កម្ពុជាជាប់លេខ១ផ្នែកបរិស្ថានធម្មជាតិ ប៉ុន្តែការវាយតម្លៃលើបរិស្ថានជារួមជាប់​លេខ៩១​ក្នុង១០០ប្រទេស

បរិស្ថាន

(ទិដ្ឋភាពភ្នំ១៥០០វាលវែង ពោធិសាត់និងមន្ត្រីខេត្តពោធិសាត់ដាំដើមឈើតំបន់អន្ទង់អាំងវាលវែងខែឧសភា២០២៦។(រូបភាពក្រសួងបរិស្ថាន)។

ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកបរិស្ថានធម្មជាតិ ដែលជាចំណាត់ថ្នាក់មួយ ល្អបំផុតនៅទូទាំងពិភពលោក សម្រាប់ឆ្នាំ២០២៦។ ចំណាត់ថ្នាក់ផ្នែកបរិស្ថានធម្មជាតិល្អផុតគេនេះ ទទួលបានពិន្ទុ ៧៨.៨ ដោយផ្អែកលើភាពទាក់ទាញ នៃបរិស្ថានធម្មជាតិចម្រុះ គួរឱ្យចង់រស់នៅ និងទាក់ទាញទេសចរ ក៏ដូចជានិរន្តរភាព នៃដីធ្លី និងការការពារធនធានធម្មជាតិ។ នេះបើតាមរបាយការណ៍របស់ U.S. News & World Report ចេញផ្សាយលើគេហទំព័រខ្លួន នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។

របាយការណ៍ដដែល ឱ្យដឹងដែរថា ដ្បិតកម្ពុជាទទួលបានចំណាត់ថ្នាក់ផ្នែកបរិស្ថានធម្មជាតិលើគេក៏ពិតមែន ប៉ុន្តែសម្រាប់ការវាយតម្លៃរូបភាពជារួម កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៩១ ដោយមានពិន្ទុ ៣៩.៦។

របាយការណ៍ប្រចាំឆ្នាំ២០២៦ នេះ វាយតម្លៃលើប្រទេសចំនួន ១០០ ផ្អែកលើបណ្តុំសូចនាករយ៉ាងទូលំទូលាយ។ ក្នុងនោះរបាយណ៍និយាយលើផ្នែក(Category)សំខាន់ៗ ចំនួន៨ មានលំហនៃការចូលរួមរបស់ពលរដ្ឋ (Civic Health) ការអភិវឌ្ឍសេដ្ឋកិច្ច អភិបាលកិច្ច សុខភាព វប្បធម៌ និងទេសចរណ៍ ឱកាសការងារ បរិស្ថានធម្មជាតិ និងហេដ្ឋារចនាសម្ព័ន្ធ ដោយនៅក្នុងផ្នែកទាំងនេះ មានផ្នែកតូចៗ ចំនួន ២៤ទៀត។

សម្រាប់ចំណាត់ថ្នាក់លើផ្នែកទាំង ៨ របស់កម្ពុជា ក្នុងចំណោមប្រទេសទាំង១០០នោះ មានដូចជា ផ្នែកបរិស្ថានធម្មជាតិជាប់លេខ១ មានពិន្ទុ ៧៨.៨ ដែលជាចំណាត់ល្អផុតគេ។ ខណៈផ្នែកទាំង៧ទៀត គេសង្កេតឃើញនៅមានពិន្ទុទាប និងជាប់លេខកៀកៗបាតតារាង ដូចជាផ្នែកវប្បធម៌ និងទេសចរណ៍ជាប់លេខ ៦៣ មានពិន្ទុ ៣៩.៦ ឯឱកាសការងារជាប់លេខ ៧៦ មានពិន្ទុ ៣៨.៦ អភិបាលកិច្ចជាប់លេខ ៨៥ មានពិន្ទុ ៤២.៩ ផ្នែកសុខភាពជាប់លេខ ៨៨ មានពិន្ទុ ៣៨.៩ ហេដ្ឋារចនាសម្ព័ន្ធជាប់លេខ ៩១ មានពិន្ទុ ៤៦.៤ លំហពលរដ្ឋជាប់លេខ ៩៥ មានពិន្ទុ៣៧ និងផ្នែកការអភិវឌ្ឍសេដ្ឋកិច្ចជាប់លេខ ៩៧ មានពិន្ទុ ២៤.៦។ សរុបលទ្ធផលការវាយតម្លៃផ្នែកទាំងនេះ U.S. News & World Report ឱ្យចំណាត់ថ្នាក់ជារួមសម្រាប់កម្ពុជាកៀកបាតតារាងគឺ ៩១ ដោយមានពិន្ទុ ៣៩.៦ ក្នុងចំណោមប្រទេសចំនួន១០០។

ជុំវិញរបាយការណ៍ខាងលើនេះ ក្រសួងបរិស្ថាន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ក្រ​សួងថា របាយការណ៍បានវាយតម្លៃ លើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានថែរក្សាតុល្យភាពយ៉ាងល្អរវាងការអភិវឌ្ឍ និងការការពារបរិស្ថាន។ ក្នុងនោះមានការគ្រប់គ្រងបរិស្ថាន​បានល្អ ផ្តល់ខ្យល់អាកាសល្អ ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវចម្រុះ ប្រកបដោយនិរន្តភាព។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត មានប្រសាសន៍លើទំព័រហ្វេសប៊ុកក្រសួងថា៖ «ជាកិត្តិយសណាស់ ចំពោះភាពជោគជ័យនេះ របស់ប្រជាជន និងប្រទេសកម្ពុជា លើវិស័យបរិស្ថាន និងធនធានធម្មជាតិ នៅលើឆាកអន្តរជាតិ»។

លោកបន្តថា ការបានចំណាត់ថ្នាក់លេខ១នេះ ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋា​ភិបាលដើម្បីពង្រឹងគោលនយោបាយបរិស្ថាន ខណៈក្រសួងបរិស្ថាន បានធ្វើការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីវិស័យបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា ត្រូវបានធានាប្រកបដោយចីរភាព។

បើតាមក្រសួងបរិស្ថាន កម្ពុជាមានការគ្រប់គ្រងតំបន់ការពារធម្មជាតិ ៧៣តំបន់ និងមានផ្ទៃដីជាង ៧លានហិកតា ស្មើប្រមាណ ៤១% នៃផ្ទៃដីប្រទេសកម្ពុជា ដែលក្រសួងបញ្ជាក់ថា ក្នុងតំបន់ទាំងនោះ ព្រៃឈើ ត្រូវបានការពារ និងអភិរក្សដោយការពង្រឹងការអនុវត្តច្បាប់តឹងរ៉ឹង សម្រាប់ទីជម្រកសត្វព្រៃ និងជីវៈចម្រុះ។

យ៉ាងណាក៏ដោយ ទិន្នន័យ និងការគណនាពីអង្គការឃ្លាំមើលព្រៃឈើសកល (Global Forest Watch) បង្ហាញថា ពីចន្លោះឆ្នាំ២០០១ ដល់២០២៥ កម្ពុជាបាត់បង់គម្របព្រៃឈើចំនួន ៣លានហិតតា ដែលអាចប៉ុននឹងទំហំផ្ទៃក្រឡាប្រាសាទអង្គរវត្ត គុណនឹង១ម៉ឺន៥ពាន់ដង ហើយប្រហែល ៩៧ភាគរយ នៃការខាតបង់នេះ បណ្តាលមកពីការកាប់បំផ្លាញព្រៃឈើ។

នាយកប្រតិបត្តិ នៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED) លោក សាន់ ម៉ាឡា សាទរលើការទទួលបានចំណាត់ថ្នាក់មួយនេះរបស់កម្ពុជា យ៉ាងណាលោក ជំរុញឱ្យមានការឆ្លុះបញ្ចាំង និងពិនិត្យមើលរូបភាពជារួមលើផ្នែកផ្សេងទៀត ដើម្បីធ្វើឱ្យវិស័យបរិស្ថានកាន់តែល្អប្រសើរ ជាជាងការអបអរសាទរតែលើចំណុចវិជ្ជមានមួយជ្រុង។

លោក ម៉ាឡា រម្លឹកថា ការមានមោទនភាពចំពោះចំណុចល្អជារឿងមួយ យ៉ាងណាលោកស្នើថា មិនត្រូវសប្បាយចិត្តរហូតភ្លេចឆ្លុះបញ្ចាំង និងកែលម្អចំណុចខ្វះខាតរបស់ខ្លួនឯងនោះទេ។

លោក សាន់ ម៉ាឡា៖ «យើងត្រូវកែតម្រូវ យើងមិនគួរបណ្តោយឱ្យមានវប្បធម៌ ទទួលយក​តែមតិល្អៗ យើងផ្សព្វផ្សាយតែត្រង់ណាដែលគេសរសើរយើង ហើយយើងចាត់ទុកនូវរបាយការណ៍ និងទិន្នន័យដែលគេបង្ហាញពីចំណុចអវិជ្ជមានរបស់យើង ថាគេធ្វើឡើងដោយផ្អែកទៅលើទស្សនៈនយោបាយ ការប្រមូលទិន្នន័យខ្វះជ្រុងជ្រោយ ឬក៏ខ្វះវិជ្ជាជីវៈជាដើម»។

លោកបន្ថែម៖ «ពីព្រោះការបន្តរស់នៅក្នុងសភាពបែបហ្នឹង អាចនិយាយបានថា វាមិនអាច ធ្វើឱ្យយើងខ្លាំង រីកចម្រើន ជឿនលឿនទាន់ប្រទេសជិតខាងនោះទេ គួរងាកមកធ្វើស្វ័យពិចារណា និងហ៊ានទទួលស្គាល់ការពិតដើម្បីកែតម្រូវ ទើបប្រទេសជាតិអាចរីកចម្រើនទាន់ប្រទេសជិតខាងបាន»។

នាយកប្រតិបត្តិរូបនេះ ស្នើឱ្យរដ្ឋគួរតែធ្វើកំណែទម្រង់ បើកលំហសិទ្ធិសេរីភាព សម្រាប់អ្នកធ្វើការងារបរិស្ថាន និងសហគមន៍ជនជាតិដើមភាគតិច។ លោកបានសង្កត់ធ្ងន់ថា រដ្ឋមិនគួរចាត់ទុកក្រុមអ្នកការពារបរិស្ថានថាជាអ្នកប្រឆាំង ឬជាអ្នកបង្ខូចកេរ្តិ៍ឈ្មោះរដ្ឋាភិបាលនោះទេ ប៉ុន្តែគួរចាត់ទុកពួកគេជាដៃគូឯករាជ្យក្នុងការជួយតាមដាន ពិនិត្យមើល និងការពារធនធានធម្មជាតិ ព្រមទាំងចូលរួមទប់ស្កាត់អំពើពុករលួយ និងការគប់គិតគ្នាកេងប្រវ័ញ្ចបំផ្លាញធនធានធម្មជាតិនៅថ្នាក់មូលដ្ឋានផងដែរ៕

បរិស្ថាន","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2598}" data-page="1" data-max-pages="1" data-start="1" data-end="1">