួរគាំទ្រសារពើពន្ធដែលចាំបាច់ តែត្រូវបានកំណត់គោលដៅ និងពេលវេលាច្បាស់លាស់។ អាទិភាពគួរតែត្រូវបានផ្តល់ដល់ការគាំទ្រដល់គ្រួសារដែលងាយរងគ្រោះ និងឧស្សាហកម្មដែលរងផលប៉ះពាល់បំផុត។ អនុសាសន៍ទី៣គឺសំដៅទៅ ធនាគារកណ្តាល។ ស្ថាប័ននេះ ជំរុញឱ្យធានាគារជាតិ គួរតែផ្តោតការតាមដានមើលនិន្នាការអតិផរណា(ទំនិញឡើងថ្លៃ)ហើយចាត់វិធានការអោយមានប្រសិទ្ធភាពនិងទាន់ពេលវេលា។ អនុសាសន៍ចុងក្រោយ គឺរដ្ឋាភិបាលគួរតែទប់ស្កាត់តម្រូវការថាមពលតាមដែលអាចធ្វើទៅបាន។ វិធានការជាក់ស្តែងរួមមាន ការកំណត់សីតុណ្ហភាពសម្រាប់ម៉ាស៊ីនត្រជាក់ ការកាត់បន្ថយការប្រើអគ្គិសនីដែលមិនចាំបាច់ យុទ្ធនាការសន្សំសំចៃអគ្គិសនី និងការធ្វើការពីផ្ទះ ឬការធ្វើការតាមកាលវិភាគបត់បែនខុសគ្នា៕

ស្ត្រីក្នុងវិស័យភាពយន្តប្រើទម្រង់សិល្បៈ និងតន្ត្រីផ្សះផ្សារបួសនៃអំពើហិង្សាយេនឌ័រ
ភាពយន្តខ្នាតខ្លី ដែលមានចំណងជើងថា «សំនៀងផ្កាលើវាលខ្សាច់ » ឬជាភាសាអង់គ្លេស "Chant of The Desert Flower" គឺជាស្នាដៃមួយ ដែលឆ្លុះបញ្ជាំងពីតថភាព នៃព្រឹត្តិការណ៍ពិត លើបញ្ហាអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ កុនខ្លីរយៈពេលប្រមាណ ១៥នាទីនេះ បង្ហាញសាច់រឿងជំនួបម្ដងទៀតរវាងម្ដាយ និងកូនប្រុស ដោយតួទាំងពីរមានពាក់របាំងមុខធ្វើពីស្បែក។ ក្នុងខ្សែភាពយន្តខ្លីនេះ អ្នកស្រី គឹម សោភា ដែលជាអ្នកដឹកនាំរឿង បានបង្កប់នូវខ្លឹមសារតាមរយៈ «របាំងមុខ» និង «របាំត្រុដិ» ដើម្បីឆ្លុះបញ្ចាំងពីអតីតកាលឈឺចាប់ និងសម្ពាធសង្គម។ អ្នកស្រីពន្យល់ថា របាំងមុខ គឺជារនាំងខណ្ឌចែករវាងតួម្ដាយ និងកូន ដោយសារតួម្ដាយបានឆ្លងកាត់អតីតកាលឈឺចាប់ព្រោះការរំលោភសេពសន្ទវៈ ហើយតួអង្គកូនប្រុសជាផ្លែផ្លា នៃភាពឈឺចាប់នោះ។ ក្នុងនោះអ្នកស្រីក៏បានរំលេច របាំត្រុដិ ដែលជារបាំប្រពៃណីមួយ ដែលតួអង្គ «សត្វប្រើស» ជាសត្វស្លូតបូត ដែលទំនងជាភ័យខ្លាចដោយសារព្រានព្រៃ ឬសត្វសាហាវ តាមប្រមាញ់ ទើបរត់ចូលភូមិដើម្បីរកសុវត្ថិភាព ប៉ុន្ដែអ្នកភូមិបែរជាមានផ្នត់គំនិតមួយថា ប្រើសជាសត្វព្រៃចង្រៃទៅវិញ ដែលក្នុងសង្គមជាក់ស្ដែង ជារឿយៗក៏មានការដាក់សម្ពាធ មើលងាយមើលថោក និងដាក់ទណ្ឌកម្មដោយមិនដឹងមូលហេតុ លើជនរងគ្រោះ ឬអ្នកដែលទន់ខ្សោយ។ អ្នកស្រី គឹម សោភា រៀបរាប់៖ «អ៊ីចឹង អ្នកដែលធំជាង គេអត់ហ៊ានប៉ះពាល់ទេ ស្ថិតនៅក្នុងអីក៏ដោយ និយាយទៅអ្នកដែលខ្សោយជាង តែងទទួលការដាក់ទណ្ឌកម្ម ការដាក់សម្ពាធ ការមើលងាយមើលថោកពីសង្គម។ អាហ្នឹងបងចង់ប្រៀបធៀបឱ្យឃើញថាសត្វប្រើសហ្នឹង ទៅជីវិតកុមារ ជីវិតស្ត្រី ឬក៏ជីវិតបុរសក៏ដោយ ដែលគាត់ទន់ខ្សោយជាង អ៊ីចឹងសម្ពាធហ្នឹង គេដាក់បន្តនៅលើគាត់ ដែលប្រៀបបាននឹងពួកគាត់ទទួលបានការមាក់ងាយពីរជាន់ គាត់ជាជនរងគ្រោះពីអាសត្វប្រមាញ់ដែលសាហាវផង ជាជនរងគ្រោះ នៃអ្នកភូមិទាំងមូលផង»។ អ្នកស្រី សោភា បានឱ្យដឹងអំពីសាច់រឿងបន្ថែមថា សេចក្ដីស្រលាញ់ ក្ដីសន្ដោសនៅតែមានពីតួអង្គម្ដាយចំពោះតួអង្គកូន។ អ្នកស្រីបន្ត៖ «យើងអត់ចង់និយាយពីការឈឺចាប់ហ្នឹងត្រលប់មកវិញទេ យ៉ាងណាវាមានបន្តិចដែរ ដើម្បីឱ្យដឹងរឿង តែយើងចង់ផ្ដោតសំខាន់ទៅលើសេចក្ដីស្រលាញ់ សេចក្ដីមេត្តារបស់ជនរងគ្រោះដោយសារការរំលោភបំពាន និងផលប៉ះពាល់លើយុវជន ឬកូនចៅជំនាន់ក្រោយ ដែលគាត់ត្រូវរែកសំពាយហ្នឹងជាប់ខ្លួនរបស់គាត់ ទាំងដែលមិនមែនជាជម្រើសរបស់គាត់»។ យ៉ាងណាការជ្រើសរើសយកតួកូនជាប្រុស អ្នកស្រី សោភា បញ្ជាក់ថាជាចេតនាដើម្បីឱ្យមនុស្សប្រុសដើរតួនាទីជាអ្នកនិយាយពីអារម្មណ៍ ដែលគាត់ឈឺចាប់ទៅមនុស្សប្រុសដូចគ្នា ឱ្យស្គាល់ពីសំពាយ និងសម្ពាធ ដែលតួអង្គបានរែកពន់។ អ្នកស្រីបញ្ជាក់៖ «ខ្ញុំជ្រើសរើសតួកូនប្រុសហ្នឹង ដោយសារចេតនាខ្ញុំចង់ឱ្យកូនប្រុស ក្នុងនាមជាប្រុសនិយាយទៅមនុស្សដូចគ្នាពីការឈឺចាប់ មិនថាមនុស្សស្រី ឬប្រុសទេ អ្នកដែលឆ្លងកាត់ការរំលោភបំពាន ឆ្លងកាត់ការឈឺចាប់បែបហ្នឹង គឺមានដូចគ្នា ប៉ុន្ដែស្ត្រីគាត់ងាយរងគ្រោះច្រើនជាង ស្រី្ត និងកុមារ»។ បើតាមអ្នកស្រី គឹម សោភា រឿងខ្នាតខ្លី «សំនៀងផ្កាលើវាលខ្សាច់» ទទួលការបំផុសគំនិតពីភាពយន្តឯកសារមួយមានចំណងជើងថា «មេខ្យល់» ឬ The Storm Maker ផលិតនៅឆ្នាំ២០១៤ និយាយអំពីខ្សែជីវិតក្មេងស្រីខ្មែរនៅជនបទ ដែលចាញ់បោកគេឱ្យទៅធ្វើជាអ្នកបម្រើនៅម៉ាឡេស៊ី។ នាងជាជនរងគ្រោះ ដោយការធ្វើបាបរំលោភបំពាន និងកេងប្រវ័ញ្ចដោយមិនបានប្រាក់ខែអស់រយៈពេល ២ឆ្នាំ និងថែមទាំងមានកូនម្នាក់ ដែលកើតចេញពីការរំលោភសេពសន្ថវៈ។ អ្នកស្រី សោភា៖ «ក្នុងមួយសាច់រឿងហ្នឹង ខ្ញុំស្លុតមែនទែន ខ្ញុំគិតដល់ក្មេង ដល់សាច់រឿងហ្នឹងដក់ក្នុងចិត្តអ៊ីចឹងទៅ ខ្ញុំក៏ស្រាវជ្រាវលើអ៊ីនធឺណែត ថាតើមានកូន ដែលកើតចេញពីការរំលោភបំពានមានប៉ុន្មានអ្នកលើពិភពលោក គឺមានច្រើន នៅអាហ្រ្វិកក៏មាន ទាំងនៅអាមេរិកក៏មាន អឺរ៉ុបក៏មាន»។ អ្នកចូលរួមទស្សនារឿង នៃមហស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៥ កញ្ញា រស់ វលក្ខណ៍ អាយុ ២៤ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនមួយកន្លែងនៅភ្នំពេញ បានបង្ហាញចំណាប់អារម្មណ៍ថា ក្នុងចំណោមរឿងខ្លីចំនួន៦រឿង ដែលបានចាក់បញ្ចាំង រឿងសំនៀងផ្កាលើវាលខ្សាច់ បានធ្វើឱ្យអារម្មណ៍កញ្ញាក្ដុកក្ដួល និងហូរទឹកភ្នែកដោយមិនដឹងខ្លួន។ កញ្ញាបន្ថែមថា ដោយសាររឿងនេះបង្ហាញអំពីក្តីស្រលាញ់រវាងម្ដាយ និងកូន ប៉ុន្ដែពួកគាត់ទាំងពីរមិនអាចសម្តែងក្តីស្រឡាញ់ឱ្យដូចម្តាយនិងកូនជាទូទៅ ព្រោះតែស្រមោលអតីតកាលរបស់ម្ដាយដែលត្រូវបានគេរំលោភសេពសន្ថវៈ។ កញ្ញា រស់ វលក្ខណ៍៖ «និយាយទៅរកតែយំមិនទាន់បាត់ទេបង សាច់រឿងទាំងអស់ហ្នឹង ចំណុចដែលខ្ញុំស្រាលាញ់ជាងគេ ពេលតួកូនសុំហៅតួម្ដាយថាម្ដាយ ដោយសារអ្នកទាំងពីរហ្នឹងយល់អំពីទំនាក់ទំនងរបស់ពួកគាត់ ដឹងថាពួកគាត់ជាអីនឹងគ្នា ពួកគាត់អាចផ្ដល់អីឱ្យគ្នាបាន ប៉ុន្ដែដោយសារស្រមោលអតីតកាល ភាពបាក់ស្បាតនៃអំពីព្រៃផ្សៃទាំងអស់ហ្នឹង ធ្វើឱ្យម្ដាយនិងកូនខ្លាចរអារគ្នា ម្នាក់រស់នៅក្រោមស្រមោលអតីតកាលរបស់ខ្លួនឯង ម្នាក់ទៀតត្រូវរង់ចាំអត់ហ៊ានហៅសូម្បីពាក្យថាម៉ែ ទាំងដែលដឹងថាម្នាក់ហ្នឹងគឺជាម្ដាយ»។ សម្រាប់វលក្ខណ៍ ការបង្ហាញរឿងវ៉ាង ដែលជាបញ្ហាសង្គមជាក់ស្ដែង តាមរយៈភាពយន្ត គឺជាការបំពងសំឡេងសម្រាប់ជនរងគ្រោះ និងការស្វែងរកដំណោះស្រាយ។ កញ្ញាអរគុណ និងសរសើរដល់ជនរងគ្រោះទាំងអស់ ដែលតែងតែបញ្ចេញសំឡេង និងងើបឈរដើម្បីបន្តជីវិត និងទាមទាររកយុត្តិធម៌។ កញ្ញាបន្ថែម៖ «មិនមែនថា នៅពេលពួកគាត់ទទួលបានទង្វើទាំងអស់ហ្នឹងពីពួកព្រៃផ្សៃអស់ហ្នឹង ហើយត្រូវតែកាប់សម្លាប់គេវិញទេ ប៉ុន្តែបើអាច គឺយើងត្រូវក្លាហានងើបឈរ រកយុត្តធម៌សម្រាប់ខ្លួនឯង។ [...]ខ្ញុំចង់ឱ្យគាត់[អ្នកដឹកនាំរឿង]ចេញជាសៀវភៅ…

ពលករខ្មែរភាគច្រើនដែលត្រឡប់ពីថៃ ជាប់បំណុលធ្ងន់ធ្ងរ
ពលករខ្មែរភាគច្រើន ដែលត្រឡប់ពីថៃជាប់បំណុលធ្ងន់ធ្ងរ។នេះបើតាមរបាយការសិក្សាស្រាវជ្រាវមួយដែលចេញផ្សាយដោយអង្គការសង់ត្រាល់។ សង់ត្រាល់ បានរកឃើញថា មានពលករខ្មែរដែលត្រឡប់ពីថៃដោយសារជម្លោះព្រំដែនជាង៧០ភាគរយជំពាក់បំណុលគេ ដោយជាមធ្យមជំពាក់ជាង៥ពាន់ដុល្លារក្នុងមួយគ្រួសារ។ តាមរយៈរបាយការណ៍វាយតម្លៃផលប៉ះពាល់នៃពលករខ្មែរចំណាកស្រុកដែលត្រឡប់ពីថៃ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់(CENTRAL) បានស្ទង់មតិពលករខ្មែរដែលត្រឡប់ពីថៃអំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ ចំនួន ៥២៧នាក់ ក្នុងចំណោមពលករត្រឡប់ពីថៃសរុប ៩០ម៉ឺននាក់។ ក្នុងនោះសង់ត្រាល់រកឃើញថា៖ «អំឡុងពេលស្ទង់មតិ អ្នកឆ្លើយតបចំនួន ៣៧២នាក់(៧១%) បានរាយការណ៍ថាខ្លួនមានបំណុល ដោយភាគច្រើនជំពាក់ម្ចាស់បំណុលស្ថាប័ន(៦០%) ពីរស្ថាប័ន(២៧%) និង១៣% ជំពាក់៣ស្ថាប័ន ឬច្រើនជាងនេះ»។ ការសិក្សានេះលើកឡើងទៀតថា ចំនួនប្រាក់បំណុលដែលពលករទាំងនោះជំពាក់គេគឺចន្លោះពី ៣០,៨ដុល្លារអាមេរិក ទៅ៣ម៉ឺន៥ពាន់ដុល្លារក្នុងមួយគ្រួសារ ហើយគិតជាមធ្យមគ្រួសារនីមួយៗជំពាក់បំណុល ៥៥០០ដុល្លារអាមេរិក។ របាយការណ៍បន្ត៖ «ចំនួនប្រាក់ដែលត្រូវសងម្ចាស់បំណុលប្រចាំខែគឺ២២០ដុល្លារសហរដ្ឋអាមេរិក។ ចំនួននេះខ្ពស់ខ្លាំង បើធៀបនឹងប្រាក់ចំណូលរបស់គ្រួសារនៅជនបទ ដែលពួកគេអាចរកបានក្នុងអំឡុងពេលគ្មានការងារធ្វើ»។ សង់ត្រាល់បញ្ជាក់ថា ម្ចាស់បំណុលពលរដ្ឋទាំងនោះរួមមានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កម្ចីឯកជន និងគ្រួសាររបស់ពួកគេ។ ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍ លោក ឌី ថេហូយ៉ា ចាត់ទុកបញ្ហាបំណុលដែលអតីតពលករធ្វើការនៅថៃកំពុងជួបប្រទះនេះ ជាបញ្ហាធ្ងន់ធ្ងរមួយ ព្រោះថាពលរដ្ឋជំពាក់បំណុលភាគច្រើនហាក់មិនអាចសងត្រឡប់ទៅម្ចាស់បំណុលវិញ។ លោកថា៖ «បញ្ហាជំពាក់បំណុល វាផ្នែកមួយដែលជាការប្រឈមរបស់ពួកគាត់ កំពុងតែគ្មានការងារធ្វើដើម្បីដោះបំណុល ហើយមួយផ្នែកទៀតពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ដែលគាត់ខ្វះខាត គ្មានប្រាក់ចំណូល មិនមានការងារធ្វើ មិនមានអីជាដើម។ អ៊ីចឹងបញ្ហាប្រឈមពីរទាំងបំណុលដែលត្រូវសងដោះគេផង និងជីវភាពប្រចាំថ្ងៃដែលគាត់ខ្វះខាតផង»។ លោក ហូយ៉ា អះអាងថា នៅពេលសង់ត្រាល់សំភាសន៍ពលករដែលត្រឡប់ពីថៃនោះ សង់ត្រាល់ក៏ទទួលដំណឹងថាមានករណីពលរដ្ឋសម្លាប់ខ្លួនដោយសារជំពាក់បំណុល ហើយលោក ហូយ៉ា ចាត់ទុកបញ្ហានេះជាបញ្ហាគ្រោះថ្នាក់។ លោកបន្ថែមថា៖ «អ៊ីចឹងជាចាំបាច់ រដ្ឋាភិបាលត្រូវតែគិតគូរអំពីបន្ធូរបន្ថយនូវលក្ខខណ្ឌនៃការសងបំណុល ក៏ដូចជាការដោះបំណុលអីហ្នឹង ។ ព្រោះមែនទែនទៅបើយើងវិភាគទៅលើរបៀបនៃការផ្ដល់បំណុលផ្ដល់កម្ចីនៅស្រុកខ្មែរហ្នឹង ខ្ញុំអាចនិយាយបានថាជាង៣ពាន់ស្ថាប័នមីក្រូហិរញ្ញវត្ថុនិងធនាគារនេះគឺជាទូទៅផ្ដោតតែលើការផ្ដល់កម្ចី ហើយកម្ចីទាំងអស់នោះក៏អត់បានគិតគូរអំពីថាតើការគ្រប់គ្រងប្រាក់ចំណូលប្រាក់កម្ចីយកទៅធ្វើអីដើម្បីប្រសិទ្ធភាពនៅឡើយទេ។ អ៊ីចឹងអាហ្នឹងវាជាកំហុសរបស់រដ្ឋទាំងមូលដែលធ្វើឱ្យពលរដ្ឋធ្លាក់ខ្លួនក្នុងអន្ទាក់បំណុល»។ ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃអ្នកស្រី គីន សុខុម ប្រាប់ប្រជាកាសែតថា កាលពីមុនអ្នកស្រីបានខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៥ពាន់ដុល្លារអាមេរិក ដើម្បីទិញដី។ ដោយហេតុថា មិនអាចរកប្រាក់សងគេបាន អ្នកស្រីបានសម្រេចខ្ចីពីអ្នកភូមិស្រុកជាមួយគាត់ដើម្បីសងមីក្រូហិរញ្ញវត្ថុនោះ។ អ្នកស្រី សុខុម បានឱ្យដឹងថា ក្រោយមកគាត់បានខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដដែលនោះម្ដងទៀតចំនួន ២ពាន់ដុល្លារអាមេរិកកាលពីខែមករាឆ្នាំ២០២៦ ដើម្បីសងបំណុលអ្នកភូមិស្រុកគាត់វិញ។ សព្វថ្ងៃអ្នកស្រីត្រូវសងបំណុលប្រចាំខែចំនួនជិត៨០ដុល្លារក្នុងមួយខែផង និងត្រូវចំណាយថ្លៃសាលាកូនៗគាត់ផង។ អ្នកស្រីថា៖ «ឥឡូវពិបាក ទៅរកចងការគេនៅភូមិក៏គេអត់ហ៊ានឱ្យយើង ហើយខ្ញុំនិយាយជាមួយអង្គការ[គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ]យកដើម្បីសងទៀត ក៏អង្គការគេលែងហ៊ានឱ្យយើងទៀត ដោយសារយើងអត់មានមុខរបរ»។ ស្ត្រីវ័យ៣៨ឆ្នាំរូបនេះឱ្យដឹងថា តាំងពីគាត់ត្រឡប់ពីប្រទេសថៃកាលពីខែកក្កដា ឆ្នាំ២០២៥ អ្នកស្រីមិនមានការងារធ្វើទេ គឺបានតែចំណូលបន្តិចបន្តួចដោយប្ដីគាត់ស៊ីឈ្នួលដកដំឡូងឱ្យគេ។ អ្នកស្រី សុខុមសំណូមពររដ្ឋាភិបាលថា៖ «សំណូមពរឱ្យាកត់ជួយហ្នឹងឯង ឱ្យគាត់ជួយយ៉ាងម៉េចឱ្យមានការងារធ្វើ ឱ្យមានលុយប្រចាំថ្ងៃប្រចាំខែមកជួយក្រុមគ្រួសារលោកគ្រូអ៊ើយមកពីស្រុកគេអង្ករក៏អត់មានហូបដែរដោយសារអត់មានស្រែធ្វើ ហើយក៏អត់បានធ្វើស្រែ»។ ជុំវិញករណីនេះ អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) លោក កាំង តុងងី មានប្រសាសន៍ថា នៅក្នុងរបាយការណ៍នេះ និយាយទាំងអ្នកជាប់បំណុលពីស្ថាប័នក្នុងប្រព័ន្ធ និងបំណុលក្រៅប្រព័ន្ធ។ លោកថា៖ «បំណុលនៅក្នុងរបាយការណ៍នេះ គឺមានទាំងបំណុលឯកជន ព្រោះគេប្រើពាក្យបំណុលឬក៏កម្ចីហ្នឹងវាមានទាំងក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធ អីចឹងក្នុងប្រព័ន្ធមានន័យថា គាត់ខ្ចីពីគ្រឹះស្ថានដែលមានអាជ្ញាប័ណ្ណដូចជាធនាគារ micro finance ដែលមានការការពារដោយច្បាប់ និងការប្រាក់មិនលើសពី ១,៥ភាគរយទេ។ តែក៏បានបញ្ជូលទៅកម្ចីក្រៅប្រព័ន្ធដែរ ដូចអ្នកចងការតាមភូមិ អ្នករកស៊ីកម្ចីផ្សេងៗហ្នឹងដែល ការប្រាក់គេលើសពី ១,៥ភាគរយ ហើយមិនមានការពាដោយច្បាប់ទេ»។ អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបញ្ជាក់ថា ការផ្ដល់កម្ចីទៅពលរដ្ឋនៅកម្ពុជា គឺបានសិក្សាពីលំហូរសាច់ប្រាក់របស់ពួកគេ និងលទ្ធភាពសងត្រឡប់ ហើយការផ្ដល់ឥណទាននេះគឺដោយគ្មានការរើសអើង។ លោកថា កាលបើពលរដ្ឋមានបញ្ហាប្រភពចំណូល នោះពួកគេមានបញ្ហាលំបាកក្នុងការសងលុយទៅកាន់ម្ចាស់បំណុលជាមិនខាន។ តែយ៉ាងណាលោកថា ទាំងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុសុទ្ធតែបានដាក់ចេញគោលនយោបាយដើម្បីបន្ធូរបន្ថយភាពតានតឹងរបស់ពលរដ្ឋ តាំងតែពីមុនកម្ពុជា-ថៃផ្ទុះអាវុធតាមព្រំដែន។ លោកបន្ថែមថា៖ «ពេលដែលមានសញ្ញាណប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃវិញ គឺវិស័យធនាគារក៏ដូចជាវិស័យមីក្រូហិរញ្ញវត្ថុទាំងមូលហ្នឹង គឺយើងបានដាក់ចេញនូវគោលនរយោបាយនៃការរៀបចំឥណទានឡើងវិញ ដែលគោលនរយោបាយនេះ មានគោលបំណងធ្វើម៉េចសម្រួលបន្ធូរនូវសម្ពាធសាច់ប្រាក់ ក្នុងការសងត្រឡប់របស់ប្រជាពលរដ្ឋ ឬពលករយើងហ្នឹងក្នុងការសងត្រឡប់មកគ្រឹះស្ថាន»។ លោក កាំង តុងងី ថាប្រសិនបើពលករមានបញ្ហាក្នុងការសងត្រឡប់ ពួកគេអាចស្នើសុំធនាគារ ឬគ្រឹស្ថានមីក្រូហិរញ្ញវត្ថុដែលពួកគេទទួលបានប្រាក់កម្ចីនោះ ដើម្បីសិក្សាលិទ្ធភាពដើម្បីរៀបចំឥណទានឡើងវិញជូនពួកគេ។ លោកថា៖ «ក្នុងករណីដែលយើងមើលទៅ ពលរដ្ឋហ្នឹងគាត់មានផលប៉ះពាល់ធ្ងន់ធ្ងរ គេអាចឱ្យគាត់ផ្អាកសងរយៈពេល ៣ខែឬក៏៦ខែ អាស្រ័យទៅតាមលក្ខខណ្ឌជាក់ស្តែងរបស់គាត់»។ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សង្កេតឃើញថា មូលហេតុដែលបណ្ដាលឱ្យពលរដ្ឋខ្មែរជំពាក់បំណុលរួមមាន ជីវភាពខ្វះខាត ភាពគ្មានការងារធ្វើ តម្រូវការការព្យាបាលសុខភាព ការទិញសម្ភារៈ មធ្យោបាយធ្វើដំណើរ ការសាងសង់លំនៅដ្ឋាន ការពង្រីកមុខរបរ និងការធ្វើកសិកម្មប៉ុន្តែខ្វះបច្ចេកទេសនិងទីផ្សារជាដើម។ លោកថា៖ «កន្លងមកយើងសង្កេតឃើញមានកង្វះខាតបទប្បញ្ញត្តិ និងការការពារអ្នកខ្ចី មិនមានយន្តការតវ៉ាដែលមានប្រសិទ្ធភាព ឬឯករាជ្យសម្រាប់អ្នកខ្ចីដែលកំពុងត្រូវបានគេរំលោភបំពានដើម្បីប្រើប្រាស់នោះទេ»។ ករណីនេះ លោក អំ សំអាត ឱ្យយោបល់ថា រដ្ឋាភិបាលកម្ពុជាគួរតែអនុវត្តច្បាប់ការពារអ្នកខ្ចី រួមទាំងការដាក់ទណ្ឌកម្មធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បើរកឃើញថាពួកគេរំលោភបំពានអតិថិជន ឬដាក់សម្ពាធ។ លោកបន្ថែមថា៖…

ប្រជាសហគមន៍ព្រៃឈើ ទាមទារជាថ្មីនូវសិទ្ធិសេរីភាពចុះល្បាតការពារព្រៃឈើ
សហគមន៍ការពារព្រៃឈើមួយចំនួន បានលើកឡើងថា ការខ្វះសិទ្ធិចុះល្បាតព្រៃ និងការតម្រូវលិខិតអនុញ្ញាតមុន ចំពោះការចូលប្រមូលអនុផលព្រៃ កំពុងបង្កឧបសគ្គធំបំផុតចំពោះការចូលរួមការពារព្រៃរបស់ពួកគេ។ ពួកគេស្នើឲ្យរដ្ឋាភិបាលបើកលំហសេរីភាព ផ្តល់សិទ្ធិច្បាស់លាស់ និងគាំទ្រថវិកា ឱ្យសហគមន៍ ដើម្បីធានាថាព្រៃឈើនឹងទប់ស្កាត់បទល្មើស និងរក្សាទុកសម្រាប់ជំនាន់ក្រោយ។ យុវជនពីព្រៃឡង់ នៅខេត្តស្ទឹងត្រែង លោក ឈៀង ឡុង បានលើកឡើងថា ព្រៃឈើមានសារៈសំខាន់ខ្លាំងសម្រាប់ជីវភាពប្រជាពលរដ្ឋ ។ លោកបានលើកថារយៈពេលពីឆ្នាំ២០២៥នេះ ខាងមន្ត្រីបរិស្ថាន ត្រូវការលិខិតអនុញ្ញាតជាមុនចុះល្បាតព្រៃ ដែលបានក្លាយជាឧបសគ្គ និងធ្វើឲ្យការចូលរួមការពារព្រៃរបស់សហគមន៍មានការលំបាកសម្រាប់សហគមន៍។ យុវជននិយាយថា៖ «ចំពោះសម្រាប់ប្រជាបងប្អូនរបស់ពលរដ្ឋនៅជុំវិញព្រៃឡង់ ប្រៀបធៀបឆ្នាំងបាយរបស់គាត់ ឬប្រៀបធៀបថាជាធនាគារបស់គាត់ដែល ដោយសារដល់ខែអនុផលព្រៃឈើ ទៅតាមរដូវកាលដូចជា ផ្លែគុយឬក៏ ផ្លែឈើអីផ្សេងៗ ហើយអ្វីដែលសំខាន់គឺអាចរកឧសថបុរាណនៅក្នុងនឹងតំបន់ព្រៃឡង់សម្រាប់ស្ត្រីឆ្លងទន្លេរ ស្ត្រីកូនខ្ចី អាចធ្វើជាឪសថសម្រាប់ព្យាបាលក្រពះពោះវៀងបានដូចគ្នា។ ត្រូវការលិខិតជាមុនសិន ដើម្បីឲ្យគិតថាទៅកាន់អ្នកពាក់ព័ន្ធ ដែលរយៈពេលពេលប៉ុន្មានឆ្នាំចុងក្រោយនេះដូចជាមិនចង់ឲ្យចុះល្បាត»។ យុវជនបានបង្ហាញការព្រួយបារម្ភថា ប្រសិនបើមិនអនុញ្ញាតឲ្យសហគមន៍ចុះល្បាតទេ ព្រៃឡង់អាចប្រឈមនឹងការបាត់បង់យ៉ាងលឿន។ លោកបានបញ្ជាក់ថា សហគមន៍មានតួនាទីសំខាន់ក្នុងការទប់ស្កាត់បទល្មើស ហើយការចូលរួមរបស់ពួកគេអាចជួយរក្សាព្រៃឲ្យបានយូរអង្វែងសម្រាប់អនាគត។ លោកនិយាយថា៖ «សម្រាប់ខ្ញុំគឺមានការព្រួយបារម្ភ បើគេបិទមិនឲ្យសហគមន៍ចុះល្បាត មិនឲ្យដាច់ខាត ប្រសិនជាមនមានសហគមន៍ចុះល្បាតទេគិតថា ងាយទៅនឹងរងគ្រោះ ងាយនឹងបាត់បង់ព្រៃឡង់ដោយសារតែផ្សព្វថ្ងៃ មើលតាមជាក់ស្តែងគឺមានសហគមន៍បានទប់ស្កាត់បទល្មើសប្រសិនជាយើង អត់ជួយទេគិតថាប្រាំឆ្នាំឬ ១០ឆ្នាំទៅមុខវានឹងអាចបាត់បងលឿន ។បើយើងទប់ស្កាត់វានឹងមិនអាចមានការបាត់បងទេទៅ២០ទៅ ៣០ឆ្នាំបន្តទៀត»។ លោកបានស្នើឲ្យអាជ្ញាធរបរិស្ថាន មិនគួរហាមឃាត់សហគមន៍ក្នុងការចុះល្បាតព្រៃឡង់ទេ ព្រោះសកម្មភាពនេះជួយទប់ស្កាត់បទល្មើស និងរក្សាទុកធនធានសម្រាប់ជំនាន់ក្រោយ។ស្របពេលនេះដែលលោកចង់អំពាវនាវឲ្យមានការគាំទ្រពីអង្គការផ្សេងៗ ដូចជា ថវិកា និងសម្ភារៈ។ យុវជនសហគមន៍ព្រៃព្រះរការ អ្នកស្រី រុំ ប៊ុនណា មកពី ព្រៃព្រះរកា ខេត្តព្រះវិហារ បានលើកឡើងថានៅក្នុងទិវានេះថា បច្ចុប្បន្នព្រៃព្រះរកាត្រូវបានគ្រប់គ្រងដោយអាជ្ញាធរពីរផ្នែក គឺមន្ទីរបរិស្ថាន និងមន្ទីរកសិកម្ម ដែលមានតួនាទីសំខាន់ក្នុងការការពារធនធានធម្មជាតិ។ ចំណែកឯខាងសហគមន៍វិញមិនមានសិទ្ធិទៅឃាត់ជនល្មើសបាននោះទេ ។ យុវជនលើកឡើងថា៖ «បើអាចបានចង់ឲ្យមានការសហការស្ថាប័នបីរនឹងចូលរួមសហការក្រុមយើងធ្វើជាមួយគ្នាបានល្អ ហើយការបង្កើនសហការនេះផងដែលថ្មីនេះមានការប្រសើរជាងមុនដែល»។ អ្នកស្រីបានលើកឡើងថា ជាកង្វល់ទៅកាន់សហគមន៍គឺទៅលើនិតិវិធីសុំលិខិតជាមុនមុនចុះល្បាតព្រៃ ដោយពួកគេខ្វះជំនាញរៀបចំឯកសារ និងពេលខ្លះមិនទទួលបានការឆ្លើយតបទាន់ពេលពីអាជ្ញាធរ។អ្នកស្រីបន្តថា ភាពមិនច្បាស់លាស់ និងការខ្វះការសហការបានបង្កឧបសគ្គដល់ការចូលរួមការពារព្រៃរបស់សហគមន៍។ អ្នកស្រីថា ៖ « ប៉ុន្តែមិនទាន់ការប្រជុំចែករំលែកឬជូនដំណឹងសម្រាប់សហគមន៍ថា ពីតំបន់ណាទៅតំបន់ជារបស់បរិស្ថាន កន្លែងណាដែលជាប្រជាពលរដ្ឋ អាស្រ័យផលបានដូចអត់ទាន់មានយើងមាននៅអត់ច្បាស់លាស់ទាំងអស់គ្នា»។ អ្នកស្រីស្នើរសុំថា ៖ «ធ្វើយ៉ាងម៉េចចង់ស្នើរឲ្យអ្នកពាក់ព័ន្ធ ក៏ដូចជាសមាជិកនៅក្នុងជួរអ្នករាជការដែលធ្វើការទាក់ទងទៅនឹងខាងព្រៃឈើបរិស្ថានទាំងអស់នឹង ចង់ឲ្យគាត់បើកជំហរទូលាយជាមុនទៅកាន់សហគមន៍ ធ្វើអីមួយឲ្យគាត់ពិភាក្សាគ្នា យើងត្រូវការដោះស្រាយព្រមគ្នាចឹងហាដើម្បីឲ្យយើងនឹងងាយស្រួល កុំឲ្យពេលទៅហើយបញ្ហាចោទប្រកាន់ខាងណោះ [សហគមន៍] បើកជំហរទាំងអស់គ្នាពិភាក្សាទាំងអស់គ្នា ដោះស្រាយព្រៃឈើព្រមគ្នា»។ ចំណែកឯ លោក សេង ណារ័ត្ន យុវជនព្រៃឡង់ខេត្តកំពង់ធំ ជាអ្នកចូលរួមកម្មទិវាថា នៅចុងឆ្នាំ ២០២៥នេះខាងសហគមន៍បណ្តាញព្រៃឡង់ខាងកំពង់ធំ គឺមានការរឹតត្បិតពីមន្ត្រីឧទ្យាននុរក្ស ដែលមិនអនុញ្ញាតឲ្យសហគមន៍ចូលទៅចុះល្បាតក្នុងតំបន់ព្រៃឡង់ឡើយ។ លោកនិយាយថា៖ «តំបន់អ្នកការពារបែរជាគាត់ហាមឃាត់ បើអ្នកដែលចូលទៅបំផ្លាញធនធានធម្មជាតិបែរជាគាត់លូកដៃឲ្យចូល។ ប្រសិនជាពួកគាត់រឹតបណ្តឹងច្បាប់ឲ្យបានតឹងរឹង មានន័យថាប្រសិនជាអត់មានអំពើរពុករលួយ ឈើក៏មិនអាចចេញពីព្រៃឡង់បានដែល ដោយសារតែទីស្នាក់ការបរិស្ថានគឺ មិនឆ្ងាយពីគ្នាទេ គ្រប់ច្រកធំៗទាំងអស់ ហេតុអ្វីនៅតែមានឈើចេញពីព្រៃឡង់បាន»។ លោកបានលើកឡើងថា ចាប់ពីចុងឆ្នាំ២០២៥ ដល់ដើមឆ្នាំ២០២៦ សហគមន៍ត្រូវបានហាមឃាត់មិនឲ្យចុះល្បាតព្រៃ ឬថតវីដេអូក្នុងតំបន់ព្រៃឡង់ ខណៈអាជ្ញាធរអះអាងថា តំបន់នេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ លោកនិយាយថា៖ «ខ្ញុំគិតថាវាខុសច្បាប់ទាំងស្រុង ដោយសារតែព្រៃឡង់គឺជាព្រៃយើងទាំងអស់គ្នា សូម្បីតែការគ្រប់គ្រងតែការគ្រប់គ្រងរបស់ក្រសួងបរិស្ថានក៏ដោយប៉ុន្តែសហគមន៍គឺដើម្បីតែផលប្រយោជន៍រួម ដើម្បីផលប្រយោជន៍ទាំងអស់គ្នា យើងការពារព្រៃឈើដើម្បីទាំងអស់គ្នា ដល់ពេលគាត់បែរជាហាមឃាត់សហគមន៍មិនឲ្យចូលទេ គឺរឿងនេះដែលពួកខ្ញុំមិនពេញចិត្តនឹងក្រសួងបរិស្ថាន»។ លោកបន្តថា៖ «សុំក្រសួងបរិស្ថានបើកចិត្តឲ្យទូលាយ ទៅកាន់សហគមន៍មូលដ្ថានជាពិសេសគឺបណ្តាញព្រៃឡង់ទាំងបួនខេត្ត មិនថាបណ្តាញព្រៃឡង់នោះទេ ទាំងយុវជន និស្សិតអង្គការផ្សេងៗ ដែលគាត់ស្រឡាញ់ធនធានធម្មជាតិសូមមេត្តាបើកចិត្តឲ្យទូលាយ ដើម្បីឲ្យសហគមន៍មូលដ្ឋានឲ្យចូលចុះល្បាតចុះសិក្សាក្នុងតំបន់ព្រៃឡង់ដូចកាលពីរ ២០១៦ ២០១៧ ។» អនុប្រធានមន្ទីបរិស្ថានខេត្តព្រះវិហារ លោក មាស ញឹមបានបញ្ជាក់ថា ធនធានធម្មជាតិមិនមែនជារបស់បុគ្គលទេ តែជារបស់រួមរបស់ជាតិ។ លោកបន្តថាបទល្មើសដែលទាក់ទងនឹងធនធានធម្មជាតិ មិនមែនជាតួរនាទីផ្តាច់មុខរបស់បរិស្ថានទេ តួរនាទីរបស់បរិស្ថានគឺត្រួតពិនិត្យ និងគ្រប់គ្រងបទល្មើសទូទៅនៅតំបន់។ លោកលើកទឹកចិត្តឲ្យសហគមន៍ ចូលរួម និងសហការជាមួយមន្ទីបរិស្ថាន គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋទាំងអស់ ដែលក្នុងនោះក្រសួងបរិស្ថាន មានបែបបទដែលតម្រូវឲ្យប្រជាពលរដ្ឋចូលរួម និងសហការជាមួយមន្ទីរ។ លោកនិយាយថា ៖«ជាទូទៅច្បាប់ស្តីតំបន់ការពារធនធានធម្មជាតិ គេបែងចែកជាបួនតំបន់ តំបន់ហាមឃាត់ដាច់ខាត តំបន់ខ្សែរក្រវ៉ាត តំបន់អនុញ្ញាតនិង តំបន់អភិវឌ្ឍន៍ ចឹងហើយបើពួកគាត់ ឆ្លល់កន្លែងណាឬពាក់ព័ន្ធកន្លែងណាអាចទៅជួបខ្ញុំនៅកន្លែងមន្ទីបរិស្ថាននៅពេលណាក៏បាន»។ លោកក៏បានលើកឡើងថា ក្នុងឆ្នាំ ២០២៥ មានជាង ១០០ ករណីបទល្មើសព្រៃឈើ ត្រូវបានបញ្ជូនទៅតុលាការ ជាផ្នែកនៃការខំប្រឹងរបស់អាជ្ញាធរ។ កាលពីថ្ងៃទី ១៧ មីនា ២០២៦ សហគមន៍ព្រៃឡង់បានជួប និងទទួលស្វាគមន៍ពី រដ្ឋមន្ត្រីក្រសួងបរិស្ថាន អ៊ាង សុផល្លែត ដែលក្នុងការជំនួបនេះ បានជំរុញឲ្យអង្គការដៃគូ និងសហគមន៍ចូលរួមការងារអាទិភាពរបស់ក្រសួង ដើម្បីពង្រីកវិសាលភាពគម្របព្រៃឈើ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដោយចីរភាព។រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន…

ធនធានធម្មជាតិក្នុងសហគមន៍ព្រៃឈើថយចុះ នាំឱ្យប្រជាសហគមន៍ព្រៃឈើបាត់ចំណូល
ព្រៃសហគមន៍មានសារៈសំខាន់សម្រាប់ទ្រទ្រង់ជីវភាពប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលពីព្រៃឈើ។ប្រជាសហគមន៍ឈើទាលព្រឹសឱ្យដឹងថា ពីមុនពួកគាត់អាចរកចំណូលពីអនុផលព្រៃឈើជាច្រើន ដូចជា រកជ័រច្បោះ (១កាន ៦ម៉ឺន រហូតទៅ១០ម៉ឺង) និងរកឃ្មុំព្រៃ ម្យ៉ាងទៀតសមាជិកទទួលបានប្រាក់កម្រៃអំពីការចុះល្បាតព្រៃទៀតផង។ ប៉ុន្តែបច្ចុប្បន្នធនធានទាំងនេះបានថយចុះយ៉ាងខ្លាំង ដោយប្រជាពលរដ្ឋអាចប្រមូលបានតែអនុផលមួយចំនួនដូចជា ផ្សិត បោចវល្លិ៍ ផ្លែគុយ និងរុក្ខជាតិឱសថបុរាណប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្ដី ប្រជាសហគមន៍នៅប្ដេជ្ញាថែររក្សាព្រៃឈើដែលនៅសេសសល់ដើម្បីប្រយោជន៍មនុស្សជំនាន់ក្រោយ។ លោក ពេជ្រ សារឿន ធ្វើការស្ទើពាក់កណ្តាលជីវិតទៅហើយ ក្នុងនាមជាអ្នកការពារព្រៃឈើ ។ ស្បែករបស់គាត់ឡើងជ្រីវជ្រួញដោយសារតែការចុះល្បាតក្នុងព្រៃទៅតាមការប្រែប្រួលអាកាសធាតុ រីឯស្បែកមុខសម្បុរសណ្តែកបាយ។ លោក បានចុះល្បាតព្រៃឈើជាមួយអ្នកភូមិផ្សេងទៀត រហូតក្លាយប្រធានដឹកនាំដ៏សកម្ម នៅតំបន់ព្រៃសហគមន៍ឈើទាលព្រឹស ប្រមាណ៤ឆ្នាំមកហើយ។ លោកបានលើកឡើងថា៖ «មុននឹងបានកកើតព្រៃសហគមន៍នេះ បណ្តាញសហគមន៍ទូទាំងភូមិ ស្នើរសុំលិខិតមេភូមិមេឃុំ ធ្វើលិខិត ទៅរដ្ឋបាលព្រៃឈើដើម្បីបង្កើតព្រៃសហគមន៍នេះឡើង ពីព្រោះ ព្រៃនេះគ្មានព្រៃណានៅសេសសល់មុខដំបូងទេ គ្រាន់នៅព្រៃនេះ ល្អ[កាល]ពីមុន»។ លោកបានរៀបរាប់ថា ក្នុងការការពារធនធានព្រៃឈើ សហគមន៍ព្រៃឈើទាលប្រឹសតែងតែរៀបចំការចុះល្បាតជាប្រចាំ ដោយមុនពេលចុះល្បាត សហគមន៍តែងរាយការណ៍ និងសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានដែលជាគណៈកម្មការ ដើម្បីស្នើសុំការចូលរួម និងការគាំទ្រក្នុងការចុះពិនិត្យតំបន់ព្រៃ ប្រហែល ៣ ដងក្នុងមួយខែ។ ប៉ុន្តែក្នុងករណីដែលមានបទល្មើសព្រៃឈើកើនឡើង ការចុះល្បាតអាចកើនដល់ ៤ ទៅ ៥ ដងក្នុងមួយខែ។ លោកបន្ថែមថា សហគមន៍ព្រៃឈើទាលប្រឹសសហការជាមួយសកម្មជនការពារព្រៃឈើដទៃទៀតដូចជាតំបន់ ព្រៃឡង់ ដើម្បីចូលរួមក្នុងសកម្មភាពចុះល្បាត និងតាមដានស្ថានភាពព្រៃឈើ ជាដើម។ លោកថា៖ «បញ្ហាដំណាក់ចុងក្រោយនេះ ផ្លាស់ប្តូរខ្លាំង គឺច្បោះក៏អត់មាន ឃ្មុំព្រៃគឺគ្មានដែលគឺភាគតិចមិនបាន៥ភាគរយផងឃ្មុំសព្វថ្ងៃនឹងវាថយចុះ អាពេលដែលវាដល់ខែផ្សិត និងឧសថបានដោយគ្នា»។ លោកបានលើកឡើងថា ក្នុងការចុះល្បាត និងទប់ស្កាត់បទល្មើសព្រៃឈើ កន្លងមកលោកធ្លាប់ប្រឈមនឹងការគំរាមកំហែងប្រហែល ៣ ដង ពីអ្នកកាប់ព្រៃខុសច្បាប់ ដែលខ្លះមានខ្នងបង្អែកអំណាច។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា ក្រុមសហគមន៍ធ្វើការតាមច្បាប់ និងមានភស្តុតាងច្បាស់លាស់ ហើយនៅតែបន្តសហការជាមួយអាជ្ញាធរ ដើម្បីការពារព្រៃ និងចាប់បទល្មើស។ លោកលើកឡើងថា ៖ «បើការគំរាមគំហែងវិញមានការគំរាមគំហែងមែន មានតែចម្ងាយទេគេមិនហ៊ានជាមួយនឹងខ្ញុំទេព្រោះខ្ញុំបានសហការគ្នាជាមួយនឹងគេបាន។ ខ្ញុំខ្លាំងធ្វើតាមច្បាប់ ខ្ញុំឃើញខ្ញុំច្បាប់ឲ្យតែក្នុងព្រៃនេះបើខាងក្រៅ បើក្រៅពីព្រៃចុងច្រមុះខ្ញុំ ខ្ញុំអត់ចាប់ទេ ដោយមិនអាចទប់ស្កាត់ខ្ញុំបានទេ»។ សហគមន៍ព្រៃឈើទាលប្រឹស នៅ ខេត្តស្ទឹងត្រែង ត្រូវបានរដ្ឋាភិបាលទទួលស្គាល់នៅឆ្នាំ ២០១៥ ហើយបានចុះកិច្ចព្រមព្រៀងគ្រប់គ្រងព្រៃសហគមន៍លើផ្ទៃដី ៦៦៤ ហិកតា ក្នុងឆ្នាំ ២០១៧ ដែលមានសុមាលភាព ១៥ឆ្នាំ។ ខណៈផែនការគ្រប់គ្រងត្រូវបានអនុម័តនៅឆ្នាំ ២០១៩។ សហគមន៍មានសមាជិក ៥៨៩ នាក់ ក្នុងនោះភាគច្រើនជាជនជាតិដើមភាគតិចកួយ ដែលពឹងផ្អែកលើការធ្វើស្រែចម្ការ និងប្រមូលអនុផលព្រៃឈើ ដើម្បីចិញ្ចឹមជីវភាព។ អ្នកស្រី អាន ធារី អាយុ ២១ ដែលជាអ្នកស្រឡាញ់ធម្មជាតិ និងបានចូលរួមសកម្មក្នុងការការពារព្រៃឈើជាមួយសហគមន៍ឈើទាលព្រឹសជាង១ឆ្នាំ។ អ្នកស្រីថា ការចុះល្បាតព្រៃនេះមិនត្រឹមតែការពារព្រៃនោះទេ ថែមទាំងបានរៀនសូត្រអំពីធនធានធម្មជាតិ ពូជសត្វព្រៃ និងតម្លៃនៃព្រៃឈើ ដែលអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់មនុស្ស និងសង្គម ដូចជាផលិតផលធម្មជាតិ និងឱសថបុរាណ។ យុវតីថា៖ «ពីមុនគឺច្រើនសឹងតែថារាល់ថ្ងៃអ្នកដឹកឈើ ពេលដល់បច្ចុប្បន្នចាប់ពីសហគមន៍ឈើទាល់ព្រឹសគាត់ បានចុះសកម្មរហូតទៅធ្វើឲ្យ ពួកគាត់អត់សូវហ៊ានចូលបំផ្លាញក្នុងព្រៃឈើរបស់យើងទេដោយមានការកាត់បន្ថយខ្លះ។ ប្រហែល២ឆ្នាំចុងក្រោយនេះ»។ យុវតីស្ម័គ្រចិត្តដោយមិនបានប្រាក់កម្ចី អ្នកស្រីថាក្នុងនាមជាស្ត្រី តែងតែប្រឈមនឹងការរិះគន់ និងការវាយតម្លៃអវិជ្ជមានពីមជ្ឈដ្ឋានខាងក្រៅ ដែលគិតថាការចូលព្រៃគឺសមស្របតែសម្រាប់បុរស។ អ្នកស្រីនិយាយថា៖ «ខ្ញុំគិតថាឈ្មួញឥលូវ ឈើកាន់តែអស់ហើយ វាកាន់តែឡើងថ្លៃ ធម្មតាសហគមន៍របស់យើងមើលទៅពួកគាត់សេដ្ឋកិច្ចរបស់ពួកគាត់ធ្លាក់ចុះ ការយកប្រាស្រ័យទៅឲ្យឈ្មួញធំៗ ហើយ។ ប្រសិនជាមិនមានការចុះល្បាតព្រៃនោះទេវាអាចនឹងសេរីក្នុងការកាប់បំផ្លាញព្រៃឈើតាមតែអំពើចិត្តរបស់គាត់ដែលគាត់អាចធ្វើទៅបាន»។ អ្នកស្រីនិយាយថា៖ «ប្រសិនជាបរិស្ថាន នៅមូលដ្ឋានទាំងមូលនេះជាពណ៌បៃតង ហើយយើងក៏អាចកាត់បន្ថយ អេឡិចត្រូនិចដែលបំពុលដូចជាម៉ូតូ ផ្សែងឡាន បំពុលដោយបរិដ្ឋានដូចជាសំរាម កាកសំណង់អីប្រសិនជាធនធានធម្មជាតិពោរពេញដោយពណ៌បៃតងវាច្រើនជាងការបំផ្លាញសង្គម ហើយសុខភាពរបស់យើងវារីកចម្រើនទទួលបានអុកស៊ីសែន ជាច្រើនពីធនធានធម្មជាតិ។ ប្រសិនជាយើងថែរក្សាវាឲ្យបាននៅច្រើនក៏កូនចៅយើងស្គាល់ធនធានធម្មជាតិដូចយើងដែល ហើយក៏ចង់ឲ្យពួកគាត់ស្គាល់សត្វព្រៃដែល មានពីដើមពីដូនតាមកឲ្យគាត់ស្គាល់ដូចយើងដែល»។ អនុប្រធានសហគមន៍ឈើទាលព្រឹសជា លោក សៀវ សី បានលើកឡើងថា ការងារចុះល្បាតព្រៃគឺមានសារៈសំខាន់សម្រាប់សហគមន៍ និងអាចផ្តល់ប្រាក់កម្រៃជួយគាំទ្រការងារ។ ទោះជាយ៉ាងណា ការងារនេះក៏មានការលំបាក ដូចជាផ្លូវពិបាក និងការចុះល្បាតនៅពេលយប់ ដែលអាចប្រឈមហានិភ័យខ្ពស់និងពេលខ្លះដែលសមាជិកមិនមានប្រាក់កម្រៃធ្វើការងារស្ម័គ្រចិត្តដែរ។ លោកនិយាយថា ព្រៃឈើមានសារៈប្រយោជន៍ច្រើន ដោយផ្តល់ធនធាន និងបន្លែព្រៃសម្រាប់សមាជិក ហើយបើគ្មានព្រៃ ការរស់នៅ និងការធ្វើចម្ការនឹងជួបការលំបាក។ លោកនិយាយថា៖ «ប្រសិនជាព្រៃអត់មានវាពិបាកទៅលើផ្នែកចម្ការ ព្រោះបន្លែអ្វីផ្សេងៗក៏វាយ៉ាបដែលជួនកាលសមាជិក ដូចជាត្រួយសោមអីនឹង វាអាចជិះមក»។ ចំណែកសមាជិកម្នាក់ទៀត លោក ខៀវ សាលឹម អាយុ ៥២ ឆ្នាំ បានចូលជាសមាជិកសហគមន៍ព្រៃឈើទាលព្រឹសអស់រយៈពេល ៦ ឆ្នាំ។ លោកនិយាយការងាររបស់លោកគឺពឹងផ្នែកចុះល្បាតព្រៃដើម្បីរកកម្រៃ ដែលអាចជួយចំណាយថ្លៃសាំង និងការងារផ្សេងៗ។…

ទំនុកចិត្តលើប្រព័ន្ធធនាគារត្រូវយកមកពិភាក្សា បន្ទាប់ពីមនុស្សម្នារាប់រយនាក់សម្រុកទៅដកប្រាក់នៅធនាគារAPD
ប្រតិកម្មចម្រុះកើតឡើងដោយផ្ដោតសំខាន់លើទំនុកចិត្តលើធនាគារនៅកម្ពុជា បន្ទាប់ពីមនុស្សម្នារាប់រយនាក់សម្រុកទៅដកប្រាក់នៅធនាគារAPDកាលពីថ្ងៃទី១៦ខែមីនា២០២៦។អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា អ្នកស្រី ជា សិរី ចេញសារអំពាវដ៏កម្រមួយ អំពាវនាវប្រាប់ទៅពលរដ្ឋកុំទៅដកប្រាក់ពីធនាគារព្រមៗគ្នា។ សមាគមធនាគារនិងសមាគមមីក្រូហិរញ្ញវត្ថុ អំពាវនាវឱ្យពលរដ្ឋកុំជឿលើព័ត៌មានញុះញុងហើយត្រូវជឿលើប្រព័ន្ធធនាគារនៅកម្ពុជា។ អ្នកជំនាញសេដ្ឋកិច្ចលើឡើងពីស្ថានភាពជាក់ស្ដែងក្នុងវិស័យធនាគារ ចំណែកឯពលរដ្ឋទទូចឱ្យមានដំណោះស្រាយល្អប្រសើរ។ អតិថិជនរាប់រយនាក់របស់ធនាគារអេភីឌី ឬធនាគារអេភីឌី ឬAPD (Asia Pacific Development Bank)បានទៅជួបជុំគ្នានៅមុខស្នាក់ការកណ្ដាលធនាគារនេះ ក្នុងតំបន់បឹងកក់ ដោយស្នើសុំដកប្រាក់របស់ខ្លួន។ ប៉ុន្តែភាគីធនាគារAPDបញ្ជាក់ក្នុងសេចក្ដីប្រកាសថា ប្រព័ន្ធធនាគារមានបញ្ហាដែលជាហេតុនាំឱ្យធនាគារអាចដកប្រាក់ឱ្យអតិជនម្នាក់ៗត្រឹម៣០០ប៉ុណ្ណោះ។ អតិថិជនមួយចំនួនឱ្យដឹងថា ពួកគាត់បារម្ភខ្លាចធនាគារអស់ប្រាក់គ្មានប្រាក់បើកឱ្យពួកគាត់។ នៅសៀលថ្ងៃទី១៦ខែមីនាឆ្នាំ២០២៦ អគ្គទេសាភិបាលធនាគារជាតិ អ្នកស្រី ជា សិរី លើកឡើងក្នុង វីដេអូថតទុកនិងផ្សាយតាមបណ្ដាញសង្គមផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ដោយរៀបរាប់ពីដំណើរការប្រតិបត្តិការរបស់ប្រព័ន្ធធនាគារ។ អ្នកស្រីថែមទាំងពន្យល់ ពីរបៀបដែលធនាគារប្រមូលប្រាក់បញ្ញើ ប្រមូលប្រាក់សន្សំនិងរបៀបផ្ដល់ឥណទានទៅកាន់អតិថិជន។ អ្នកស្រី កត់សម្គាល់ថា បើសិនជាអតិថិជនច្រើននាក់ស្រាប់តែទៅដកប្រាក់បញ្ញើភ្លាមៗព្រមៗគ្នានោះ នឹងធ្វើឱ្យធនាគារមានបញ្ហាចរន្តសាច់ប្រាក់។ អ្នកស្រី ជា សិរី៖ «ប្រសិនជាអ្នកដាក់ប្រាក់បញ្ញើទាំងអស់ មកដល់ប្រាក់ខ្លួនឯងទាំងអស់ក្នុងពេលតែមួយ វាជារឿងធម្មតាទេដែលធនាគារមិនមានសាច់ប្រាក់ទាំងអស់ផ្តល់ទៅឱ្យអតិថិជន អ្នកដាក់ប្រាក់បញ្ញើ។ ខ្ញុំក៏សុំជម្រាបដែរថា ប្រព័ន្ធធនាគារ របស់យើងបច្ចុប្បន្ននៅរឹងមាំ។ ដូច្នេះសូមបងប្អូនទុកពេលវេលាឱ្យធនាគារជាតិនៃកម្ពុជា បន្តធ្វើការជាមួយនឹងធនាគារពាក់ព័ន្ធរកវិធីដើម្បីដោះស្រាយប្រាក់បញ្ញើរបស់បងប្អូន»។ ថ្លែងប្រាប់ប្រជាកាសែតនៅព្រឹកថ្ងៃទី១៧ខែមីនា ប្រជាពលរដ្ឋម្នាក់ឈ្មោះស្រីមុំ បញ្ជាក់ថា គាត់មានប្រាក់ប្រមាណជាង៤ពាន់ដុល្លារក្នុងគណនេយ្យធនាគារADP។អ្នកស្រីស្នើឱ្យធនាគារនេះទទួលខុសត្រូវនិងធ្វើការប្រកបដោយវិជ្ជាជីវៈ។ ស្រីមុំ៖«បើយើងជំពាក់ធនាគារយើងត្រូវសងបើមិនសងគេអនុវត្តច្បាប់ ។ ខ្ញុំត្រូវការលុយដើម្បីមើលជំងឺ តែលុយខ្ញុំបួនពាន់ជាងដកបានមួយថ្ងៃ៣០០ តើខ្ញុំត្រូវរង់ចាំរហូតដល់ជាង១០ថ្ងៃទើបដកលុយមកឱ្យពេទ្យមែនទេ?ពេលមើលឃើញខាងធនាគារជាតិនិយាយខ្ញុំឆ្ងល់ថា ធនាគារខូចប្រព័ន្ធឬមិនមានលុយឱ្យប្រាកដ?ខ្ញុំសំណូមពរថា ពលរដ្ឋកំពុងលំបាកហើយសូមកុំជាន់កពលរដ្ឋថែមទៀតអី »។ ទោះជាយ៉ាងណាក្ដីសាម៉ីធនាគារដែលនាំអាទិ៍ឱ្យពលរដ្ឋសម្រុកទៅដកប្រាក់ពីធនាគារខ្លួននោះគឺ ធនាគារ អេភីឌី បានផ្ញើសារអរគុណទៅកាន់អ្នកស្រី ជា សិរី។ ធនាគារ អេភីឌីបញ្ជាក់ថា ៖«ក្នុងនាមគណៈគ្រប់គ្រងរបស់ធនាគារ អេភីឌី យើងខ្ញុំធ្វើយ៉ាងជិតស្និតជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់ជូនដំណោះស្រាយជូនអតិថិជន និងធានាថារាល់ប្រតិបត្តិការទាំងអស់របស់យើងនឹងត្រលប់មកភាពប្រក្រតីវិញអោយបានឆាប់រហ័សបំផុត។ ធនាគារអេភីឌី ប្តេជ្ញាការពារផលប្រយោជន៍របស់អតិថិជន និងរក្សានូវស្តង់នៃអភិបាលកិច្ច និងអនុលោមភាពខ្ពស់បំផុត»។ ទន្ទឹមនឹងគ្នានេះសមាគមធនាគារនៅកម្ពុជា(ABC) និង សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) ចេញសេចក្តីថ្លែងការណ៍ គូសបញ្ជាក់ពីភាពរឹងមាំ និងស្ថិរភាពនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ស្ថាប័នទាំងពីរនេះបញ្ជាក់ថា ការអាក់រអួលឬបញ្ហារបស់ស្ថាប័នធនាគារណាមួយមិនអាចបញ្ជាក់ឆ្លុះបញ្ចាំងជារួមលើប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុទាំងមូលនៅកម្ពុជាបានឡើយ។ប្រភពដដែលបន្តថា៖«វិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តទទួលការគាំទ្រដោយបញ្ញត្តិដ៏តឹងរឹង រួមទាំងការត្រួតពិនិត្យ និងវិធានការធានាលើហានីភ័យសន្ទនីយភាពសាច់ប្រាក់ជាប្រចាំ»។ ស្ថាប័នទាំងពីរនេះអំពាវនាវឱ្យពលរដ្ឋទុកចិត្តលើធានាគារជាតិនិងជឿជាក់លើប្រព័ន្ធធនាគារនៅកម្ពុជា។ សេដ្ឋវិទូនិងជាសមាជិកព្រឹទ្ធសភា បណ្ឌិត សុខ ហាច មានប្រសាសន៍ថា បន្ទាប់ពីកូវីដ១៩ ធនាគារពាណិជ្ជនៅកម្ពុជា ប្រឈមបញ្ហាធំមួយ គឺការជាប់គាំងនៃវិស័យអចលនទ្រព្យ។លោកសុខ ហាច៖«វិបត្តិកូវីដនាំឱ្យមានវិបត្តិអចលនទ្រព្យ យើងមានដីមានផ្ទះប៉ុន្តែលក់អត់បានទេធ្វើឱ្យការវិនិយោគមួយចំនួនជាប់គាំង បង្វិលលុយអត់បាន។ក្រោយៗមកមានស្កែមអនឡាញ ហើយមានធនាគារធំៗពីរមានបញ្ហាដូចជាព្រីសន៍និងផេនដាក៏មានបញ្ហាដូច្នេះ ហើយការណ៍នេះទំនងធ្វើឱ្យប្រជាពលរដ្ឋយើងមួយចំនួនមានការបារម្ភខ្លាំងចំពោះការដាក់លុយដាក់កាក់នៅធនាគារឯកជន»។ បណ្ឌិតសុខ ហាច បន្ថែមថា ៖«ខ្ញុំមិនថាធនាគារណាមួយទេប៉ុន្តែបើយើងមើលលើNPL (Non-Performing Loan)ឬ ឥណទានមិនដំណើរការ បើនិយាយឱ្យស្រួលស្ដាប់គេហៅថាអ្នកដែលជំពាក់លុយគេមិនបានសងទាន់ពេលវេលានោះបច្ចុប្បន្ន ធនាគារខ្លះ គឺមានNPLអត្រារយដល់ជិត១០%ដែលជាអត្រាមានហារនីភ័យខ្ពស់។ ពីដើមស្រុកខ្មែរយើងមានត្រឹម១ភាគរយ ឬ២ភាគរយហ្នឹងអស់ហើយ»។ ទាក់ទងនឹងបញ្ហានេះដែរ អ្នកតាមដានបញ្ហាសង្គមម្នាក់លើកឡើងថា ៖«ក្នុងស្ថានភាពបែបនេះធនាគារមួយចំនួនអាចមិនមានជម្រើសផ្សេងក្រៅពីការផ្អាកសេវាកម្មជាបណ្ដោះអាសន្ន ដើម្បីគ្រប់គ្រងស្ថានភាព។ ប៉ុន្តែការផ្អាកនេះអាចធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានការខកចិត្ត និងអាចបាត់បង់ជំនឿលើប្រព័ន្ធធនាគារ។ នៅពេលដែលជំនឿរបស់សាធារណជនត្រូវបានបំផ្លាញ វាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចទាំងមូល»។ លោកបន្ថែម ៖« រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធគួរតែចូលរួមដោះស្រាយបញ្ហានេះយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។ ការផ្តល់ព័ត៌មានច្បាស់លាស់ និងការធានាឱ្យប្រជាពលរដ្ឋដឹងថាប្រាក់ដែលបានដាក់នៅក្នុងធនាគារនៅតែមានសុវត្ថិភាព គឺជាចំណុចសំខាន់ណាស់ក្នុងការស្ដារជំនឿឡើងវិញ»៕













