សាលាដំបូងភ្នំពេញដាក់ទោសសកម្មជនសង្គម ធូ វ៉ាឃីម ឱ្យជាប់ពន្ធនាគារ២ឆ្នាំ

សិទ្ធិមនុស្ស

លោក ធូ វ៉ាឃីម ក្នុងពេលរំលឹកខួបថ្ងៃដែលលោកកែមឡីត្រូវឃាតករបាញ់សម្លាប់។ (រូបថតលីកាដូ)។

សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្ដន្ទាទោសសកម្មជនសង្គម លោក ធូ វ៉ាឃីម ដាក់ពន្ធនាគារ ក្រោមបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ ការសម្រេចនេះធ្វើឡើងក្រោយពីសាលាដំបូងរាជធានីភ្នំពេញបើកសវការអង្គសេចក្ដីកាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភ ឆ្នាំ២០២៦។

សហមេធាវីការពារក្ដីឱ្យលោក ធូ វ៉ាឃីម គឺលោក អែម ចន្ថា ប្រាប់ប្រជាកាសែតថា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្ដន្ទាទោសសកម្មជនសង្គម លោក ធូ វ៉ាឃីម ដាក់ពន្ធនាគារ ២ឆ្នាំ ពិន័យជាប្រាក់៤លានរៀល ព្រមទាំងរឹបអូសវត្ថុចាប់យករួមមានទូរស័ព្ទ និងកុំព្យូទ័រ។

លោកថា៖ «អ្វីដែលជាការ comment របស់គាត់ហ្នឹងគ្រាន់តែជាចម្ងល់ ជាការបញ្ចេញមតិចូលរួមមួយចំនួនទេ។ គាត់មិនបានទៅនិយាយអ្វីដែលគេហៅថាដូចបទចោទថា ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ អីនោះទេ។ គាត់មិនបានទៅនិយាយសំដៅទៅក្រុមទី៣ណាធ្វើការអីបន្តពីគាត់[…]ខ្ញុំយល់ថា ការសម្រេចផ្ដន្ទាទោសកូនក្ដីយើងខ្ញុំដោយមិនបានច្រានចោលនូវបទចោទនេះ វាជារឿងអយុត្តិធម៌ចំពោះកូនក្ដីខ្ញុំបាទ»។

លោក អែម ចន្ថា បញ្ជាក់ថាលោក ធូ វ៉ាឃីម បានប្រគល់សិទ្ធិដល់លោកក្នុងការប្ដឹងឧទ្ធរណ៍ចំពោះរឿងក្ដីនេះ ហើយលោកនឹងត្រៀមប្ដឹងឧទ្ធរណ៍សប្ដាហ៍ក្រោយ។

ជាមួយគ្នានេះ លោកមេធាវី អែម ចន្ថា ស្នើតុលាការគ្រប់លំដាប់ថ្នាក់គិតគូរឱ្យបានច្បាស់លាស់មុនចោទប្រកាន់ពលរដ្ឋដែលបញ្ចេញមតិតាមបណ្ដាញសង្គម ព្រោះការបញ្ចេញមតិជាសិទ្ធិដែលចែងក្នុងរដ្ឋធម្មនុញ្ញ។

លោកថា៖ «ខ្ញុំស្នើសុំតុលាការគ្រប់ជាន់ថ្នាក់ មុននឹងធ្វើការចោទប្រកាន់ ជាពិសេសសមត្ថកិច្ចមុននឹងធ្វើការចាប់ពលរដ្ឋនាមួយដែលទាក់ទងនឹងការបញ្ចេញមតិហ្នឹង សូមពិចារណាឱ្យបានដិតដល់»។

បងប្រុសលោក ធូ វ៉ាឃីម គឺលោក ធូ អ៊ុង ខកចិត្តចំពោះការសម្រេចរបស់តុលាការដែលកាន់ទោសប្អូនប្រុសគាត់ដាក់ពន្ធនាគារ និងពិន័យជាប្រាក់។

លោកថា៖ «មានអារម្មណ៍ថាមិនសប្បាយទេ តុលាការគេមកដាក់ទោសអ៊ីចឹងវាមិនសមហេតុ ផល ដូចថាគាត់គ្មានទោសអីហ្នឹង ហើយមកដាក់ទោសដល់២ឆ្នាំ ហើយមកផាកវិន័យ៤ លាន រៀលទៀត»។

លោក ធូ អ៊ុង ស្នើតុលាការបន្ធូរបន្ថយទោសប្អូនប្រុសគាត់ ឬដោះលែងឱ្យនៅក្រៅឃុំដើម្បីអាចបន្តការសិក្សា។

លោកបន្ថែមថា៖ «ខ្ញុំសំណូមពរឱ្យខាងតុលាការជួយបន្ធូរបន្ថយឱ្យ ឬមួយអាចជួយដោះលេងមកក្រៅឃុំឱ្យគ្នាបន្តការសិក្សាបន្តទៀត ។សិក្សាគ្នានៅមិនទាន់ចប់ហើយឯគ្រួសារវិញក៏រាងពិបាក ហើយតុលាការផ្ដន្ទាទោសជាប្រាក់ឱ្យគ្នា៤លានរៀនទៀតកាន់តែទៅទៀត និយាយអីលេងចេញហើយឥលូវ ម្តាយខ្ញុំក៏ពិបាកចិត្តទៀត»។

ជុំវិញករណីនេះ មន្ត្រីគោលនយោបាយ និងតស៊ូមតិ នៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ(PED) ដែលចូលស្ដាប់ការប្រកាសសាលក្រមនៅសាលាដំបូងភ្នំពេញ យល់ថាការសម្រេចរបស់តុលាការដែលកាត់ទោសលោក ធូ វ៉ាឃីម ដាក់ពន្ធនាគារ និងដាក់ពិន័យប្រាក់ គឺជារឿងមិនយុត្តិធម៌មួយនៅក្នុងសង្គមខ្មែរ ព្រោះលោកគ្រាន់តែជាយុវជនម្នាក់ដែលមានការខ្វល់ខ្វាយពីបញ្ហាសង្គម និងបានចែករំលែក ឬបញ្ចេញមតិយោបល់អំពីបញ្ហាសង្គមតាមបណ្តាញសង្គមប៉ុណ្ណោះ។

កញ្ញាថា៖ «បើតទៅមុខទៀតនៅតែបន្តគាបសង្កត់រឹតត្បិតការបញ្ចេញមតិសេរីភាពក្នុងការសម្តែងមតិរបស់ពលរដ្ឋខ្មែរ ខ្ញុំគិតថាវាជាហានិភ័យមួយខ្លាំងមែនទែន ពីព្រោះអីឥឡូវនេះយើងដឹងស្រាប់ហើយថាយើងកំពុងតែទទួលរងការគំរាមកំហែងក៏ដូចជារំលោភបំពានលើទឹកដីបូរណភាពទឹកដីយើងផងដែរ។ អ៊ីចឹងប្រសិនបើយើងអត់អាចនិយាយការពិតបាននោះព័ត៌មានផ្សេងៗវាហ្នឹងអត់អាចលាតត្រដាងទៅកាន់ពិភពលោកក៏ដូចជាអន្តរជាតិទេហើយវានឹងធ្វើឱ្យអ្នកដែលហ៊ានចេញពិតនិងនឹងលែងហ៊ាននិយាយការពិតហើយឱ្យយើងហ្នឹងត្រូវរងភាពអយុត្តិធម៌ដោយស្ងៀមស្ងាត់»។

ចំណែកឯនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សង្កេតឃើញថា ទាំងទោសជាប់ពន្ធនាគារ និងចំនួនប្រាក់ពិន័យដែលតុលាការបានសម្រេចកាត់ទោស លោក ធូ វ៉ាឃីម នេះសុទ្ធតែស្ថិតក្នុងកម្រិតទោសអតិបរមា។ 

លោកថា៖ «យើងមើលទៅលើការផ្ដន្ទាទោសនេះវាហាក់បីដូចជាការមួយដែលគំរាមកំហែងទៅដល់សកម្មភាពរបស់យុវជនដទៃទៀតក្នុងការចូលរួមក្នុងកិច្ចការពារសង្គម ក្នុងកិច្ចការសិទ្ធិមនុស្ស បរិស្ថាន ធនធានធម្មជាតិ ជាពិសេសគឺអ្នកដែលឈឺឆ្អើលនៅក្នុងសង្គម ហើយនិងការបញ្ចេញមតិក្នុងការរិះគន់ទៅលើបញ្ហាផ្សេងៗដែលធានាដោយរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិស្ដីពីសិទ្ធិមនុស្ស»។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ប្រាប់ថាលោកមិនទាន់ទទួលបានព័ត៌មានករណីលោក ធូ វ៉ាឃីម ឡើយ។

លោកថា៖ «ទាល់តែខ្ញុំឆែកសិន ទាល់តែខ្ញុំមើលសិន»។

កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ សមត្ថកិច្ចបានចាប់ខ្លួនលោក ធូ វ៉ាឃីម ដែលជាសកម្មជនសង្គម និងជាអតីតព្រះសង្ឃ បន្ទាប់ពីលោកបានបញ្ចេញមតិរិះគន់ពីបញ្ហាសង្គម។ សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក វ៉ាឃីម ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ខេត្តពោធិ៍សាត់។ កាលពីថ្ងៃទី២៦ ខែកុម្ភ ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញក៏បានបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនសង្គមរូបនេះ៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1869}" data-page="1" data-max-pages="1" data-start="1" data-end="1">