Skip to main content Skip to footer
ប្រជាកាសែត | PK News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
Search on this site
Get Newsletter
ប្រជាកាសែត | PK News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
Search on this site
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ
  • ក្រសួងសាធារណការណែនាំអ្នកបើកសាឡង់ និងទូកគ្រប់ប្រភេទប្រុងប្រយ័ត្នពេលបើកបរឆ្លងក្រោមស្ពានជ្រោយចង្វារ

    ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់ដល់ម្ចាស់សាឡង់ នាវាគ្រប់ប្រភេទ និងនាវិកទាំងអស់ បើកបរនាវា ដោយយកចិត្តទុកដាក់ខ្ពស់ និងបើកបរឱ្យត្រូវគន្លង ដែលបានកំណត់ ដើម្បីបញ្ចៀសគ្រោះថ្នាក់នាវាចរណ៍ផ្លូវទឹក នៅចំណុចសសរស្ពានជ្រោយចង្វារ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទំព័រហ្វេសប៊ុកនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។ សេចក្ដីជូនដំណឹងរបស់ក្រសួង ធ្វើឡើងដើម្បីធានាសុវត្ថិភាព និរន្តរភាព នៃការធ្វើនាវាចរណ៍ និងបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ ដែលអាចកើតលើតំបន់នេះ បន្ទាប់ពីមានសាឡង់១គ្រឿងបានបើកបុកសសរស្ពានជ្រោយចង្វារ រួចលិច នៅចម្ងាយប្រហែល៥០០ម៉ែត្រខាងជើងស្ពាននេះ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងនោះដែរ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានចុះពិនិត្យទីតាំងគ្រោះថ្នាក់ និងដាក់ពោងសញ្ញាគ្រោះថ្នាក់ថ្មី នៅទីតាំងគ្រោះថ្នាក់ ត្រង់ចំណុចទីតាំង ដែលសាឡង់បានលិច និងកំណត់គន្លងនាវាចរណ៍ សម្រាប់ផ្លូវនាវាចរណ៍មានសុវត្ថិភាពលើផែនទី។ ក្រសួងបញ្ជាក់៖ «សូមម្ចាស់នាវា នាវិក និងអ្នកបើកបរនាវាគ្រប់ប្រភេទទាំងអស់ ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់នោះ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិនិត្យមើលពោងសញ្ញាគ្រោះថ្នាក់ថ្មីឱ្យបានច្បាស់លាស់ បើកបរតាមគន្លងនាវាចរណ៍ឱ្យបានត្រឹមត្រូវ និងចៀសវាងការធ្វើនាវាចរណ៍ចូលកៀកតំបន់គ្រោះថ្នាក់ខាងលើដាច់ខាត ដើម្បីបញ្ចៀសគ្រោះថ្នាក់នាវាចរណ៍ដែលអាចកើតមានជាយថាហេតុ»៕

    ១៧ មិថុនា ២០២៦

  • ក្រសួងធនធានទឹកណែនាំឱ្យពលរដ្ឋសន្សំសំចៃទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង

    ក្រសួងធនធានទឹកណែនាំឱ្យពលរដ្ឋសន្សំសំចៃទឹកឱ្យបានច្រើននៅពាក់កណ្តាល និងចុងរដូវវស្សាឆ្នាំ២០២៦ ដើម្បីត្រៀមបង្ការការខ្វះខាតទឹកនៅរដូវប្រាំង។ នេះបើតាមការបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងចុះនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។  យោងទៅលើការព្យាករស្តីពីស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មហាសមុទ្រឥណ្ឌា និងតំបន់អេក្វាទ័រ បង្ហាញថា បាតុភូត អែលនីញ៉ូ (El Niño) បានបន្តកើនដល់កម្រិត ១០០% ក្នុងខែកក្កដា និងកើនដល់កម្រិតអតិបរមាក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។  ក្រៅពីនេះ ក៏មានបាតុភូត អាយ អូ ឌី (IOD) ស្ថិតនៅអព្យាក្រឹត (IOD-Neutral) ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីពាក់កណ្តាលរដូវវស្សា ដល់ចុងរដូវស្សាឆ្នាំ២០២៦ មានសីតុណ្ហភាពមធ្យមអប្បបរមា ២៦°C និងអតិបរមា ៣៧°C ខ្ពស់ជាងសីតុណ្ហភាពមធ្យមភាគច្រើនឆ្នាំ និងខ្ពស់ជាងឆ្នាំ២០២៥។  ចំណែកឯ បរិមាណទឹកភ្លៀងប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ ជាមួយនឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អដូចឆ្នាំ២០២៥។ ក្រសួងរំលឹកថា ពាក់កណ្តាលរដូវវស្សាចាប់ផ្ដើមពីខែកក្កដា ដល់ខែសីហា ហើយកូនរដូវប្រាំងនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ នៃខែសីហា ឆ្នាំ២០២៦ និងលឿនជាងឆ្នាំ២០២៥ ដែលអាចមានរយៈពេលពីរសប្តាហ៍។  យោងតាមក្រសួងដដែល បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់អាចកើតឡើងច្រើន ប៉ុន្តែនៅចុងរដូវវស្សាបរិមាណទឹកភ្លៀងថយចុះ ហើយរដូវវស្សាអាចបញ្ចប់នៅក្នុងសប្តាហ៍ទី២ នៃខែតុលា ដែលលឿនជាងធម្មតា និងឆ្នាំ២០២៥។ ក្រសួងពន្យល់ថា ចុងរដូវវស្សាសីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំហើយបរិមាណទឹកភ្លៀងនៅខែកញ្ញា ដល់ខែតុលា មានកម្រិតទាបជាងឬប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ និងបរិមាណទឹកភ្លៀងពីច្រើនទៅមធ្យម។ កសិកររស់នៅស្រុកបវេល ខេត្តបាត់ដំបង លោក វង្ស ប៉ោយយ៉ង់ និយាយថា ទោះបីជាមានការណែនាំពីក្រសួងពាក់ព័ន្ធលើការថែរក្សាទឹក ក៏ពួកគាត់ដែលជាប្រជាកសិករមិនដឹងពីរបៀបធ្វើបែបណាដើម្បីថែរក្សាទឹកទុកដែរ។ លោកចង់ឱ្យបណ្ដាក្រសួងពាក់ព័ន្ធចុះណែនាំដល់ប្រជាកសិករនៅមូលដ្ឋាន ឱ្យបានដឹងពីរបៀបក្នុងការថែរក្សាទឹក និងធ្វើយ៉ាងណាកុំឱ្យមានបញ្ហាខ្វះខាតទឹកប្រើប្រាស់ក្នុងការបង្កបង្កើនផលធ្វើស្រែចម្ការ។ កន្លងមក លោកថាពុំមានក្រសួង ឬស្ថាប័នណាមួយចុះទៅផ្សព្វផ្សាយ និងណែនាំដល់ពួកគាត់នោះទេ ដែលធ្វើឱ្យការធ្វើស្រែចម្ការផ្សេងៗជួបបញ្ហាជាច្រើន ហើយអាស្រ័យផលទៅតាមការនឹកឃើញដោយគ្មានការយល់ដឹងពីលក្ខណៈបច្ចេកទេស។ ប្រភពរូបនេះបន្តថា៖ «ពេលយើងធ្វើស្រែចម្ការយើងយកលុយគេមកធ្វើ ពេលអត់ទឹក អត់ភក់ចឹង មានតែងាប់អស់ មានលុយពីណា ហើយជំពាក់គេ លក់ដីលក់ចម្ការហ្នឹងឯង»។ ប្រជាកាសែតមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងធនធាន និងឧតុនិយមលោក អឿង ចន្ថាដើម្បីសុំការឆ្លើយតបជុំវិញការបារម្ភពីបញ្ហាខ្វះខាតទឹកនេះបានទេនៅថ្ងៃទី១៧ ខែមិថុនា។  ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា (CCFC) លោក ថេង សាវឿន បានលើកឡើងថា ការប្រែប្រួលអាកាសធាតុជាសកល នឹងធ្វើឱ្យមានការឡើងកម្ដៅប៉ះពាល់ដល់ការធ្វើស្រែចម្ការរបស់ប្រជាកសិករ ដែលតម្រូវឱ្យពួកគាត់ត្រូវតែថែរក្សាទឹកទុកសម្រាប់ការផ្គត់ផ្គង់ក្នុងការធ្វើកសិកម្ម។ លោកយល់ថា ប្រជាកសិករទាំងអស់ត្រូវតែយល់ដឹងលើបញ្ហាទាំងអស់នេះបើមិនដូច្នេះទេ ពួកគាត់អាចនឹងរងការខាតបង់ និងពិបាកក្នុងបង្កបង្កើនផលដំណាំ។ ឆ្លើយតបនឹងបញ្ហានេះ ក្រសួងគួរតែចុះណែនាំដល់ប្រជាកសិករនៅមូលដ្ឋានឱ្យបានញឹកញាប់ និងផ្សព្វផ្សាយចំណេះដឹងទាក់ទងនឹងការធ្វើកសិកម្មតាមបណ្ដាញសង្គមផងដែរ។ លោកបន្តថា៖ «ខ្ញុំសូមអំពាវនាវដល់សា្ថប័នពាក់ព័ន្ធជាពិសេសក្រសួងធនធានទឹក និងអាជ្ញាធរមូលដ្ឋាន ត្រូវរៀបចំប្រព័ន្ធគ្រប់គ្រងទឹក និងប្រព័ន្ធស្តុកទឹកចែកចាយ ដើម្បីត្រៀមលក្ខណៈក្នុងការផ្គត់ផ្គង់ទឹកដល់បងប្អូនកសិករ»។  គួររម្លឹកថា កាលពីឆ្នាំ២០២៥ កសិករនៅតាមបណ្តាខេត្តមួយចំនួនដូចជាពោធិ៍សាត់ បាត់ដំបង តាកែវ និងកំពង់ឆ្នាំងជាដើម បានជួបប្រទះនូវការខ្វះខាតទឹកសម្រាប់បង្កបង្កើនផលស្រូវរដូវប្រាំង។ អាជ្ញាធរនៅពេលនោះ បានឆ្លើយតបដោយណែនាំឱ្យកសិករផ្អាកធ្វើស្រែប្រាំងជាលើកទី២ ដោយសារអាចប្រឈមនឹងការខ្វះប្រភពទឹក។ ទោះជាយ៉ាងណា ការអំពាវនាវរបស់អាជ្ញាធរនៅពេលនោះ ហាក់មិនបានធ្វើឱ្យពលរដ្ឋសប្បាយចិត្តនោះឡើយ ដោយសារពួកគាត់ត្រូវបង្កបង្កើនផលដើម្បីបង្កើនប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។ ចំណែកអ្នកជំនាញទទូចឱ្យអាជ្ញាធរពាក់ព័ន្ធរកវិធីសាស្រ្តស្តុក ឬរក្សាទឹកទុកឱ្យបានគ្រប់គ្រាន់សម្រាប់ពលរដ្ឋប្រើប្រាស់ និងស្រោចស្រពដីស្រែនៅក្នុងរដូវប្រាំង៕

    ១៧ មិថុនា ២០២៦

    • មន្ត្រីនគរបាលដែលហាមសិស្សមិនឱ្យខ្វល់រឿងនយោបាយ ត្រូវថ្នាក់លើហៅទៅអប់រំ

      មន្ត្រីនគរបាលដែលហាមសិស្សមិនឱ្យខ្វល់រឿងនយោបាយ ត្រូវថ្នាក់លើហៅទៅអប់រំ។ នេះបើតាមសេចក្ដីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦។ ប្រភពដដែលបន្តថា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានកោះហៅមន្ត្រីនគរបាលចំនួន ៣ នាក់ មកអប់រំណែនាំ និងសួរនាំពីចេតនា ជុំវិញករណីនិយាយហាមសិស្សមិនឱ្យជជែករឿងនយោបាយ ដើម្បីកែតម្រូវកំហុសឆ្គង និងឈ្វេងយល់ពីគោលបំណងពិតប្រាកដ ក្នុងន័យរក្សាភាពស្អាតស្អំ និងទំនុកចិត្តពីសាធារណជន។ ចំណាត់ការនេះ បានធ្វើឡើងបន្ទាប់ពីមានប្រតិកម្ម និងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ទៅលើពាក្យសម្ដីរបស់មន្ត្រីនគរបាលទាំងនោះ ដែលបានបែកធ្លាយនៅក្នុងវីដេអូនៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ។ សេចក្ដីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ឱ្យដឹងថា កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ អធិការនគរបាលស្រុកទឹកផុស បានចាត់តាំងមន្ត្រីនគរបាលចំនួន ៣ រូប ឱ្យចុះផ្សព្វផ្សាយលក្ខណៈសម្បត្តិទាំង ៧ ស្ដីពីគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល ស្ដីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំ នៅចំនួន ៨ កន្លែង ក្នុងឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ប៉ុន្តែក្នុងពេលចុះផ្សព្វផ្សាយព័ត៌មាននោះ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកទឹកផុស លោក យី រដ្ឋា បានលើកឡើងថា៖ «ប្អូនៗត្រូវខិតខំរៀនសូត្រ កុំស៊ែរ (ចែករំលែក) បន្តរឿងគណបក្សអីឱ្យសោះ រឿងរ៉ាវទាំងអស់ថ្នាក់ដឹកនាំគាត់ដោះស្រាយខ្លួនគាត់។ យើងមកនេះគិតតែរៀនទៅបានហើយ យើងមិនបាច់គិតអីផ្សេងទេ មករៀនខិតខំរៀន ប្រឡងជាប់ទៅនៅកូរ៉េរកលុយបានហើយ យល់ទេប៉ុណ្ណឹង? ខ្ញុំជូនពរឱ្យថ្ងៃទី១២នេះ ជាប់ទាំងអស់គ្នា ទៅកូរ៉េទាំងអស់គ្នាទៅ កុំនៅស្រុកខ្មែរធ្វើអី»។ បើតាមសេចក្ដីបំភ្លឺព័ត៌មានដដែលអះអាងថា ចេតនារបស់មន្ត្រីនគរបាលខាងលើ គឺមិនចង់ឱ្យប្រជាពលរដ្ឋចាញ់បោកនូវឧបាយកលផ្សេងៗ ដែលគេញុះញង់ ក៏ប៉ុន្តែភាសានិយាយចេញមក នាំឱ្យខ្លឹមសារប៉ះពាល់ដល់ការអនុវត្តតួនាទី ភារកិច្ច របស់កងកម្លាំងនគរបាលជាតិ។ ទន្ទឹមនឹងនេះ ស្នងការនគរបាលខេត្តក៏បានកោះហៅមន្ត្រីទាំងនោះមកធ្វើការអប់រំណែនាំហើយ ស្នងការនគរបាលក៏បានអរគុណដល់អ្នកសារព័ត៌មាន និងសាធារណជនក្នុងបណ្ដាញសង្គម ដែលបានចូលរួមវិភាគ វែកញែក រិះគន់ ក្នុងន័យស្ថាបនា និងធ្វើឱ្យមានការកែប្រែ៕

      ៩ មិថុនា ២០២៦

    • ក្រសួងសាធារណការនឹងបង្កើតប្រព័ន្ធ Sensor តាមដានការបើកបរលើសល្បឿនរបស់រថយន្តធំៗ

      ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងបង្កើតប្រព័ន្ធស៊ិនស័រ (Sensor) បំពាក់នៅលើរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ ដើម្បីចាប់សញ្ញារថយន្តដែលបើកបរលើសល្បឿនកំណត់តាមដងផ្លូវ។  ការលើកឡើងនេះ ធ្វើឡើងនៅពេលរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុក អំឡុងពេលចុះផ្សព្វផ្សាយយុទ្ធនាការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ស្ថិតក្នុងស្រុកមុខកំពូល ខេត្ដកណ្ដាល នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦។ រដ្ឋមន្រ្តីរូបនេះបានបញ្ជាក់ថា៖ «យើងនឹងរៀបចំប្រព័ន្ធ Sensor មួយបំពាក់ទៅលើរថយន្តធំៗ រថយន្តទេសចរណ៍ ក៏ដូចជា រថយន្តដឹកទំនិញ ពេលណាដែលគាត់បើកលើសល្បឿនគឺ Sensor នឹងលោតប្រាប់ ហើយក្រុមហ៊ុននឹងអាចមានវិធានការផ្ទាល់តែម្ដងជាមួយនឹងអ្នកបើកបរកុំឱ្យគាត់បើកបរលើសល្បឿនកំណត់»។ ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរថា តើនឹងដាក់ដំណើរការប្រព័ន្ធគ្រប់គ្រងដោយ Sensor នៅពេលណា? លោក ប៉េង ពោធិ៍នា បានឆ្លើយតបថា៖ «ក្រសួង រួមទាំងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញ បានឯកភាពគ្នាជាគោលការណ៍រួចហើយ ដោយកំពុងតែពិនិត្យ និងពិចារណាជ្រើសរើសយកមើលបច្ចេកវិទ្យាមួយដោយសារបច្ចុប្បន្ន មានទាំងបច្ចេកវិទ្យាប្រទេសចិន មានទាំងអាមេរិក មានទាំងអឺរ៉ុប»។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៨ ខែមិថុនា ថាការបំពាក់ឧបករណ៍តាមដានចរាចរណ៍រថយន្ត ជាគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជំហ៊ានដំបូង នឹងបំពាក់លើរថយន្តដឹកអ្នកដំណើរធុនធំ រថយន្តដឹកកម្មករ កម្មការិនី និងរថយន្តដឹកទំនិញធុនធ្ងន់ ដែលធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវគោក។ លោកបន្តថា៖ «តាមរយៈការសិក្សាកន្លងមក ការបំពាក់ឧបករណ៍តាមដានចរាចរណ៍រថយន្ត មានលទ្ធភាពត្រួតពិនិត្យទិន្នន័យពេលវេលាជាក់ស្តែងលើដំណើរការរបស់រថយន្ត ការប្រើប្រាស់ប្រេងឥន្ធនៈ អាកប្បកិរិយារបស់អ្នកបើកបរ ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការកាត់បន្ថយការចំណាយ និងពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក»។ បើតាមប្រភពដដែលគម្រោងនេះ បានរៀបចំជាប្រកាស ដែលបានចែងក្នុងអនុក្រឹត្យស្តីពីការគ្រប់គ្រងការធ្វើអាជីវកម្មដឹកជញ្ជូនតាមផ្លូវគោកនៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលគ្រោងដាក់ឱ្យអនុវត្តសាកល្បងក្នុងពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងនោះ លោកថាក្រសួងក៏នឹងប្រមូលអ្នកបើកបរមកបណ្តុះបណ្តាលបន្ថែមពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីទុកជាការក្រើនរំលឹកដល់អ្នកបើកបរគ្រប់រូប ចូលរួមទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលវគ្គបណ្តុះបណ្តាលនេះគ្រោងដំណើរការនៅពេលឆាប់ៗផងដែរ។  អ្នកប្រឹក្សាយោបល់ផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូកគោក លោក គង់ រតនៈ យល់ថា ការសម្រេចនេះជារឿងល្អ ព្រោះពីមុនមករថយន្តទំនើបៗក៏មានបំពាក់ប្រព័ន្ធ Sensor នេះហើយដែរ នៅសល់តែរថយន្តស៊េរីចាស់ក្រោយៗនេះប៉ុណ្ណោះ។  ក្រៅពីនេះ លោកថា ប្រព័ន្ធនេះអាចជួយបានមួយផ្នែកធំដែរ ប៉ុន្តែចំណុចសំខាន់នោះគឺការបំពាក់ឧបករណ៍ជំនួយដើម្បីតាមដានលើការបើកបរ ក៏នឹងមានប្រយោជន៍អាចជួយដោះស្រាយ ឬផ្ដល់ដំណោះស្រាយបានទាន់ពេលវេលាក្នុងករណីមានភាពមិនប្រក្រតីលើអ្នកបើកបរណាម្នាក់។ ប្រភពដដែលបន្តថា៖ « ទោះជាយ៉ាងណា ការដំឡើងប្រព័ន្ធនេះគ្រាន់តែជួយកំណត់កត្តាមួយចំនួននៃបញ្ហាប្រឈម តែបើឱ្យកាត់បន្ថយបែបណានោះគឺមិនទាន់អាចកំណត់បាននៅពេលហ្នឹងទេ វាជាផ្នែកតូចនៃការជួយ តែផ្នែកដែលសំខាន់គឺឥរិយាបថ និងចំណេះដឹងរបស់អ្នកកាន់ចង្កូត រួមទាំងស្ថានភាពផ្លូវថ្នល់ផងដែរ»។ ចំណែកប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានយល់ស្របនឹងវិធានការរបស់ក្រសួងក្នុងការដំឡើងឧបករណ៍តាមដានការបើកបរ ព្រោះលោកកត់សម្គាល់ឃើញថាគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបង្កឡើងដោយឡានធំនេះឯង បូកបន្ថែមនឹងបញ្ហាផ្លូវ និងការមិនអនុវត្តច្បាប់ផ្សេងៗ។ លោកសំណូមពរថា៖ «ទន្ទឹមនឹងការបង្កើតប្រព័ន្ធ Sensor លើឡានធំៗ ក៏គួរបង្កើនការយកចិត្តទុកដាក់លើការអនុវត្តច្បាប់ ឬក៏ជម្រុញឱ្យមានការរៀបចំស្ដង់ដារសុវត្ថិភាពឱ្យបានត្រឹមត្រូវតាមច្បាប់ដែលមានស្រាប់ដូចជាធ្វើម៉េចឱ្យផ្លូវហ្នឹងស្របតាមបច្ចេកទេសសុវត្ថិភាព »។ ក្នុងមួយរយៈពេលចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាញឹកញាប់រវាងរថយន្តធន់ធំជាមួយរថយន្តដឹកកម្មកររោងចក្រ ឬរវាងរថយន្តដឹកកម្មកររោងចក្រគ្នាឯង ដែលបានបណ្តាលឱ្យកម្មករបាត់បងជីវិត និងរងរបួសជាច្រើននាក់។ មូលហេតុនៃគ្រោះថ្នាក់ទាំងនេះភាគច្រើនបង្កឡើងដោយការបើកបរមិនគោរពច្បាប់ចរាចរណ៍ ការវ៉ាជែងដោយមិនមានការប្រុងប្រយ័ត្ន និងការបើកបរលើសល្បឿនកំណត់ជាដើម៕

      ៨ មិថុនា ២០២៦

    • គណៈគ្រូពេទ្យកម្ពុជាអនុញ្ញាតឱ្យ Dr. Tong ផ្សាយមាតិកាសុខភាពឡើងវិញ

      គណៈគ្រូពេទ្យកម្ពុជាអនុញ្ញាតឱ្យវេជ្ជបណ្ឌិតមួយរូបដែលគេស្គាល់ថា Dr. Tong ផ្សព្វផ្សាយមាតិកាសុខភាពនៅលើបណ្តាញសង្គមឡើងវិញ ក្រោយមហាជនបានរិះគន់ចំពោះចំណាត់ការរបស់គណៈគ្រូពេទ្យកម្ពុជា ដែលបានជម្រុញឱ្យគ្រូពេទ្យត្រូវស្នើសុំលិខិតអនុញ្ញាតផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈជាមុនសិន ប្រសិនបើចង់បន្តផ្សព្វផ្សាយនៅលើបណ្តាញសង្គម។ ការសម្រេចឱ្យ Dr. Tong អាចផ្សព្វផ្សាយឡើងវិញនេះ គឺបន្ទាប់ពីតំណាងក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំគណៈគ្រូពេទ្យកម្ពុជានៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានជួបសំណេះសំណាលជាមួយអ្នកផលិតមាតិកាអប់រំសុខភាព លោកគ្រូពេទ្យ និត ប៊ុនតុងយី ដែលគេហៅថា Dr. Tong ។ អ្នកផលិតមាតិកាអប់រំសុខភាពហៅ Dr. Tong បានសរសេរលើបណ្ដាញសង្គមថា៖« ការជួបសំណេះសំណាលនេះប្រៀបដូចជាការជជែកជាមួយក្រុមគ្រួសារវេជ្ជបណ្ឌិត ហើយដែលលោកគ្រូសាស្រ្តាចារ្យបានបង្ហាញអារម្មណ៍ ទឹកចិត្តសប្បាយរីករាយ និងមានមោទនភាពដែលឃើញ អ្នកបន្តជំនាន់ក្រោយៗ ស្រលាញ់ និងខិតខំចូលរួមលើកយកសកម្មភាពចែករំលែកចំណេះដឹងមកជូនដល់ប្រជាពលរដ្ឋ ដែលសកម្មភាពនេះគឺជាសកម្មភាពមួយដែលវេជ្ជបណ្ឌិតគួរតែខិតខំទាំងអស់គ្នា»។ Dr. Tong បន្តថា៖« លោកគ្រូៗសាស្រ្តាចារ្យបានបង្ហាញពីការខិតខំប្រឹងប្រែង ទាំងសុខាភិបាល ទាំងគណៈវិជ្ជាជីវៈទាំងអស់លើកទឹកចិត្តអោយយើងខ្ញុំជាពេទ្យ ចូលរួមបន្ថែមទៀតក្នុងការចែករំលែកចំណេះដឹងសុខភាព ដោយប្រកាន់ខ្ជាប់ជាមួយក្រមសីលធម៍ សំដៅសុវត្ថិភាពប្រជាជន ដែលពិតជាសេចក្តីថ្លៃថ្នូរ និងភាពកក់ក្តៅដែលខ្ញុំបាទ និងគ្រូពេទ្យយើងទទួលបានមកវិញ»។ ក្រោយពីគណៈគ្រូពេទ្យកម្ពុជាអនុញ្ញាតឱ្យមានការផ្សព្វផ្សាយមាតិកាសុខភាពឡើងវិញ ពលរដ្ឋខ្លះបានសំដែងការគាំទ្រ និងបានសរសេរបញ្ចេញមតិនៅលើបណ្តាញសង្គមថា៖«ខ្ញុំមិនមែនហ្វេន (Fan) ដុកទ័រតុងទេ តែខ្ញុំស្គាល់អ្វីដែលជាមាតិកាល្អ រឺអាក្រក់សំរាប់សង្គម សូមជួយគាំទ្រលើកទឹកចិត្តមាតិកាល្អៗឱ្យបានច្រើនជាប្រយោជន៍ដល់សុខុមាលភាពប្រជាពលរដ្ឋ ហើយជួយមានចំណាត់ការលើមាតិកាមិនល្អដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋផង ហើយគួរតែអរគុណដុកទរ័តុងដែលធ្វើឱ្យខ្ញុំស្គាល់ Page គណៈគ្រូពេទ្យកម្ពុជា»។ អ្នកលេងបណ្ដាញសង្គមខ្លះទៀតនិយាយថា៖« សូមអរគុណ គណៈគ្រូពេទ្យកម្ពុជា! សូមបន្តពង្រឹងទៀតចំពោះការផ្សព្វផ្សាយ ការលក់ឱសថ គ្លីនិកឯកជន ក៏ដូចជាការលក់អនឡាញលើវិស័យសុខភាព»។ ជាមួយគ្នានេះដែរ ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី បានលើកឡើងថា នៅពេលគណៈគ្រូពេទ្យមានការបើកទូលាយលើការផ្សព្វផ្សាយផ្នែកសុខភាព គឺជារឿងប្រសើរ ព្រោះថ្ងៃក្រោយកម្ពុជានឹងមានអ្នកចេះប្រកបរបរដោយវិជ្ជាជីវៈត្រឹមត្រូវ ហ៊ាននិយាយពន្យល់ដល់ប្រជាពលរដ្ឋ និងហ៊ានឆ្លើយតបទៅនឹងគ្រូពេទ្យដូចគ្នា។ លោកបន្ថែមថា៖« ពេលណាខ្ញុំឃើញមានការរាំងស្ទះ មានការយកជើងរាទឹក ហើយមានការបិទគម្រប បិទបេះដូង បិទចំណេះដឹងកន្លែងហ្នឹងហើយយើងមិនហ៊ាននិយាយ មិនហ៊ានថា ចឹងយើងរកអ្នកចេះអត់ឃើញ ថ្ងៃក្រោយយើងបាត់បង់អ្នកប្រាជ្ញ បាត់បង់អ្នកចេះ ព្រោះសម័យនេះជាសម័យឌីជីថល សម័យអនឡាញ សម័យAI លឿនណាស់ គួរតែរួមគ្នាបើកបេះដូងទូលាយ ដើម្បីពន្យល់ដល់ប្រជាពលរដ្ឋ នេះជារឿងប្រសើរទៅថ្ងៃអនាគត ប្រទេសជាតិយើងនឹងរីកចម្រើន»។ គួររំលឹកដែរថា មាតិកាអប់រំសុខភាពរបស់ Dr. Tong ត្រូវបានលុបចោលទាំងអស់ក្រោយមានការណែនាំពីគណៈគ្រូពេទ្យកម្ពុជាទៅលើមាតិកាអប់រំសុខភាពលើបណ្ដាញសង្គម ដែលគណៈគ្រូពេទ្យថាមិនទាន់មានលិខិតអនុញ្ញាត។ បើទោះជាពេលនេះ Dr. Tong ត្រូវបានអនុញ្ញាតឱ្យបន្តផ្សព្វផ្សាយពីមាតិកាសុខភាពឡើងវិញក្តី វីដេអូចាស់ៗដែលលោកបានលុបចោលនោះ មិនទាន់ឃើញបង្ហោះឡើងវិញជាថ្មីនោះទេ៕

      ៨ មិថុនា ២០២៦

    • សត្វព្រៃកម្រជិត៥០ប្រភេទត្រូវបានរកឃើញនៅឧទ្យានជាតិវីរជ័យ-សៀមប៉ាង

      ក្រសួងបរិស្ថាន និងអង្គការមួយចំនួន ដែលធ្វើការលើការងារអភិរក្សសត្វព្រៃ បានបង្ហាញលទ្ធផលសិក្សា ដោយថតជាប់សត្វព្រៃកម្រឃើញជិត ៥០ប្រភេទ នៅតំបន់ឧទ្យានជាតិវីរជ័យ-សៀមប៉ាង នៃខេត្តរតនគិរី និងស្ទឹងត្រែង។ ក្នុងចំណោមនោះ មានថនិកសត្វ ៧ប្រភេទ ជាប្រភេទសត្វព្រៃ ដែលគំរាមកំហែងជិតផុតពូជ ឯប្រភេទខ្លះ គឺពុំដែលប្រទះឃើញផ្ទាល់នឹងភ្នែកឡើយនៅក្នុងតំបន់សិក្សានេះ។ នេះបើតាមក្រសួងបរិស្ថានផ្សាយលើហ្វេសប៊ុកផ្លូវការខ្លួន នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦។ លទ្ធផលស្រាវជ្រាវតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ រយៈពេល៨ខែ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥ អនុវត្តដោយក្រុមអ្នកវិទ្យាសាស្រ្តចម្រុះមកពីក្រសួងបរិស្ថាន អង្គការអភិរក្សអន្តរជាតិកម្ពុជា (CI) និងអង្គការ Wild Earth Allies បានកត់ត្រាវត្តមានសត្វព្រៃសរុបចំនួន ៤៧ប្រភេទ រួមមាន ថនិកសត្វ ២៦ប្រភេទ បក្សី ១៨ប្រភេទ និងសត្វល្មូន ៣ប្រភេទ។ ក្រសួងបញ្ជាក់ថា សត្វព្រៃកម្រទាំង ៧ប្រភេទ មានដូចជា សត្វទន្សោង ពង្រូល ស្វាកន្ទុយសជើងក្រហម ទោចថ្ពាល់លឿងឦសាន កែះ ខ្លាឃ្មុំតូច និងខ្លាពពក។ ក្រសួងបរិស្ថានឱ្យដឹងថា លទ្ធផលទាំងនេះ ឆ្លុះបញ្ចាំងពីសារសំខាន់ជាសកល នៃឧទ្យានជាតិវីរជ័យ-សៀមប៉ាង ដែលបានផ្តល់នូវព័ត៌មានសំខាន់អំពីស្ថានភាពសត្វព្រៃ និងមូលដ្ឋានគាំទ្រដល់ការសម្រេចចិត្តផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ដែលអាចជួយតម្រង់ទិសដល់ការកំណត់យុទ្ធសាស្រ្តបានប្រសើរសម្រាប់ការអភិរក្សនាពេលអនាគត។ ក្រសួងដកស្រង់សម្ដីអ្នកវិទ្យាសាស្រ្តក្នុងការស្រាវជ្រាវនេះថា៖ «ទោះបីជាតំបន់សិក្សានេះមានសារសំខាន់ខ្ពស់ផ្នែកប្រព័ន្ធអេកូឡូស៊ីយ៉ាងណាក៏ដោយ ក៏នៅមិនទាន់មានការស្រាវជ្រាវ និងអង្កេតជីវចម្រុះឱ្យបានទូលំទូលាយនៅឡើយទេ ដោយសារវាជាតំបន់មិនទាន់ទទួលបានការចាប់អារម្មណ៍ ពិបាកចូលទៅដល់ហើយធនធានសម្រាប់ការស្រាវជ្រាវនៅមានកម្រិត»។ យ៉ាងណា ក្រសួងថា កិច្ចសហការរវាងស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន គឺពិតជាចាំបាច់ណាស់ ក្នុងការងារអភិរក្ស និងការពារប្រភេទសត្វកំពុងរងការគំរាមកំហែងទាំងនេះ។ ក្រសួងបរិស្ថាន៖ «ក្នុងទិវាបរិស្ថានពិភពលោក ក្រោមប្រធានបទ បណ្តុះគំនិតស្រឡាញ់ធម្មជាតិ ធ្វើសកម្មភាពដើម្បីអាកាសធាតុ និងអនាគតរបស់យើង សូមចូលរួមទាំងអស់គ្នាឱ្យកាន់តែផុសផុលក្នុងការការពារសត្វព្រៃ និងថែរក្សាមរតកធម្មជាតិរបស់កម្ពុជា សម្រាប់មនុស្សគ្រប់ជំនាន់»។ ក្រសួងបរិស្ថានថា កម្ពុជាមានតំបន់ការពារធម្មជាតិ ៧៣តំបន់ និងមានផ្ទៃដីជាង ៧លានហិកតា ស្មើប្រមាណ ៤១% នៃផ្ទៃដីប្រទេសកម្ពុជា ដែលក្រសួងបញ្ជាក់ថា ក្នុងតំបន់ទាំងនោះ ព្រៃឈើ ត្រូវបានការពារ និងអភិរក្សដោយការពង្រឹងការអនុវត្តច្បាប់តឹងរ៉ឹង សម្រាប់ទីជម្រកសត្វព្រៃ និងជីវៈចម្រុះ៕

      ៦ មិថុនា ២០២៦

    • កម្ពុជាដំណើរការប្រព័ន្ធប្រកាសឱ្យដឹងមុននៅខេត្តងាយរងគ្រោះចំនួន៤ ដើម្បីបង្ការគ្រោះមហន្តរាយ

      កម្ពុជាប្រកាសដាក់ដំណើរការគម្រោង «ការពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងមុន សម្រាប់អ្នកទាំងអស់គ្នា» ដើម្បីការពារសហគមន៍ពីគ្រោះមហន្តរាយ ដែលបណ្តាលពីការប្រែប្រួលអាកាសធាតុ។  គម្រោងនេះ នឹងត្រូវអនុវត្តនៅក្នុងខេត្ត ដែលមានហានិភ័យខ្ពស់ចំនួន ៤ គឺរតនគិរី ក្រចេះ ស្ទឹងត្រែង និងបន្ទាយមានជ័យ ដោយមានការអនុវត្តយ៉ាងជិតស្និទ្ធជាមួយស្ថាប័នរដ្ឋាភិបាល សហគមន៍មូលដ្ឋាន និងដៃគូបច្ចេកទេស ដើម្បីពង្រឹងការត្រៀមខ្លួន និងកសាងភាពធន់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការយូអិនឌីភីកម្ពុជា (UNDP Cambodia) នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦។ សេចក្តីប្រកាសព័ត៌មាន ឱ្យដឹងទៀតថា គម្រោងប្រព័ន្ធប្រកាសឱ្យដឹងមុននេះ គាំទ្រថវិកាដោយមូលនិធិអាកាសធាតុបៃតង (GCF) ក្នុងភាពជាដៃគូជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី)។ គម្រោងនេះ ចាប់ផ្ដើមអនុវត្ត ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ផ្ដោតសំខាន់ទៅលើព្រឹត្តិការណ៍ហានិភ័យដូចជា ខ្យល់ព្យុះ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងរន្ទះបាញ់ជាដើម ក្នុងគោលបំណងកាត់បន្ថយការបាត់បង់ជីវិត ការប្រកបរបរ និងការបាត់បង់ទ្រព្យសម្បត្តិ ជាពិសេសក្នុងសហគមន៍ងាយរងគ្រោះខ្លាំងបំផុត ពីគ្រោះមហន្តរាយពាក់ព័ន្ធនឹងអាកាសធាតុ។ ប្រធានតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃមូលនិធិអាកាសធាតុបៃតង លោក Hemant Mandal បានថ្លែងនៅក្នុងសិក្ខាសាលាប្រកាសដាក់ឲ្យដំណើរការគម្រោង «ការពង្រឹងប្រព័ន្ធប្រកាសឲ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា» កាលពីថ្ងៃទី២-៣ ខែមិថុនា នៅខេត្តសៀមរាប ដោយឱ្យដឹងថា នៅទូទាំងប្រទេសកម្ពុជា សហគមន៍កំពុងប្រឈមមុខនឹងការកើនឡើងនៃហានិភ័យពីទឹកជំនន់ គ្រោះរាំងស្ងួត និងការប្រែប្រួលនៃលំនាំទឹកភ្លៀង ដែលជះឥទ្ធិពលទៅលើជីវភាពរស់នៅ និងសន្តិសុខស្បៀង។ ដូច្នេះប្រព័ន្ធប្រកាសឱ្យដឹងមុនមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការការពារជីវិត ការប្រកបរបររកស៊ី និងសមិទ្ធផលដែលកើតចេញពីការអភិវឌ្ឍរបស់ជាតិ និងជាផ្នែកមួយ នៃការជំរុញជាសកលរបស់អង្គការសហប្រជាជាតិ ដើម្បីធានាថាមនុស្សគ្រប់រូប ត្រូវបានការពារដោយប្រព័ន្ធប្រកាសឱ្យដឹងមុន ដែលមានប្រសិទ្ធភាពត្រឹមឆ្នាំ២០២៧។ លោកមានប្រសាសន៍៖ «តាមរយៈគម្រោង ការពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា មូលនិធិអាកាសធាតុបៃតង នឹងជួយពង្រឹងស្ថាប័ន និងប្រព័ន្ធព័ត៌មាន ដើម្បីឱ្យប្រជាពលរដ្ឋអាចព្យាករណ៍ ហានិភ័យអាកាសធាតុ និងឆ្លើយតបមុនពេលគ្រោះមហន្តរាយកើតមាន។ នេះជាជំហានសំខាន់មួយឆ្ពោះទៅរកការកសាងភាពធន់ដែលអាចអនុវត្តបាន និងដឹកនាំដោយប្រទេសនីមួយៗ ខណៈសម្ពាធអាកាសធាតុកំពុងកើនឡើង»។ រដ្ឋាភិបាលកម្ពុជា បានអនុម័តក្របខណ្ឌគោលនយោបាយ រួមមានផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា (CCC SP 2024 – 2033) ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ដែលបានដាក់ស្នើក្នុងឆ្នាំ២០២៥ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតភាពកាបូន ឆ្នាំ២០៥០។  តំណាងយូអិនឌីភីប្រចាំកម្ពុជា លោក អេនរីកូ ហ្គាវេលីយ៉ា បញ្ជាក់នៅក្នុងសិក្ខាសាលានៅខេត្តសៀមរាបនោះថា យូអិនឌីភី ដើរតួនាទីក្នុងការរួមបញ្ចូលដៃគូជាច្រើនក្នុងការសហការគ្នា បើទោះបីជាមានសញ្ញា បង្ហាញថា ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) កំពុងមានការកាត់បន្ថយក៏ដោយ។ លោកថាគំនិតផ្តួចផ្តើម ការប្រកាសឱ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា (EW4ALL) គឺជាគំរូជាក់ស្តែង សម្រាប់កិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីផ្តល់ប្រព័ន្ធប្រកាសឱ្យដឹងមុនដែលមានប្រសិទ្ធភាព ដោយមានគោលដៅយ៉ាងច្បាស់លាស់ ក្នុងការរួមបញ្ចូលនូវកិច្ចខិតខំរបស់រាជរដ្ឋាភិបាល សហគមន៍ និងសង្គមស៊ីវិល។  លោក អេនរីកូ ហ្គាវេលីយ៉ា៖ «ក្នុងពិភពលោកដែលកំពុងប្រឈមនឹងវិបត្តិស្មុគស្មាញជាច្រើន ការការពារជីវភាពរស់នៅ និងការកសាងភាពធន់សម្រាប់ក្រុមដែលងាយរងហានិភ័យ និងក្រុមជនងាយរងគ្រោះខ្ពស់ នៅតែជាគន្លឹះសំខាន់ នៃការប្តេជ្ញារួមរបស់អង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ ប្រព័ន្ធដែលរួមបញ្ចូល គិតគូរពីបរិយាប័ន្ន ប្រព័ន្ធមួយដែលគិតគូរ និងយកមនុស្សជាស្នូល។ ព្រមទាំងពង្រីកដំណោះស្រាយរួមដែលមានភាពច្នៃប្រឌិត និងនវានុវត្តន៍ខ្ពស់ ដើម្បីជួយឱ្យ ប្រទេសកម្ពុជាអាចព្យាករ និងឆ្លើយតបបានកាន់តែល្អប្រសើរជាងមុនចំពោះហានិភ័យ អាកាសធាតុ និងគ្រោះមហន្តរាយ»។  តំណាងក្រសួងធនធានទឹក និងឧតុនិយម លោក អឿង ចន្ថា លើកឡើងថា ការពង្រឹងសេវាឧតុនិយម និងជលសាស្ត្រ (hydromet) គឺជាគន្លឹះស្នូលក្នុងការកសាងប្រព័ន្ធ ប្រកាសឱ្យដឹងមុនដែលមានប្រសិទ្ធភាពនៅកម្ពុជា។ ក្រសួងធនធានទឹក និងឧតុនិយម បានប្តេជ្ញាពង្រឹងការប្រមូល វិភាគ និងផ្សព្វផ្សាយព័ត៌មានអាកាសធាតុដើម្បីគាំទ្រការព្យាករ ឱ្យទាន់ពេលវេលា និងមានភាពត្រឹមត្រូវ។  លោកមានប្រសាសន៍៖ «តាមរយៈគម្រោង ការពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា នឹងជួយឱ្យមានការត្រៀមខ្លួន បានល្អប្រសើរជាងមុន កាត់បន្ថយហានិភ័យ និងគាំទ្រនូវការអភិវឌ្ឍរបស់ប្រទេសកម្ពុជាដែលមានភាពធន់នឹងអាកាសធាតុ»។ របាយការណ៍សន្ទស្សន៍ហានិភ័យ អាកាសធាតុសកល (Global Climate Risk Index) ឆ្នាំ២០២០ ឱ្យដឹងថា កម្ពុជាជាប់ចំណាត់ថ្នាក់ទី១២ ក្នុងចំណោមប្រទេសងាយរងហានិភ័យអាកាសធាតុនៅក្នុងពិភពលោក។ ការប្រែប្រួលអាកាសធាតុនេះ កំពុងបង្កើនហានិភ័យដល់ជីវិត និងការប្រកបរបររស់នៅប្រចាំថ្ងៃ របស់ពលរដ្ឋកម្ពុជាប្រហែល ១៧លាននាក់។ របាយការណ៍ប៉ាន់ប្រមាណថា ការប្រែប្រួលអាកាសធាតុ នឹងបង្កផលប៉ះពាល់ និងនាំឱ្យមានការធ្លាក់ចុះ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជារហូតដល់ ១០ភាគរយ ក្នុងឆ្នាំ២០៥០ខាងមុខ ប្រសិនបើ គ្មានវិធានការពង្រឹងភាពធន់ និងការសម្របខ្លួនឱ្យបានប្រសើរនោះទេ។ ជាមួយគ្នានេះ ហានិភ័យអាកាសធាតុទាំងនេះ នឹងបន្ថែមភាពធ្ងន់ធ្ងរទៀត ដល់ផ្នែកសង្គម និងសេដ្ឋកិច្ច ប្រសិនបើកង្វះខាតប្រព័ន្ធប្រកាសឱ្យដឹងមុន និងការត្រៀមខ្លួនទុកជាមុន។ សម្ពាធទាំងនេះ នឹងដាក់បន្ទុកធ្ងន់ទៅដល់សហគមន៍ជនបទ…

      ៦ មិថុនា ២០២៦

    • អន្តរក្រសួងណែនាំភាគីពាក់ព័ន្ធប្រតិបត្តិពិធីភ្ជាប់ពាក្យនិងអាពាហ៍ពិពាហ៍ឱ្យបានត្រឹមត្រូវ

      ក្រសួងវប្បធម៌ និងក្រសួងធម្មការ ណែនាំឱ្យភាគីពាក់ព័ន្ធគោរពប្រតិបត្តិកិច្ចពិធីក្នុងពិធីភ្ជាប់ពាក្យ និងរៀបអាពាហ៍ពិពាហ៍ឱ្យបានត្រឹមត្រូវតាមគន្លងប្រពៃណីខ្មែរពីបុរាណកាលមក។  ការណែនាំនេះ ធ្វើឡើងបន្ទាប់ពីក្រសួងទាំងពីរសង្កេតឃើញមានប្រជាជនមួយចំនួនបានបញ្ចូលកិច្ចសំពះផ្ទឹមចងដៃទៅក្នុងពិធីភ្ជាប់ពាក្យ និងមានខ្លះទៀតបានពាក់ឯកសណ្ឋានសម្គាល់មន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាលនៅក្នុងកិច្ចពិធីមួយចំនួននៃមង្គលការ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងបានរំលឹកថា កិច្ចសំពះផ្ទឹមចងដៃត្រូវបានរៀបចំតែក្នុងថ្ងៃពិធីមង្គលការតែប៉ុណ្ណោះ រីឯឯកសណ្ឋានសម្គាល់មន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាល ក៏មិនមែនជាសម្លៀកបំពាក់ដែលត្រូវបានប្រើប្រាស់ក្នុងពិធីមង្គលការនោះដែរ។ ក្រសួងពន្យល់ថា ទម្រង់ដើមនៃអាពាហ៍ពិពាហ៍ ឬមង្គលការ គឺជាពិធីបង្កប់ទៅដោយទស្សនវិជ្ជាអប់រំ សីលធម៌ និងគុណតម្លៃវប្បធម៌ដ៏ឧត្តុង្គឧត្តម ជាពិសេសការផ្តល់តម្លៃដល់ស្ត្រីជាធំ។ ទម្រង់នៃកិច្ចនីមួយៗត្រូវបានដូនតាខ្មែររៀបចំឡើងយ៉ាងត្រឹមត្រូវ និងមានលំដាប់លំដោយច្បាស់លាស់ ដោយបែងចែកដាច់ពីគ្នារវាង «ពិធីភ្ជាប់ពាក្យ» និង «ពិធីមង្គលការ»។ តាមការបញ្ជាក់របស់ក្រសួង អត្ថន័យពិធីភ្ជាប់ពាក្យ (ឬស្តីដណ្តឹង) គឺជាដំណាក់កាលដំបូងនៃការព្រមព្រៀងគ្នារវាងចាស់ទុំទាំងសងខាង ដោយទុកដាក់កូនចៅភ្ជាប់សាច់ភ្ជាប់ឈាមឱ្យបានជាគូស្រករនឹងគ្នាក្នុងពេលខាងមុខ។ ក្រៅពីនេះ នៅក្នុងកិច្ចពិធីភ្ជាប់ពាក្យ ទំនៀមទម្លាប់បុរាណខ្មែរមានតែកិច្ចចែចូវស្តីដណ្តឹង ជូនវត្ថុបញ្ចាំចិត្ត (បំពាក់ចិញ្ចៀន) និងពិសាស្លាបញ្ជាប់ពាក្យ (ពិសាស្លាភ្ជាប់ពាក្យ) ប៉ុណ្ណោះ។ រីឯសាមីខ្លួនប្រុសស្រី នៅមិនទាន់ក្លាយជាប្តីប្រពន្ធពេញលក្ខណៈតាមច្បាប់ និងប្រពៃណីនៅឡើយទេ។ ដោយឡែក ខ្លឹមសារកិច្ចសំពះផ្ទឹម និងចងដៃ គឺជាការសែនព្រេនដល់ជីដូនជីតាមេបាទាំងសងខាង ផ្សំផ្គុំសាមីខ្លួន ប្រុសស្រីជាប្តីប្រពន្ធ ដែលមានញាតិមិត្តទាំងសងខាងបាចផ្កាស្លាឱ្យពរជ័យទទួលស្គាល់ជាប្តីប្រពន្ធស្របតាមប្រពៃណីតរៀងទៅ។ ក្រសួងណែនាំដែរថា ការប្រើប្រាស់ឯកសណ្ឋានសម្គាល់មន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាល ក៏ជាសកម្មភាពគួរចៀសវាង ពីព្រោះជាឯកសណ្ឋានសម្រាប់ប្រើប្រាស់ក្នុងពិធីផ្លូវការ និងការបំពេញការងារ ដែលត្រូវបានកំណត់នៅក្នុងព្រះរាជក្រឹត្យស្តីពីសញ្ញាស័ក្តិ និងឯកសណ្ឋាននៃសមាជិករាជរដ្ឋាភិបាល និងអនុរដ្ឋលេខាធិការ ព្រមទាំងព្រះរាជក្រឹត្យស្តីពីរូបសញ្ញារដ្ឋបាល សញ្ញាស័ក្តិ និងឯកសណ្ឋានមន្ត្រីនៃក្របខ័ណ្ឌ មន្ត្រីគ្រប់គ្រងរដ្ឋបាល និងក្របខ័ណ្ឌមន្ត្រីក្រមការ រួមទាំងសេចក្តីណែនាំនានាពាក់ព័ន្ធនឹងការប្រើប្រាស់ឯកសណ្ឋាននេះ។ ក្រសួងវប្បធម៌ និងក្រសួងធម្មការ អំពាវនាវដល់អ្នកសម្អាងការ អាចារ្យ អ្នកភ្លេង អ្នកសិល្បៈ និងអ្នកប្រកបអាជីពពាក់ព័ន្ធនឹងពិធីមង្គលការទាំងអស់ ចូលរួមគោរពប្រតិបត្តិនូវកិច្ចពិធីអាពាហ៍ពិពាហ៍ទៅតាមក្បួនច្បាប់ឱ្យបានត្រឹមត្រូវ និងពិនិត្យលើការប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីឱ្យត្រូវទៅតាមប្រភេទពិធីផងដែរ។  លើសពីនេះ ក្រសួងទាំងពីរក៏បានផ្ដាំដល់ក្រុមហ៊ុនផ្តល់សេវាកម្ម អ្នកពាក់ព័ន្ធ និងសាធារណ ជនដែលត្រូវរៀបចំអាពាហ៍ពិពាហ៍កូនចៅ ជាពិសេសយុវជនជំនាន់ក្រោយត្រូវសិក្សាឈ្វេងយល់ពីទំនៀមទម្លាប់ប្រពៃណី និងចូលរួមសហការ គោរព និងថែរក្សាតម្លៃវប្បធម៌ដ៏ផូរផង់របស់ជាតិឱ្យបានគង់វង្ស និងរុងរឿងជានិច្ចនិរន្តរ៍៕

      ២ មិថុនា ២០២៦

    • កម្ពុជាបានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហ-ប្រជាជាតិ

      កម្ពុជាបានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គការសហ-ប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជា-ជាតិស្តីពីនីតិសមុទ្រ (UNCLOS) នៅថ្ងៃអង្គារទី ២ ខែមិថុនា ឆ្នាំ២០២៦ នេះ។នេះបើតាមវីដេអូដែលលោកហ៊ុន ម៉ាណែតថ្លែងជាសាធារណៈនៅថ្ងៃនេះ! សូមលោកអ្នករង់ចាំតាមដានព័ត៌មានពិស្តារពីប្រជាកាសែត ជុំវិញបញ្ហានេះនៅពេលបន្ទាប់!

      ២ មិថុនា ២០២៦

    • ក្រសួងមហាផ្ទៃច្រានចោលព័ត៌មានថាចោទថាអាជ្ញាធរកម្ពុជាគ្រោងបណ្ដេញជនជាតិអាហ្វ្រិកចេញពីប្រទេស

      ក្រសួងមហាផ្ទៃច្រានចោលព័ត៌មានដែលថាកម្ពុជាសម្រេចឱ្យជនជាតិអាហ្វ្រិកចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ និងបានចាត់ទុកការផ្សព្វផ្សាយទាំងនេះ ជាចេតនាមួលបង្កាច់ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា។ សេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ឱ្យដឹងថា កាលពីពេលថ្មីៗនេះ សារព័ត៌មានរបស់សាធារណរដ្ឋហ្គាណាឈ្មោះ Campaigner Online និង News Ghana បានចុះផ្សាយ ជាភាសាអង់គ្លេសថា «Cambodia Orders Africans with Expired Immigration Waivers to Leave by May 31, 2026» និងភ្ជាប់ជាមួយនឹងសេចក្តីជូនដំណឹងក្លែងក្លាយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា។ ជាមួយគ្នានេះដែរ សារព័ត៌មាន Dawan Africa បានសរសេរចេញពីសេចក្ដីជូនដំណឹងក្លែងក្លាយនោះថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានព្រមានលើជនជាតិអាហ្វ្រិកដែលរស់នៅក្នុងប្រទេសកម្ពុជាលើសពីពេលវេលាកំណត់នឹងត្រូវប្រឈមមុខនឹងវិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹង នៅពេលដែលអាជ្ញាធរចុះបង្រ្កាបជនអន្តោប្រវេសន៍។សារព័ត៌មានដដែលនេះផ្សាយបន្តថា៖« រដ្ឋាភិបាលកម្ពុជានិយាយថា អ្នកដែលត្រូវបានចាប់ខ្លួនអាចជាប់ពន្ធនាគារពីរឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន ៨ពាន់ដុល្លារអាមេរិក មុននឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេសកម្ពុជា»។ក្រសួងមហាផ្ទៃបញ្ជាក់ថា កម្ពុជាគ្មានគោលការណ៍សម្រេចឱ្យជនជាតិអាហ្វ្រិកចាកចេញដូចការចោទប្រកាន់ និងការផ្សព្វផ្សាយក្លែងក្លាយទាំងនោះឡើយ ពោលគឺកម្ពុជាតែងតែទទួល និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះគ្រប់សមាសភាពនៃជនបរទេសដែលបំពេញលក្ខខណ្ឌត្រឹមត្រូវទាំងអស់រួមមាន ធុរជន វិនិយោគិន ភ្ញៀវទេសចរ និងពលករបរទេសគ្រប់រូប ដែលចូលមក និងស្នាក់នៅកម្ពុជា ដោយមិនមានការរើសអើងអ្វីទាំងអស់៕

      ១ មិថុនា ២០២៦

    • ក្រសួងមហាផ្ទៃ និងសេដ្ឋកិច្ចតម្រូវឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បើកចំហតារាងតម្លៃសេវាសាធារណៈ

      ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តម្រូវឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំផ្សព្វផ្សាយបញ្ជីឈ្មោះលម្អិតអំពីប្រភេទសេវាសាធារណៈ ដោយបញ្ជាក់អំពីតម្លៃជាក់លាក់ រយៈពេលផ្តល់សេវា និងសុពលភាពឱ្យបានច្បាស់លាស់ទៅតាមប្រភេទសេវារដ្ឋបាលនីមួយៗ ដោយចាប់អនុវត្តចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នេះតទៅ។ នេះបើតាមប្រកាសអន្តរក្រសួងខាងលើ ស្តីពីការកំណត់ថ្លៃសេវារដ្ឋបាលក្រុង ស្រុក ខណ្ឌ ចេញផ្សាយនៅទី ២៦ ខែឧសភា ឆ្នាំ២០២៦។ ប្រកាសអន្តរក្រសួងដដែល បានដាក់ចេញនូវប្រការចំនួន ៧ បន្ថែមទៀត ដោយផ្តល់ការសម្រេចចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិទៅតាមភាពជាក់ស្តែងនៃតំបន់របស់ខ្លួន។ ក្នុងនោះ ក្រុមប្រឹក្សានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចដាក់ចេញនូវដីកា ដើម្បីកំណត់តម្លៃសេវារដ្ឋបាលជាក់ស្តែងសម្រាប់អនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ចំពោះទម្រង់ បែបបទ នីតិវិធី និងលក្ខខណ្ឌនៃការផ្តល់សេវារដ្ឋបាលនីមួយៗ គឺត្រូវអនុវត្តទៅតាមការកំណត់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្នុងករណីដែលរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចង់កែប្រែតម្លៃសេវាឱ្យលើសពីតម្លៃអតិបរមាដែលបានកំណត់ ឬចង់ស្នើសុំបង្កើតប្រភេទសេវាថ្មី សាមីខ្លួនត្រូវដាក់សំណើមកក្រសួងមហាផ្ទៃ ដើម្បីពិគ្រោះយោបល់ និងពិនិត្យសម្រេចជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ ក្រសួងក៏បានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំប្រមូល និងចងក្រងដីកាស្តីពីការកំណត់តម្លៃសេវាជាក់ស្តែងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដាក់ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរសាមីរាជធានី-ខេត្ត ចំនួន ១ច្បាប់ ក្រសួងមហាផ្ទៃ ចំនួន ១ច្បាប់ និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចំនួន ១ច្បាប់ ដើម្បីតាមដានការអនុវត្ត។ជាមួយគ្នានេះដែរ ប្រកាសថ្មីនេះបានសម្រេចលុបចោលរាល់បទប្បញ្ញត្តិចាស់ៗនៃប្រកាសអន្តរក្រសួងឆ្នាំ២០១៦ ក៏ដូចជាលិខិតបទដ្ឋានទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងប្រកាសថ្មីនេះ។ ទោះជាយ៉ាងណា ការលុបចោលនេះត្រូវបានលើកលែងចំពោះ «សេវាអត្រានុកូលដ្ឋាន ដែលមានដូចជា សំបុត្រកំណើត អាពាហ៍ពិពាហ៍ និងសំបុត្រមរណភាពជាដើម។ ពោល គឺត្រូវបន្តអនុវត្តតាមនីតិវិធីចាស់ដដែល។ តាមរយៈប្រកាសអន្តរក្រសួងខាងលើនេះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច ព្រមទាំងក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក ខណ្ឌទាំងអស់ ត្រូវទទួលបន្ទុកអនុវត្តតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នា២០២៦ នេះតទៅ៕

      ២៦ ឧសភា ២០២៦

    • ក្រសួងសុខាភិបាលឱ្យពលរដ្ឋប្រុងប្រយ័ត្នពីការឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី NB.1.8.1

      ក្រសួងសុខាភិបាលណែនាំវិធីការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភទេ NB.1.8.1 បន្ទាប់ពីរកឃើញមានការឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសមួយចំនួនលើពិភពលោក ជាពិសេសនៅអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងលិច។  សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ឱ្យដឹងថា ប្រទេសមួយចំនួនលើពិភពលោក ដែលកំពុងមានការឆ្លងរាលដាលនៃវីរុសនេះមានដូចជា សាធារណរដ្ឋប្រជាមានិតចិន សិង្ហបុរី និងទីក្រុងហុងកុង។  ក្រសួងបញ្ជាក់ថា បច្ចុប្បន្ននេះមិនទាន់មានភស្តុតាងវិទ្យាសាស្ត្រណាមួយបញ្ជាក់ថា វីរុសប្រភេទ NB.1.8.1 អាចបង្កឱ្យមានស្ថានភាពជំងឺធ្ងន់ធ្ងរ ការសម្រាកពេទ្យកើនឡើង ឬអត្រាស្លាប់ខ្ពស់ជាងវីរុសអូមីក្រុង ដែលបានឆ្លងរាលដាលពីមុននោះទេ។  ក្រសួងបន្តថា ប្រទេសកម្ពុជា កន្លងមកធ្លាប់បានរកឃើញ វីរុស NB.1.8.1 នៅចន្លោះខែឧសភា ដល់ខែធ្នូ ឆ្នាំ២០២៥។ ដោយឡែក ចាប់តាំងពីដើមឆ្នាំ២០២៦ ប្រព័ន្ធតាមដានជំងឺឆ្លងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល ក៏បានរកឃើញករណីវិជ្ជមាន ១ករណី នៃវីរុសបំប្លែងថ្មីនេះ​ កាលពីថ្ងៃទី១៨ ខែឧសភា នៅក្នុងចំណោមអ្នកជំងឺដែលមកទទួលសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យផងដែរ។  ក្រសួងសុខាភិបាល រំលឹកដល់ប្រជាពលរដ្ឋទាំងអស់ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការបង្ការការចម្លងគឺត្រូវពាក់ម៉ាស លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ហើយត្រូវខ្ទប់មាត់ និងច្រមុះពេលក្អក កណ្តាស់ ដោយប្រើផ្នត់កែងដៃ ម៉ាស ក្រម៉ា កន្សែង ឬក្រដាសអនាម័យ រួចខ្ចប់បោះចោលក្នុងធុងសម្រាមបិទជិត។ ក្រៅពីនេះ ក្រសួងក៏ណែនាំឱ្យអ្នកមានរោគសញ្ញាគ្រុនក្តៅ ក្អក ឈឺក្បាល ហៀរសំបោរ ឬពិបាកដកដង្ហើម ទៅពិគ្រោះយោបល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវទទួលវ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូសជម្រុញ នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរៀងៗខ្លួន ដើម្បីបង្ការការឆ្លងកូវីដ-១៩ គ្រប់ទម្រង់។ គួរបញ្ចាក់ថា វីរុសបំប្លែងថ្មី NB.1.8.1 គឺជាប្រភេទវីរុសដែលវិវត្តចេញពីវីរុសអូមីក្រុង (Omicron) សែស្រឡាយ JN.1។ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានចាត់ថ្នាក់វីរុសនេះជា «វីរុសបំប្លែងខ្លួនដែលស្ថិតក្រោមការតាមដាន» បន្ទាប់ពីសង្កេតឃើញការកើនឡើងយ៉ាងឆាប់រហ័សពីទិន្នន័យវិភាគលម្អិតហ្សែន (Virus Sequencing) នៅលើសកលលោក ជាពិសេសនៅអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងលិច។  គួររម្លឹកដែរថា ជំងឺកូវីដ-១៩ បានសម្លាប់ពលរដ្ឋកម្ពុជាសរុបចំនួន​៣០១៥​នាក់៕

      ២៥ ឧសភា ២០២៦

ប្រជាកាសែត | PK News

ទំនាក់ទំនង

អាសយដ្ឋាន៖ អគារភ្នំពេញវីឡា (បន្ទប់៣០១) ដីឡូលេខ២៦ ផ្លូវលេខ៣៨៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ទូរសព្ទ៖ (+៨៥៥) ៧៨ ២២២ ៥៨៨
អ៊ីមែល៖ info@cmpokh.org

តាមដាន

  • Follow us on Facebook
  • Follow us on YouTube
  • ព័ត៌មានជាតិ
  • សង្គម
    • បរិស្ថាន
    • សិទ្ធិការងារ
    • ដីធ្លី
  • នយោបាយ
    • បោះឆ្នោតនិងគណបក្សនយោបាយ
    • ទំនាក់ទំនងអន្តរជាតិ
  • អន្តរជាតិ
  • អភិបាលកិច្ច
    • អំពើពុករលួយ
    • អភិបាលកិច្ចថ្នាក់ក្រោមជាតិ
  • ជីវិតប្រចាំថ្ងៃ
  • អប់រំ
    • សុខភាព
  • វីដេអូ

Copyright 2026 © ប្រជាកាសែត | PK News