តុលាការកំពូលនឹងប្រកាសសាលដីកាបណ្ដឹងសាទុក្ខលោក កើត សារ៉ាយ នៅដើមខែកក្កដា

សិទ្ធិមនុស្ស

ប្រធានសមាគមសម្ពន្ធនិសិ្សតបញ្ញវន្តខ្មែរ(KSILA)លោក កើត សារ៉ាយ។ (រូបថតផ្សាយនៅបណ្ដាញសង្គម)

តុលាការកំពូលនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ បានបើកសវនាការជំនុំជម្រះបណ្ដឹងសាទុក្ខរបស់ប្រធានសមាគមសម្ពន្ធនិសិ្សតបញ្ញវន្តខ្មែរ(KSILA)លោក កើត សារ៉ាយ ជំទាស់នឹងការសម្រេចរបស់តុលាការជាន់ទាបដែលបានកាត់ទោសរូបលោកដាក់ពន្ធនាគារ៤ឆ្នាំពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងការមិន​រាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម»។

នៅក្នុងសវនាការជំនុំជម្រះរឿងលោក កើត សារ៉ាយ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ សហ​​មេធាវីការពារក្ដីរបស់លោក គឺលោក អែម ចន្ថា និងលោក លី សុចិត្រា បានលើកឡើងទាំងអង្គហេតុ​ និងអង្គច្បាប់ជាច្រើនចំណុច ជំទាស់នឹងសេចក្ដីសំអាងហេតុ​របស់​សាលដីកាសាលាឧទ្ធរណ៍​ភ្នំពេញដែលបានកាត់ទោសកូនក្ដីពួកគេ។

មេធាវីទាំងពីររូបថា កូនក្ដីមិនបានប្រព្រឹត្តអំពើញុះញង់​នោះទេ ដោយសកម្មភាពរបស់លោក សារ៉ាយ កន្លងមកធ្វើឡើងក្នុងគោលបំណងជួយពលរដ្ឋ​រងគ្រោះ និងនាំដំណឹងទាំងនោះដល់អាជ្ញាធរ និងរដ្ឋាភិបាលដើម្បីឱ្យដោះស្រាយ។ បន្ថែមពីនេះ សហមេធាវីបញ្ជាក់ថា លោក កើត សារ៉ាយ ក្នុងនាមប្រធានសមាគម ដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃ បានធ្វើសកម្មភាពស្របតាមកម្មវត្ថុដែលបានស្នើសុំចុះបញ្ជីសមាគម។

លោកមេធាវី លី សុចិត្រា បានធ្វើសេចក្ដីសន្និដ្ឋានមុន បន្ទាប់មកបានលោកមេធាវី អែម ចន្ថា សន្និដ្ឋានតាមក្រោយ។ ក៏ប៉ុន្តែប្រធានក្រុម​ប្រឹក្សាជំនុំជម្រះ​បាន​ផ្អាក​លោកមេធាវី ចន្ថា ដោយថា​ការ​សន្និដ្ឋាន​របស់មេធាវីទាំង២រូបដូចគ្នា។ តែយ៉ាងណា បន្ទាប់ពីលោកមេធាវី អែម ចន្ថា តវ៉ាទើប​ប្រធាន​ក្រុម​ប្រឹក្សា​អនុញ្ញាតឱ្យលោកបន្តធ្វើសេចក្តីសន្និដ្ឋានដល់ចប់។ 
ក្នុងសេចក្ដី​សន្និដ្ឋាន មេធាវីទាំងពីររូបបានស្នើ​សុំតុលាការកំពូលឱ្យបដិសេធនូវ​សាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញ និងស្នើសុំឱ្យកូនក្ដី​រួច​ផុត​ពីបទចោទ ព្រមទាំងដោះលែងកូនក្តីឱ្យមានសេរីភាព។

សហមេធាវីការពារក្ដីឱ្យ លោក កើត សារ៉ាយ គឺលោក អែម ចន្ថា បានប្រាប់ថាអ្នកសារព័ត៌មាន​ក្រោយចេញពីសវនាការថា ​សវនាការព្រឹកនេះមានភាពតានតឹង ហើយលោក​សោក​ស្ដាយដែលតុលាការមិនចំណាយពេលជជែក​ដេញដោលស៊ីជម្រៅជាងនេះ។

លោកថា៖ «ការចំណាយពេលវេលា​មួយព្រឹក ឬ២ម៉ោង ៣ម៉ោង​ក្នុង​ការវែក​វែករក​យុត្តិធម៌ជូន​កូន​ក្ដី​មិនបាន​ទូលំ​ទូលាយនេះជា​ចំណុច​ខ្វះ​ខាត​មួយ​ ជាចំណុច​រឹត​បណ្ដឹង​ដែល​គាត់គិតថាដូចគ្នាហើយ[ការសន្និដ្ឋានរបស់មេធាវីទាំង២រូបដូចគ្នា]។ យ៉ាងណាក៏មេធាវីមានការយល់​ឃើញ​ និងអាចជជែកបន្ថែម​ផ្សេងៗគ្នា។ តែដោយសារ​មានការជជែក​ស្នើសុំ ទើបគាត់​អនុ​ញ្ញាត​ឱ្យខ្ញុំ​ធ្វើ​ការសន្និដ្ឋាន​រហូត​ដល់​បញ្ចប់»។

ចំពោះអង្គច្បាប់ដែលមេធាវីលើកមកតតាំងក្នុងសវនាការវិញ លោក អែម ចន្ថា ប្រាប់ថាមេធាវីបាន​លើកឡើងនូវមាត្រាជាច្រើនទាក់ទងនឹង​សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិផង ទាំងការច្រឡំអង្គហេតុជាដើម ហើយលោក​សង្ឃឹមថាតុលាការកំពូលនឹងពិចារណាករណីនេះ។

លោកបន្ថែម៖ «មាត្រាដែលយើងអាចធ្វើការប្ដឹងសាទុក្ខមកនេះ គឺមាត្រា ៤១៩ យើងឃើញថាវា​មាន​ការ​​ភ័ន្ត​ច្រឡំទៅលើអង្គហេតុ។ អ៊ីចឹងហើយក៏យើងត្រូវ​លើកពីមាត្រាគាំទ្រមួយចំនួនដូចមាត្រា ៣ មាត្រា៤ នៃក្រមព្រហ្មទណ្ឌ ​ហើយនិង ៣៨នៃរដ្ឋធម្មនុញ្ញ សិទ្ធិសេរីភាពនៃកតិកាសញ្ញាអន្តរជាតិ ការបញ្ចេញមតិ ហើយអ្វីដែលកូនក្ដីធ្វើគឺក្នុងនាមជាការផ្សាយអំពីសកម្មភាពរបស់គាត់»។

នៅក្នុងសវនាការនេះ លោក កើត សារ៉ាយ ក៏ត្រូវម​ន្រ្តីពន្ធនាគារព្រៃស (ម១) ដឹកមកឱ្យចូលរួមដោយផ្ទាល់ដែរ ប៉ុន្តែភាគច្រើនគឺលោកអង្គុយស្តាប់ការធ្វើសេចក្តីសន្និដ្ឋានរបស់មេធាវី ដោយមិនមានការសួរដេញដោលអ្វីឡើយ។​ 

អ្នកស្រី ចាប យ៉ែម ជាម្ដាយជរាវ័យ៨០ឆ្នាំប្លាយរបស់ លោក កើត សារ៉ាយ។ អ្នកស្រីប្រាប់ប្រជាកាសែតតាមទូរសព្ទពីស្រុកកំណើត​ថា គាត់នឹករលឹក​កូនប្រុសគាត់ណាស់ និងចង់ជួបមុខកូន។ ទន្ទឹមនឹងនេះ អ្នកស្រី យ៉ែម សង្ឃឹម​ថា​តុលាការ​កំពូល​នឹង​ដោះលែង​កូនគាត់នៅថ្ងៃប្រកាសសាលដីកាខាងមុខ ពីព្រោះអ្នកស្រីយល់​ថា លោក កើត សារ៉ាយ មិនបានធ្វើខុសដូចការចោទប្រកាន់ឡើយ។

អ្នកស្រីថា៖ «គួរតែដោះលែង​ដែរ ព្រោះកូនខ្ញុំអត់បានធ្វើអីខុសទេ[…]កូនខ្ញុំមិនបានទៅធ្វើ​ប្រព្រឹត្តឱ្យ​ខុស​ឆ្គងញុះញង់អ្នកស្រុក ឬញុះញង់​នរណាមួយទេ»។ 
ជុំវិញករណីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ស្នើឱ្យតុលាការទម្លាក់បទចោទលើលោក កើត សារ៉ាយ ដោយលោកយល់ថា សកម្មភាពរបស់លោក សារ៉ាយ មិនអាចចាត់ទុកថាជាបទញុះញង់ ឬបង្កភាពវឹកវរដល់សង្គមនោះទេ។

លោកលើកឡើងថា៖ «បើយើងពិនិត្យទៅលើសកម្មភាព ទៅលើការងាររបស់លោក កើត សារ៉ាយ វាមិនមែនជាបទល្មើសនៃការញុះញង់ឱ្យមានភាពវឹកវរ ឬក៏បទមិនរាងចាលទេ អ៊ីចឹងលោក កើត សារ៉ាយ គួរតែត្រូវបានដោះលែងឱ្យមានសេរីភាពវិញ»។

មុននឹងបិទសវនាការ ប្រធានក្រុម​ប្រឹក្សាជំនុំជម្រះលោក សេង នាង មានប្រសាសន៍ថា តុលាការកំពូលនឹងពិចារណា​ទៅលើករណីរបស់លោក កើត សារ៉ាយ ហើយនិងប្រកាសសាលដីកានៅវេលាម៉ោង៨ ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។

កាលពីដើមខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចបានចាប់ខ្លួនប្រធានសមាគមសម្ពន្ធនិសិ្សតបញ្ញវន្តខ្មែរ (KSILA) លោក កើត សារ៉ាយ នៅការិយាល័យរបស់លោកនៅរាជធានីភ្នំពេញ បន្ទាប់ពីលោកបានផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មានទាក់ទងនឹងបញ្ហាជម្លោះដីធ្លីមួយនៅឃុំស្រយង់ និងឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសលោកដាក់ពន្ធនាគារ រយៈពេល ៤ឆ្នាំ និងបង្គាប់ឱ្យសងសំណងចំនួន ២លានរៀល ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម ដោយសារមិន​រាងចាល តាមបញ្ញតិ្តមាត្រា ៨៨ មាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ដោយឡែក កាលពីឆ្នាំ២០២១ លោក កើត សារ៉ាយ ធ្លាប់ជាប់ពន្ធនាគារចំនួន ២០ខែ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ពាក់ព័ន្ធ​ករណីលោក​ទាម​ទារ​ឱ្យ​ដោះ​លែងអតីត​មេ​ដឹកនាំ​សហជីពលោក ​រ៉ុង ​ឈុន ​ខណៈដែលលោក ឈុន កំពុងជាប់ពន្ធនាគារ៕

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3057}" data-page="1" data-max-pages="1" data-start="1" data-end="1">